
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3532 នាក់
ម្សិលមិញ 12477 នាក់
សរុប 21123208 នាក់
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា បានលើកឡើងឱ្យដឹងថា ក្នុងពេលខាងមុខ ក្រសួងគ្រោងនឹងបង្កើតស្ទីកឃ័រកំណត់ប្រភពកសិផលកម្ពុជាក្នុងទម្រង់ជា ឃ្យូអរ កូដ (QR Code) ដើម្បីជួយការពារកុំឱ្យមានការក្លែងបន្លំប្រភពកសិផលកម្ពុជា ក៏ដូចជាបង្កើនទំនុកចិត្តរបស់អ្នកទិញ និងអ្នកទទួលទានផងដែរ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យចម្ការទុរេន និងជួបសំណេះសំណាលជាមួយប្រជាកសិករ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្មឲ្យដឹងថាលោក រីករាយដែលបានស្តាប់លឺផ្ទាល់ថា កសិករដាំទុរេននៅឃុំអូសោមទទួលបានប្រាក់ចំណេញច្រើន និងកំពុងបង្កើនការដាំដុះបន្ថែមដើម្បីត្រៀមផ្គត់ផ្គង់ទៅទីផ្សារប្រទេសចិននាពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបានការបើកទីផ្សារសម្រាប់ការនាំចេញទុរេនកម្ពុជាទៅប្រទេសចិន កាលពីខែមេសាកន្លងទៅ។
ករណីយ៍នេះមាន កសិករមួយរូប ដែលមានទុរេន៣០ហិកតា អះអាងថា អាចរកបានប្រាក់ចំណេញប្រមាណ ២៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ កសិករមួយរូបទៀតកំពុងសាងសង់ឃ្លាំងវេចខ្ចប់ទុរេនអូសោម ដើម្បីសាកល្បងនាំចេញទៅប្រទេសចិន នាពេលខាងមុខផងដែរ។លោកឌិតទីណា បានផ្តាំផ្ញើ និងលើកទឹកចិត្តបងប្អូនកសិករដាំទុរេនឱ្យអនុវត្តកម្មវិធីកសិកម្មល្អឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ទុរេនកម្ពុជា ហើយក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់ រួមមានការចុះបញ្ជីចម្ការ ការប្រើប្រាស់ជីនិងថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព ព្រមទាំងការចាត់មន្ត្រីចុះមកពិនិត្យ និងវាយតម្លៃការរៀបចំឃ្លាំងវេចខ្ចប់ទុរេនសម្រាប់នាំចេញនេះឱ្យត្រូវតាមស្តង់ដារដែលប្រទេសចិនតម្រូវ។
សូមបញ្ជាក់ថារាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីហាមឃាត់ការនាំចូលផ្លែទុរេនពីវៀតណាម និងថៃ បន្ទាប់ពីគយចិន រកឃើញសារធាតុគីមី ដែលនាំអោយប៉ះពាល់សុខភាព។យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ទីស្តីគណៈរដ្ឋមន្ត្រី បានចេញលិខិត ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលើកឡើយថា រាជរដ្ឋាភិបាល បានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះ លើផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រីចម និមល បានស្នើសុំ ការហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីសាធារណរដ្ឋសង្គមនិមវៀតណាម និងព្រះរាជាណាចក្រថៃ របស់អាជ្ញាធរគយនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោយរកឃើញទុរេនទាំងនោះ មានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។កាលពីខែតុលា ឆ្នាំ២០២៤ គយចិន បានរកឃើញសារធាតុគីមី Cadmium ដែលមានក្នុងផ្លែទុរេន នាំចូលពីប្រទេសថៃ។ សារធាតុនេះ ជាប្រភេទលោហធាតុ ដែលមានជាតិពុល និងបង្កជាជំងឺធ្ងន់ធ្ងរ ប្រសិនបើប្រើប្រាស់ ក្នុងបរិមាណច្រើន ដែលជាសមាសធាតុ អាចបង្កជំងឺមហារីក។ចិន បានសម្រេចផ្អាកការនាំចូលទុរេន ពីចម្ការជាច្រើន នៅប្រទេសថៃ។ថ្មីៗនេះទៀត ចិនក៏បានរឹតបន្តឹងលើការនាំចូលទុរេន ពីវៀតណាម ដោយតម្រូវឱ្យប្រទេសវៀតណាម និងថៃ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ ក្នុងការនាំផ្លែទុរេន ចូលទៅប្រទេសចិន។