
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 26170 នាក់
ម្សិលមិញ 29590 នាក់
សរុប 21068336 នាក់
អាមេរិក៖លោក ដូណាល ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា លោក «ពិតជាមានឆន្ទៈ» ក្នុងការទទួលយកលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទ្វារធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដែលកំពុងឈានឆ្ពោះទៅកាន់ការគ្រប់គ្រងទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ។
នៅក្នុងបទសម្ភាសន៍ជាមួយ CBS News កាលពីយប់ថ្ងៃអង្គារ លោក ត្រាំ បានអះអាងថា លោកមិនមានការសោកស្តាយអ្វីឡើយ ចំពោះរយៈពេលពីរឆ្នាំដំបូងនៃអាណត្តិទីពីររបស់លោក ដោយចាត់ទុកថាវាជាសម័យកាលដ៏ជោគជ័យបំផុត និងមិនស្តាយក្រោយ ចំពោះការសម្រេចចិត្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះឡើយ ទោះបីជាលោកបានទទួលស្គាល់ថាការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈបណ្តាលឱ្យអ្នកបោះឆ្នោតមិនសប្បាយចិត្តក៏ដោយ។ លោក ត្រាំ បានបន្តបន្ទោសថា មូលហេតុចម្បងនៃការបរាជ័យរបស់បក្ស គឺបណ្តាលមកពីរូបលោកផ្ទាល់មិនមានឈ្មោះនៅលើសន្លឹកឆ្នោត ដើម្បីជួយជំរុញទឹកចិត្តអ្នកបោះឆ្នោតឱ្យចេញមកគាំទ្រឱ្យបានគ្រប់គ្រាន់ ។
ទាក់ទងនឹងការធ្វើការជាមួយសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ក្នុងរយៈពេល ២ ឆ្នាំ ដែលនៅសល់ក្រោមអាណត្តិខ្លួន លោក ត្រាំ និយាយថា៖ «ពួកគេនឹងបញ្ជូនសំណើចម្លែកៗ ឬមិនសមហេតុផលមកឱ្យខ្ញុំ ហើយខ្ញុំនឹងប្រើសិទ្ធិវេតូ (បដិសេធ) លើសំណើទាំងនោះ»។
ដោយឡែកសម្រាប់អ្នកគាំទ្រលោកត្រាំវិញកំពូលមហាសេដ្ឋីបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក លោក Elon Musk នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយលេងសើច ជុំវិញភាពបរាជ័យរបស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ បន្ទាប់ពីរូបលោកបានចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីជួយគាំទ្រគណបក្សនេះដែលជាបក្សរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Musk ដែលបានផ្តល់ថវិកាជិតកន្លះពាន់លានដុល្លារ ដើម្បីជួយជ្រោមជ្រែងយុទ្ធនាការនយោបាយរបស់គណបក្សសាធារណរដ្ឋ បានបង្ហោះសារលើបណ្ដាញសង្គម X នាថ្ងៃពុធនេះថា «វាហាក់មើលទៅ ឡាស៊ែរអវកាសដែលខ្ញុំប្រើដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោត ហាក់មិនមានប្រសិទ្ធភាពទេ នៅលើកនេះ»។ លទ្ធផលនៃការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ បានបង្ហាញថា គណបក្សប្រជាធិបតេយ្យ បានដណ្តើមការគ្រប់គ្រងសភាទាំងពីររបស់អាមេរិក ដោយឈ្នះបានអាសនៈភាគច្រើន ទាំងនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ (រដ្ឋសភា)។
បើតាមការប៉ាន់ស្មាន លោក Musk បានចំណាយប្រាក់ប្រហែល ៤៤៥លានដុល្លារ ក្នុងរដូវកាលបោះឆ្នោតលើកនេះ ដែលធ្វើឱ្យលោកក្លាយជាម្ចាស់ជំនួយម្នាក់ឯង ដែលបានផ្តល់ថវិកាច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើប។ មិនធ្លាប់មាននរណាម្នាក់ ចំណាយប្រាក់ច្រើនដូចលោក ប៉ុន្តែទទួលបានលទ្ធផលតិចតួចបែបនេះទេ ជាពិសេសនៅរដ្ឋតិចសាស់ ដែលគណបក្សប្រជាធិបតេយ្យ ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ លោក Musk ក៏បានលើក អំពីការបោះឆ្នោតរើសអភិបាលរដ្ឋតិចសាស់ ផងដែរ ដោយបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Gina Hinojosa ដែលប្រកាន់និន្នាការប្រឆាំងនឹងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Center) បានទទួលជ័យជម្នះដ៏ភ្ញាក់ផ្អើល។