
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 24335 នាក់
ម្សិលមិញ 34475 នាក់
សរុប 21105861 នាក់
ប្រទេសថៃ៖អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាង ប៊ូម ប៉ាណាត់ដា ដែលជាប្រធានមូលនិធិ Do Good ត្រូវបានប៉ូលិសបញ្ជូនទៅនាយកដ្ឋានបង្ក្រាបបទល្មើស ដើម្បីឃុំខ្លួន និងសួរចម្លើយ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងការ យកលុយមូលនិធិ ទៅចាយវាយហ៊ឺហា និងប្រើប្រាស់ផ្ទាល់ខ្លួន។
Amarin TVបានឲ្យដឹង នាងបានទៅដល់នាយកដ្ឋាននេះ នាម៉ោង ១០:៣៥នាទី ព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយពេលមន្ត្រីនគរបាល នៃនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច (ECSD) បានចុះទៅចាប់ខ្លួន នាង នៅឯភូមិគ្រឹះ ក្នុងទីក្រុងបាងកក ទាំងព្រឹកព្រលឹមអុរ។
នៅពេលទៅដល់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB), ប៊ូម បានលើកដៃសំពះសុំទោស នៅចំពោះមុខអ្នកកាសែត មុនពេលចូលទៅក្នុង ដើម្បីផ្តល់ចម្លើយតាមនីតិវិធី។ ជាមួយនឹងទឹកមុខក្រៀមក្រំ ស្លេកស្លាំង នាងពោលពាក្យថា៖ «ខ្ញុំសុំទោស អ្នករាល់គ្នា»។
ស្របពេលនឹងការសួរចម្លើយនេះ ប៉ូលិសក៏បានចូលឆែកឆេរ ផ្ទះរបស់ ប៊ូម នៅតំបន់ Ramintra 23 នៅទីក្រុងបាងកក ផងដែរ ដោយក្នុងប្រតិបត្តិការរយៈពេល ៣ម៉ោងកន្លះនោះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសឯកសារសំខាន់ៗ មួយចំនួន ពាក់ព័ន្ធមូលនិធិរបស់ ប៊ូម។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់បញ្ជាក់ឡើយ ឯកសារសំខាន់ៗទាំងនោះ មានអ្វីខ្លះ ប៉ុន្តែទំនងជានឹងលាតត្រដាង ក្នុងសន្និសីទកាសែត នាពេលក្រោយ។
សូមជម្រាបជាថ្មី ការស៊ើបអង្កេតលើករណីនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងខែតុលា បន្ទាប់ពីមានការចោទប្រកាន់ថា នាងប៊ូម យកលុយមូលនិធិ ទៅដើរស៊ីចាយហ៊ឺហា ដូចជាការទិញរបស់ប្រ៊េនៗ រថយន្តទំនើបៗ និងផ្ទះវីឡាជាដើម។
ក្រោយមក ECSD ក៏ចាប់ផ្តើមស្រាវជ្រាវតាមដាន ការផ្ទេរប្រាក់តាមធនាគារ និងពិនិត្យមើលទ្រព្យសម្បត្តិ ដែលជាប់ពាក់ព័ន្ធនឹងនាង គ្រួសាររបស់នាង និងមូលនិធិនោះ។
មកដល់ថ្ងៃទី ៤ ខែវិច្ឆិកា ក្រុមអ្នកស៊ើបអង្កេតបានរាយការណ៍ អំពីការបង្កកគណនីធនាគារប្រមាណ ១៧ គណនី ដែលមានប្រាក់សរុប ៦០ លានបាត (ប្រមាណ ១.៧ លានដុល្លារ) ហើយអាជ្ញាធរ ក៏បានពិនិត្យមើលទ្រព្យសម្បត្តិ មានតម្លៃជាង ១០០ លានបាត រួមមាន៖ ផ្ទះ ៣-៤ ខ្នង, ដីធ្លីជាច្រើនឡូត៍, យានយន្តជាង ២០ គ្រឿង, អាវុធ ៦ ដើម និងកាបូបម៉ាកល្បីៗ ជាច្រើនទៀតផងដែរ។
មិនមែនតែនាងទេ សមត្ថកិច្ច ក៏បើកការស៊ើបអង្កេតលើស្វាមី កូនៗ និងឪពុកម្តាយរបស់ ប៊ូម ផងដែរ។
ប៊ូមអាច ត្រូវប្រឈមមុខនឹងបទចោទប្រកាន់ធ្ងន់ធ្ងរ ចំនួន ៣ ករណី ដូចជា៖ បទឆបោកជាសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសបច្ចេកវិទ្យា ហើយបើតុលាការកាត់ទោស លើបទចោទប្រកាន់ទាំង៣ នេះ នាងប៊ូម អាចប្រឈម ជាប់ពន្ធនាគាររហូតដល់ទៅ ២០ ឆ្នាំ ហើយពិន័យជាប្រាក់ លើស ៤០០ ០០០បាត ព្រមទាំងរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធ ជាង ១០០ លានបាត។
មុនត្រូវចាប់ខ្លួន អតីតអ្នកនាំពាក្យយោធាថៃ ដែលជាអតីតតារាសម្តែងរូបនេះ បានសន្យាថា នឹងប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីទទួលខុសត្រូវចំពោះកំហុស ឬការខូចខាតណាមួយដែលពាក់ព័ន្ធនឹងខ្លួន ក្នុងរឿងអាស្រូវនេះ។
សូមជម្រាបថា បើតុលាការកាត់ទោស លើបទចោទប្រកាន់ទាំង៣ នេះ នាងប៊ូម អាចប្រឈម ជាប់ពន្ធនាគាររហូតដល់ទៅ ២០ ឆ្នាំ ហើយពិន័យជាប្រាក់ លើស ៤០០ ០០០បាត ព្រមទាំងរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធ ជាង ១០០ លានបាត ៕