
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 982 នាក់
ម្សិលមិញ 13560 នាក់
សរុប 21221847 នាក់
សៀមរាប៖ លោក អេម៉ានុយអែល ម៉ាក្រុន (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានរំលេចពីមោទនភាព និងតម្លៃជាប្រវត្តិសាស្ត្រនៃការជួសជុល និងការដាក់តាំងបង្ហាញរូបសំណាកសំរឹទ្ធិ «ព្រះវិស្ណុផ្ទំ» ដែលរកឃើញនៅប្រាសាទមេបុណ្យខាងលិច នៅសារមន្ទីរ Guimet ទីក្រុងប៉ារីស ដោយបានទាក់ទាញប្រជាជនរាប់ម៉ឺននាក់ ឱ្យចូលទស្សនា កោតសរសើរ និងស្វែងយល់ពីភាពរុងរឿងនៃអរិយធម៌ខ្មែរ។
ក្នុងសុន្ទរកថារបស់លោក នាឱកាសអញ្ជើញចូលរួមជាអធិបតីជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប នារសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អេម៉ានុយអែល ម៉ាក្រុន បានគូសបញ្ជាក់ពីប្រវត្តិ និងតម្លៃដ៏មហិមានៃរូបសំណាកសំរឹទ្ធិ «ព្រះវិស្ណុផ្ទំ» យ៉ាងដូច្នេះថា៖ «កោះតូចមួយនេះដែលស្ថិតនៅក្នុងបារាយណ៍ដ៏ធំមួយ បានលាក់ទុកក្នុងខ្លួននូវរូបសំណាកសំរឹទ្ធិដ៏ធំបំផុតដែលមិនធ្លាប់ត្រូវបានរកឃើញពីអរិយធម៌ខ្មែរ គឺព្រះវិស្ណុផ្ទំ ដែលត្រូវបានរកឃើញនៅទីនេះកាលពី ៩០ឆ្នាំមុន ត្រូវបានជួសជុលនៅទីក្រុង Nantes ហើយប្រជាជនរាប់ម៉ឺននាក់របស់យើងបានកោតសរសើរនៅសារមន្ទីរ Guimet កាលពីឆ្នាំមុន ដើម្បីលើកតម្កើងកម្ពុជា»។
ប្រធានាធិបតីបារាំង បានបន្ថែមថា ស្នាដៃសិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យទាំងនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការបុរាណវិទ្យា និងបេតិកភណ្ឌដ៏យូរអង្វែងរវាងបារាំង និងកម្ពុជា ចាប់តាំងពីអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ា (EFEO) បានចាប់ផ្តើមការសិក្សាស្រាវជ្រាវ និងជីកកកាយកាលពីជិតមួយសតវត្សរ៍មុន (ឆ្នាំ១៩៣៦)។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន វត្ថុបុរាណ និងបណ្ណសារមួយចំនួនដែលរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរ Guimet ក៏ត្រូវបានសាលាបារាំងចុងបូព៌ា ធ្វើឌីជីថលូបនីយកម្ម ដើម្បីឱ្យមហាជនទូទាំងពិភពលោក អាចចូលទស្សនា និងសិក្សាស្វែងយល់បានយ៉ាងទូលំទូលាយផងដែរ។
គួរជម្រាបជូនថា ក្រៅពីការដាក់តាំងបង្ហាញនៅសារមន្ទីរ Guimet ក្នុងទីក្រុងប៉ារីស រូបសំណាកសំរឹទ្ធិ «ព្រះវិស្ណុផ្ទំ» ដ៏ល្បីល្បាញរបស់កម្ពុជា ក៏ត្រូវបានរៀបចំដាក់តាំងបង្ហាញបន្តនៅតាមសារមន្ទីរធំៗបំផុតរបស់ពិភពលោក ដើម្បីផ្សព្វផ្សាយពីសិល្បៈ ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរទៅកាន់មហាជនអន្តរជាតិ ខណៈដែលប្រាសាទមេបុណ្យខាងលិច ត្រូវបានជួសជុលស្តារឡើងវិញរួចរាល់ជាស្ថាពរក្រោយប្រើពេល ១៤ឆ្នាំ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាជាផ្លូវការចាប់ពីខែវិច្ឆិកានេះតទៅ។
ក្នុងឆ្នាំ១៩៣៦ ការធ្វើកំណាយស្រាវជ្រាវបានរកឃើញបដិមារូបព្រះវិស្ណុផ្ទំមួយកំណាត់ព្រះកាយខាងលើយ៉ាងធំនៅកណ្ដាលប្រាសាទមេបុណ្យខាងលិច។ក្រសួងវប្បធម៌បារាំង ក៏បានឲ្យដឹងថា តាមរយៈកំណាយនៅឆ្នាំ១៩៣៦ ដឹកនាំដោយអ្នកអភិរក្សជនជាតិបារាំង លោក ម៉ូរីស ហ្គ្លេស (Maurice Glaize) បានរកឃើញបដិមានេះ នៅក្នុងគំនររណ្តៅថ្មចំកណ្តាលតួប៉មប្រាសាទមេបុណ្យខាងលិច។ តាមការសន្និដ្ឋាន ជាដំបូងគេវាយកម្ទេចបដិមាព្រះនារាយណ៍ផ្ទុំជាច្រើនបំណែក មុនពេលកប់ចោលក្នុងដី ជាមួយនឹងបំណែកបដិមាផ្សេងទៀត។
ប្រភពពី ស.ស.យ.ក វិស័យបេតិកភណ្ឌ បានឲ្យដឹងថា ព្រះកាយព្រះវិស្ណុមួយកំណាត់ខាងលើនេះ ធ្វើអំពីសំរឹទ្ធ មានព្រះហស្ថស្ដាំពីរ ព្រះសីសៈ និងដើមទ្រូង។ កំណាត់ព្រះកាយដែលគេប្រទះឃើញនេះ មានកម្ពស់ ១២២ សង់ទីម៉ែត្រ ប្រវែង ២២២ សង់ទីម៉ែត្រ និងទទឹង៧២.៥ សង់ទីម៉ែត្រ។
ប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២។ ស្ថិតនៅលើកោះកណ្ដាលបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ក្នុងក្រុងសៀមរាប។ លក្ខណៈពិសេស គឺមានរូបសំណាកព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ ដែលជាស្នាដៃសិល្បៈដ៏លេចធ្លោមួយ។ ប្រាសាទមានតួប្រាង្គចំនួន១៦ និងកំពែងព័ទ្ធជុំវិញ។ ប្រាសាទនេះធ្លាប់ត្រូវបានជួសជុលដោយក្រុមអភិរក្សបារាំងនៅឆ្នាំ១៩៤០។
គម្រោងជួសជុលទ្រង់ទ្រាយធំប្រាសាទមេបុណ្យខាងលិច ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១២ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងភាគីបារាំង ដោយចំណាយពេលសរុប១៤ឆ្នាំ។ ក្រោយការជួសជុលនេះ សំណង់ប្រាសាទអាចមានលទ្ធភាពឈររឹងមាំលើសពី១០០ឆ្នាំ។ នេះជាសក្ខីភាពនៃសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្ស ជួសជុល និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ខ្មែរ ឱ្យមានភាពរឹងមាំ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្ម សម្រាប់កូនខ្មែរជំនាន់ក្រោយ។