
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 19789 នាក់
ម្សិលមិញ 16074 នាក់
សរុប 21334090 នាក់
ថៃ៖ឆ្លើយឆ្លងជាមួយអ្នកកាសែតថៃ នៅថ្ងៃទី២៤ ខែ វិច្ឆិកា មុនទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំគណៈ កម្មាធិការផ្សះផ្សា UNCLOS លោក ស៊ីហាសាក់ភួងកេតកែវ ប្រុមុខការថៃបាន បោះសំដីយ៉ាងព្រហើនថា [លិខិតតវ៉ារបស់កម្ពុជា ដែលប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពយោធាថៃចូលជ្រៅក្នុងដីខ្មែរនៅតំបន់អានសេះ និង តំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ គ្មានអ្វីត្រូវខ្វល់ទេ កម្ពុជាតវ៉ាជំទាស់ វាជារឿងរបស់គេ!។
លោក ស៊ីហាសាក់អះអាងថា៖សកម្មភាពរបស់ទាហានថៃ គឺស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងការរក្សាព្រំដែនរបស់ថៃតែប៉ុណ្ណោះ។ ចុងក្រោយ ស៊ីហាសាក់ បោះសំដីយ៉ាងខែងរ៉ែងថា «រង់ចាំមើលថាតើកម្ពុជា នឹងអនុវត្តតាមវិធានការកសាងទំនុកចិត្តឬអត់»?
សូមបញ្ជាក់ថាក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់លេណដ្ឋានយោធារឹងមាំមួយបន្ថែមទៀត នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃទី២២ ខែវិច្ឆិកា ពួកគេក៏បានប្រើគ្រឿងចក្រឈូសឆាយសាងសង់ផ្លូវ និងបានដឹកជញ្ជូនសសរបេតុងទៅកាន់ទីតាំងស្ថិតនៅក្នុងតំបន់ខាងលើនេះ។
ជាងនេះទៀត នៅថ្ងៃទី ១៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍អាកាស ប្រាផាស សនចៃឌី នៃប្រទេសថៃ បានដឹកនាំគណៈប្រតិភូមន្រ្តីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អគារស៊ីវិលកម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការទស្សនកិច្ចចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនេះ ដែលបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា គឺជាការប៉ុនប៉ងមួយទៀត ដើម្បីបង្ហាញការទាមទារមិនស្របច្បាប់លើដែនដីអធិបតេយ្យកម្ពុជា ដែលបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងប្រឆាំងសកម្មភាពទាំងនេះ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន១/២០០០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។
សកម្មភាពខាងលើ ក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចI (វិធានការបន្ធូរភាពតានតឹង)នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរភាពតានតឹង បង្កើតទំនុកចិត្តគ្នាទៅវិញទៅមក រក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានបន្ថែមថា កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកកម្លាំងឡើយ៕