
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3958 នាក់
ម្សិលមិញ 10606 នាក់
សរុប 21406063 នាក់
ភ្នំពេញ៖ក្រោយឆ្លងកាត់ការពិភាក្សាម៉ត់ចត់ និងបន្ទាប់ពីជួបតំណាងក្រសួងមហាផ្ទៃចំនួន ៥លើកកន្លងមក គណបក្សភ្លើងទៀនតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា បានសម្រេចគាំទ្រឱ្យលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនចេញទៅបង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា «គណបក្សផ្ទះយើង»។
ការបើកផ្លូវឱ្យថ្នាក់ដឹកនាំខ្លួនទៅបង្កើតគណបក្សថ្មីនាពេលនេះ ត្រូវបានគណបក្សភ្លើងទៀនបកស្រាយថា ដោយសារក្រសួងមហាផ្ទៃបដិសេធការចុះបញ្ជីឡើងវិញឱ្យគណបក្សភ្លើងទៀន បន្ទាប់ពីជំនួបពិភាក្សាការងារចំនួន ៥លើកកន្លងទៅ។ ហេតុផលនៃការបដិសេធនោះ គឺគណបក្សភ្លើងទៀន គ្មានភាពស្របច្បាប់ ដោយសារគ្មានឯកសារដើមនៃលិខិតចុះបញ្ជីគណបក្ស និងថា តំណាងក្រសួងបានផ្តល់យោបល់ឱ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ទៅបង្កើតគណបក្សថ្មីមួយផ្សេងទៀត។ នេះបើតាមលិខិតដដែលរបស់គណបក្សភ្លើងទៀន។
ទាក់ទងបញ្ហានេះខាងក្រសួងមហាផ្ទៃបានចេញប្រកាសពត៍មានមួយដោយលើកឡើងថា៖គណបក្សភ្លើងទៀន បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការបង្កើតគណបក្សនយោបាយថ្មី ដោយអះអាងថា «តំណាងក្រសួងមហាផ្ទៃ បានផ្តល់ជាយោបល់ឱ្យគណៈប្រតិភូគណបក្សភ្លើងទៀន ស្វះស្វែងរកដំណោះស្រាយថ្មីផ្សេងទៀត ពោលគឺ ការចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មី» កាលពីជំនួបពិភាក្សាការងារលើកទី៥ ជាមួយតំណាងគណបក្សភ្លើងទៀន គឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
ក្រសួងមហាផ្ទៃ ចាត់ទុកការលើកឡើងរនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាការបំភ្លើស ផ្ទុយពីការពិត ដោយមានចេតនាបំភាន់សាធារណមតិយ៉ាងច្បាស់ក្រឡែត ដ្បិតក្នុងជំនួបនោះ តំណាងក្រសួងមហាផ្ទៃ ពុំបានណែនាំ ឬផ្តល់យោបល់ឱ្យគណបក្សភ្លើងទៀន ចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មី ដូចខ្លឹមសារកំណត់ហេតុរួមសរសេរយ៉ាងច្បាស់លាស់នោះទេ។
មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានសរសេរយ៉ាងច្បាស់ថា […តំណាងក្រសួងមហាផ្ទៃ បានផ្តល់យោបល់ឱ្យស្វះស្វែងរកដំណោះស្រាយថ្មីផ្សេងទៀត គឺគ្មានឃ្លាថា «ពោលគឺការចុះបញ្ជីបង្កើតគណបក្សនយោបាយថ្មី»] ដូចសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះទេ។
(គេមិនដឹងថាតើការស្វែងរកដំណោះស្រាយថ្មីរបស់ក្រសួងមហាផ្ទៃជាវិធីអ្វីនោះទេ?ព្រោះក្រសួងមហាផ្ទៃក៏មិនអាចជួយអីបានដែរតើតាមសម្តីលោកប៊ុនហុន)។
ក្រសួងមហាផ្ទៃចាត់ទុកទង្វើនេះគឺជាការបង្កើតនិទានកថា មួលបង្កាច់ ធ្វើឱ្យភាន់ច្រឡំ ក្នុងទិសដៅបម្រើនយោបាយមិនសុចរិត និងផ្ទុយពីបញ្ញត្តិច្បាប់ ដែលគណបក្សភ្លើងទៀន មានកាតព្វកិច្ចកែតម្រូវសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនឱ្យត្រឹមត្រូវឡើងវិញ។
គួររម្លឹកថា កាលពីឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ បានបដិសេធមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ២០២៣ ព្រោះតែ គណបក្សមិនបានភ្ជាប់ច្បាប់ដើមនៃលិខិតចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ១៩៩៨។ក្រៅពីបញ្ហានេះលោកទាវវណ្ណុលប្រធានគណបក្សភ្លើងទានក៏មានបញ្ហាដោយជាប់បណ្តឹងនៅតុលាការ។ថ្មីៗនេះលោកស៊ុនឆៃដែលជាប្រធាននាយកប្រតិបត្តិគណបក្សឆន្ទៈខ្មែរក៏បានប្រកាសលាលេងពីតួនាទីផងដែរ។នេះមិននិយាយពីមានសមាជិកថ្នាក់ក្រោមរត់ចោលទៅចួលកណបក្សប្រជាជននោះទេ។
សូមបញ្ជាក់ថា៖ក្រសួងមហាផ្ទៃក៏បានធ្លាប់សម្រេចមិនចេញច្បាប់ដើមជូនគណបក្សភ្លើងទៀនដែរ ដោយលើកហេតុផលថា គ្មានច្បាប់អនុញ្ញាត និងមិនអាចចម្លងឯកសារដើមជូនបាន ខណៈគណបក្សភ្លើងទៀនថា ឯកសារដើមរបស់ខ្លួនបានបាត់បង់អំឡុងឆ្នាំ២០១៧។ សម្រាប់ពេលនេះ ការចង់បង្កើតគណបក្សថ្មីឈ្មោះថា «គណបក្សផ្ទះយើង» មិនទាន់មានព័ត៌មានច្បាស់ការថា នឹងត្រូវស្នើសុំចុះបញ្ជីពេលណានោះទេ ដោយគ្រាន់តែដឹងថា គណបក្សថ្មីនេះ មានតំណាងស្ថាបនិកចំនួន ៤រូប៕