
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 810 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120486 នាក់
ភ្នំពេញ៖លោកហ៊ុនម៉ានីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានសសេរក្នុងហ្វេសប៊ុកឲ្យដឹងថា៖ថ្ងៃនេះ(ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦) តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខ្ញុំ អមដោយ ឯកឧត្តម សំហេង បុរស និង ឯកឧត្តម កែវ ខន្តីមេធា ជួបជាមួយ លោកវរសេនីយឯក ជិន វ៉ាន់ទឹម ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខបន្ថែមទៀត ពាក់ព័ន្ធនឹងស្តូបមិត្តភាពកម្ពុជា-វៀតណាម។
ទាក់ទងនិងរឿងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមនេះដែរកាលពីនៅព្រឹកថ្ងៃទី៤ មិថុនា នាវិមាន៧មករាលោក Nguyen Tan Cuong អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម បានលើកពីគម្រោងសាងសង់ស្ដូបមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាម ជម្រាបជូនសម្ដេច ហ៊ុន សែន នាក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា ។
តាមរយៈសារសំឡេងរបស់លោក ជា ធិរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភា បានស្រង់ខ្លឹមសារជំនួបនេះ យ៉ាងដូច្នេះ៖«អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ក៏បានរំលេចពីគម្រោងសាងសង់ស្ដូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងសារមន្ទីរប្រទេសវៀតណាមផងដែរ ដោយបានបញ្ជាក់ថា គម្រោងនៃការសាងសង់ស្តូបអនុស្សាវរីយកម្ពុជា-វៀតណាមនេះ ចង់បង្ហាញទៅកាន់មតិជាតិ និងអន្តរជាតិ ឱ្យកាន់តែយល់ស៊ីជម្រៅអំពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងកម្ពុជា និងវៀតណាម នៅគ្រប់កាលៈទេសៈ។ ជាពិសេសនៅក្នុងវិស័យកងទ័ពនៃប្រទេសទាំងពីរ ដែលបានរួមគ្នាងើបចេញពីរបបអាណានិគម នាពេលកន្លងមក»។
គម្រោងសាងសង់នេះ ធ្វើឡើងតាមសំណើររបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន ធ្លាប់បានលើកសំណើរនេះ ទៅកាន់បណ្ដាមេដឹកនាំវៀតណាម ពោលគឺមុនពេលបរិបទជំងឺកូវីដ-១៩ ផ្ទុះឡើង។ ប្រធានគណបក្សប្រជាជនរូបនេះ បានសង្កត់ធ្ងន់ថា នៅកម្ពុជា មានស្ដូបមិត្តភាពកម្ពុជា-វៀតណាម ។ ដូច្នេះវៀតណាម ក៏ត្រូវសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដូចគ្នាដែរ។
«សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការសាងសង់ស្តូបមិត្តភាពនេះ ដើម្បីឆ្លុះបញ្ចាំង និងបង្ហាញអំពីការដឹងគុណគ្នាទៅវិញទៅមក ។ មានន័យថា ការដឹងរបស់កម្ពុជា ដែលបានជួយវៀតណាម និងការដឹងគុរណរបស់វៀតណាម ដែលបានជួយកម្ពុជា គឹជួយគ្នាទៅវិញទៅមក មិនមានប្រទេសណាមួយ ជួយគ្នាដាច់ដោយឡែកទេ ។ គឺមានន័យថា កម្ពុជា ក៏ធ្លាប់ជួយវៀតណាម ហើយវៀតណាមក៏ធ្លាប់ជួយកម្ពុជា។»នេះបើតាមអ្នកនាំពាក្យព្រឹទ្ធសភា ដែលបានស្រង់ប្រសាសន៍សម្ដេច ហ៊ុន សែន។
គួរបញ្ជាក់ថា កម្ពុជា បានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីរម្លឹកអនុស្សាវរីយ៍ និងការសាមគ្គីភាព ក្នុងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។សម្រាប់ខ្លឹមសារប្រវត្តិសាស្រ្ត ដែលត្រូវចារឹកតាមស្តូបមិត្តភាពកម្ពុជា-វៀតណាម មានតែ២ចំណុចប៉ុណ្ណោះ គឺទី១ កម្ពុជា ធ្លាប់ជួយវៀតណាម ឱ្យបានបង្រួបបង្រួមទឹកដី និងទី២ វៀតណាម ធ្លាប់ជួយកម្ពុជា ឱ្យរួចផុតពីរបបខ្មែរក្រហម។
បើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមឈ្មោះ VOV (Voice of Vietnam) ស្តូបមិត្តភាពកម្ពុជា-វៀតណាម លើទឹកដីខេត្តត្បូងឃ្មុំនេះ គឺជាស្តូបទី២២ហើយ ដោយគ្រោងសាងសង់លើផ្ទៃដីទំហំប្រមាណ៤ហិកតា។ ក្នុងពិធីបើកការដ្ឋានសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំអ្នកចូលរួម មានដូចជា លោកវរសេនីយ៍ឯក ង្វៀន ថាញជិញ ប្រធានអនុព័ន្ធយោធាក្រសួងការពារជាតិវៀតណាមប្រចាំកម្ពុជា លោក ញ៉ែម វ៉ាលី អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឈន៍មាតុភូមិកម្ពុជា រួមទាំងអាជ្ញាធរខេត្ត បណ្តាស្ថាប័ន និង អង្គភាពពាក់ព័ន្ធផ្សេងទៀត។
វីទ្យុវៀតណាម(VOV) សរសេរកាលពីឆ្នាំ២០២០ថា៖«ស្តូបមិត្តភាពកម្ពុជា-វៀតណាម បង្ហាញពីសាមគ្គីភាពនៃប្រទេសទាំង២ ហើយនឹងជួយឲ្យយុវជនជំនាន់ក្រោយ យល់កាន់តែច្បាស់ពីតម្លៃនៃសន្តិភាពនិងសេរីភាព ព្រមទាំងការជួយគាំទ្រគ្នាទៅវិញទៅមក ដែលមានជាប្រវត្តិសាស្ត្រនៃប្រជាជាតិទាំង២»។ VOV បានឲ្យដឹងកាលពីឆ្នាំ២០២០ថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមចំនួន១៧ តាមបណ្តាខេត្តនានា ត្រូវបានសាងសង់និងសម្ពោធជាផ្លូវរួចហើយ ខណៈ៤ទៀត នៅខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ និង ខេត្តឧត្តរមានជ័យ ក៏ត្រូវបានបើកការដ្ឋានសាងសង់ដែរ។
សូមបញ្ជាក់ថាបើតាមតាមរយៈសេចក្តីណែនាំស្តីពីការចារឹកអក្សរលើស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជាគឺនៅគ្រប់ស្តូបទាំងអស់ គឺត្រូវតែចារឹកនូវខ្លឹមសារស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលសាងសង់ឡើងជាសក្ខីភាពនៃការដឹងគុណនិងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និង ឯកភាពទឹកដីក្នុងអំឡុងទសវត្សរ៍៦០-៧០ ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដិ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ហើយនៅទសវត្សរ៍៧០-៨០ ប្រទេសវៀតណាមក៏បានចូលរួមជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ដោយខ្លឹមសារខាងលើគឺតម្រូវឲ្យសរសេរជា៣ភាសា មានភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស។
កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១,២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។