
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11044 នាក់
ម្សិលមិញ 11560 នាក់
សរុប 21117326 នាក់
ភ្នំពេញ៖នៅចំពោះមុខអង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជាចំនួន៤៦រូប កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២មន្ត្រីជាន់ខ្ពស់កម្ពុជាបានឲ្យដឹងថា ខ្លួនកំពុងចាប់ដៃជាមួយភ្នាក់ងារFBI និង Interpol បានបើកការស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋជនឆ្លងដែនទាំងនេះឱ្យដល់ឫសគល់។
នៅទីស្តីការក្រសួងការបរទេសលោក ឆៃ ស៊ីណារិទ្ធ អនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្រោមកិច្ចសម្របសម្រួលដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាប់ សមាជិកអង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជាចំនួន៤៦រូប ព្រមទាំងតំណាងស្ថានតំណាងកម្ពុជានៅក្រៅប្រទេសចំនួន១៨រូប មកជម្រាបជូនដោយផ្ទាល់ពីលទ្ធផលជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ។
លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ប្រាប់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិទាំងនោះថា រាជរដ្ឋាភិបាលកម្ពុជាទទួលយកព័ត៌មានពាក់ព័ន្ធនឹងវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើបុគ្គល និងនីតិបុគ្គលដែលពាក់ព័ន្ធនឹងបណ្តាញ Prince Group ដោយកម្ពុជាកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅជាមួយភ្នាក់ងារ FBI និង Interpol ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋជនឆ្លងដែនទាំងនេះឱ្យដល់ឫសគល់។ លើសពីនេះ កម្ពុជាបានបង្កើនចំណាត់ការផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាពដោយមិនចាំបាច់រង់ចាំបណ្តឹងពីជនរងគ្រោះនោះទេ ពោលគឺប្រើប្រាស់ភស្តុតាងឌីជីថលពីឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសក្រុមមេខ្លោងតែម្តង។
អាជ្ញាធរមានសមត្ថកិច្ចក៏កំពុងបើកការស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុ ការបិទបាំងប្រភពទ្រព្យសម្បត្តិ ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (Cryptocurrency) និងកាស៊ីណូដែលបន្លំធ្វើអាជីវកម្មល្បែងស៊ីសងអនឡាញ។ ជាក់ស្តែង ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ អាជ្ញាធរបានដកហូតអាជ្ញាប័ណ្ណកាស៊ីណូចំនួន១៨ ដែលមានការជាប់ពាក់ព័ន្ធនឹងបណ្តាញ Prince Group របស់ ចេន ហ្ស៊ី( Chen Zhi) និង លី គួង និងបានព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន១០ផ្សេងទៀត។
បើតាមលោក ឆៃ ស៊ីណារិទ្ធ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចាត់វិធានការលើទីតាំងសង្ស័យចំនួន៩៧២កន្លែង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន៥៦៨ករណី។ ក្នុងនោះមានជនសង្ស័យចំនួន៥,០៣២នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នរង់ចាំការអនុវត្តនីតិវិធីរបស់តុលាការ ខណៈជនបរទេសចំនួន២៣,៧៦០នាក់ មាន៣៨សញ្ជាតិ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសដើមវិញ។ បន្ថែមពីនេះ ប្រាក់ក្នុងគណនីធនាគារជាង៣០០លានដុល្លារ រួមទាំងទ្រព្យសម្បត្តិចលន និងអចលនទ្រព្យតម្លៃរាប់រយលានដុល្លារផ្សេងទៀតត្រូវបានបង្កក និងឈានទៅអនុវត្តនីតិវិធីរឹបអូសតាមច្បាប់ជាធរមាន។
ចំណែក ពាក់ព័ន្ធនឹងការលុបបំបាត់អំពើជួញដូរមនុស្ស និងការផ្តល់កិច្ចគាំពារដល់ជនរងគ្រោះ លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់បន្ថែមថា ចំពោះបុគ្គល ឬជនបរទេសទាំងឡាយណាដែលស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពឆបោកដើម្បីប្រាក់ខែ ឬលួចបន្តធ្វើសកម្មភាពខុសច្បាប់ មិនអាចចាត់ទុកជាជនរងគ្រោះបានឡើយ ហើយត្រូវតែប្រឈមមុខចំពោះមុខច្បាប់ជាដាច់ខាត ខណៈកម្ពុជាផ្តល់អាទិភាពខ្ពស់បំផុតក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកំណត់អត្តសញ្ញាណជនបរទេសដែលចាញ់បោកក្រុមឧក្រិដ្ឋជន។
លោក ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហរម៉ឺងម៉ាត់ និងទិសដៅយុទ្ធសា ស្រ្តចម្បង ៣ យ៉ាង ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែក្តាប់ជាប់ និងអនុវត្តដោយគ្មានការដកដៃឡើយ៖
១. ការអនុវត្តយ៉ាងសកម្មនូវសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ (Phnom Penh Declaration)៖ កម្ពុជាបន្តការ អនុវត្តយ៉ាងមុះមុតនូវការប្តេជ្ញាចិត្តសំខាន់ៗចំនួន ១១ ចំណុច នៃសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជាទទួលយក ព័ត៌មានពាក់ព័ន្ធនឹងវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើបុគ្គល និងនីតិបុគ្គលដែលពាក់ព័ន្ធនឹងបណ្តាញ Prince Group ដោយកម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ដោយកសាងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយស្ថាប័នអនុវត្តច្បាប់អន្តរជាតិ (រួមមាន FBI និង Interpol) ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋជនឆ្លងដែន ទាំងនេះឱ្យដល់ឫសគល់។
២. ការលុបបំបាត់អំពើជួញដូរមនុស្ស និងការផ្តល់កិច្ចគាំពារដល់ជនរងគ្រោះ៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាព ខ្ពស់បំផុតក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកំណត់អត្តសញ្ញាណជនបរទេសដែលចាញ់បោកក្រុម ឧក្រិដ្ឋជន ដើម្បីផ្តល់កិច្ចការពារ និងសម្របសម្រួលមាតុភូមិនិវត្តន៍ស្របតាមនីតិវិធីច្បាប់ និងនិយាមមនុស្សធម៌អន្តរ ជាតិ។ ទន្ទឹមនឹងនេះ លោកសន្តិបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះបុគ្គល ឬជនបរទេសទាំងឡាយណា ដែលស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពឆបោកដើម្បីប្រាក់ខែ ឬលួចបន្តធ្វើសកម្មភាពខុសច្បាប់ មិនអាចចាត់ទុកជាជន រងគ្រោះបានឡើយ ហើយត្រូវតែប្រឈមមុខចំពោះមុខច្បាប់ជាដាច់ខាត។
៣. ការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើមេខ្លោង និងការកាត់ផ្តាច់ចរន្តលាងសម្អាតប្រាក់៖ កម្ពុជាបានបង្កើន ចំណាត់ការផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាព ដោយមិនចាំបាច់រង់ចាំបណ្ដឹងពីជនរងគ្រោះនោះទេ ពោលគឺប្រើប្រាស់ ភស្តុតាងឌីជីថលពីឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសក្រុមមេខ្លោង។ លើសពីនេះ សមត្ថកិច្ចបាននិងកំពុងបើកការស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុ ការបិទបាំងប្រភពទ្រព្យសម្បត្តិ ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (Cryptocurrency) និងកាស៊ីណូដែលបន្លំធ្វើអាជីវកម្មល្បែងស៊ីសងអនឡាញ។