
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1954 នាក់
ម្សិលមិញ 18232 នាក់
សរុប 21385951 នាក់
ភ្នំពេញ៖ក្រសួងមហាផ្ទៃបានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងនៅទូទាំងប្រទេសចំនួន ៣៧ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ២៧នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៤៩នាក់។
របាយការណ៍ដដែលបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ គឺមានការកើនឡើងចំនួន ១១ករណី ស្លាប់កើនឡើង ១៤នាក់ និងអ្នករងរបួសកើនឡើង១៦នាក់។
របាយការណ៍បានបង្ហាញឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ភាគច្រើនបានកើតឡើងនៅចន្លោះពេលយប់ ចំនួន ២០ករណី ខណៈមូលហេតុចម្បងរួមមាន ការបើកបរលើសល្បឿនកំណត់ ១៤ករណី, មិនគោរពសិទ្ធិ ៩ករណី, មិនប្រកាន់ស្ដាំ ៥ករណី, ប្រជែង ៤ករណី, ស្រវឹង ៣ករណី និងបត់មិនប្រយ័ត្ន ២ករណី។ គ្រោះថ្នាក់ទាំងនេះបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម និងខេត្តព្រៃវែង។
បើគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន ២២៣ករណី បណ្តាលឱ្យមនុស្សស្លាប់ ១៤៤នាក់ និងរងរបួស ៣១៤នាក់ ដោយក្នុងនោះ ១២៩ករណី កើតឡើងនៅពេលយប់។ នេះបើតាមរបាយការណ៍ដដែល។
ទោះបីយ៉ាងណាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារអរគុណដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងក្រុមការងារដែលពាក់ព័ន្ធ រួមទាំងក្រុមការងារស្ម័គ្រចិត្ត ដែលបានចំណាយពេលវេលារៀបចំកម្មវិធីកម្សាន្តនានា ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អ រក្សាអនាម័យ ព្រមទាំងចូលរួមសហការរៀបចំក្នុងការបង្កភាពសប្បាយរីករាយជូនដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវទេសចរបានចូលរួមលេងនៅតាមរមណីយដ្ឋាននានា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ៕