
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3479 នាក់
ម្សិលមិញ 7802 នាក់
សរុប 21152368 នាក់
ភ្នំពេញ:ថ្មីៗនេះកម្ពុជា បានបណ្តេញជនជាតិវៀតណាមចំនួន ៥៦ នាក់ ចេញពីព្រះរាជា ណាចក្រកម្ពុជា ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីកម្ពុជា លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ។ការបណ្តេញជនជាតិវៀតណាមដែលចូលមករស់នៅធ្វើការអតស់ច្បាប់នៅកម្ពុជាអាចបង្កការព្រួយបារម្ភពីថ្នាក់ដឹកនាំវៀតណាម។
ជាក់ស្តែងនៅក្នុងជំនួបត្រីភាគីក្រៅផ្លូវការនាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញបានថ្លែងអរគុណរដ្ឋាភិបាលកម្ពុជា និងឡាវចំពោះការយកចិត្តទុកដាក់លើពលរដ្ឋវៀតណាមនាពេលកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA នៅថ្ងៃទី២៦ ឧសភា។ ទន្ទឹមគ្នានេះ លោក ផាម មិញជិញ ក៏បានស្នើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត និងប្រមុខរដ្ឋាភិបាលឡាវ លោក សនសៃ ស៊ីផាន់ដន ឱ្យបន្តផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជា និងឡាវដើមកំណើតវៀតណាមដែលកំពុងរស់នៅ និងធ្វើសមាហរណកម្មនៅក្នុងប្រទេសកម្ពុជា និងឡាវ។
សម្រាប់រដ្ឋាភិបាលវៀតណាម សុខទុក្ខរបស់ពលរដ្ឋវៀតណាមមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍប្រទេសឡាវ និងកម្ពុជាប៉ុណ្ណោះទេ តែវាក៏អាចជះឥទ្ធិពលដល់ទំនាក់ទំនងត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាមផងដែរ។ គួរកត់សម្គាល់ថា សំណើរបស់វៀតណាមដែលសុំឲ្យមានការមើលថែពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកម្ពុជា គឺតែងតែកើតមានឡើងនៅរៀងរាល់ជំនួបជាមួយមេដឹកនាំកំពូលៗ។ តែគេក៏មិនត្រូវភ្លេចនិយាយទេថានៅកម្ពុជា បញ្ហាជនអន្តោប្រវេសន៍វៀតណាម គឺជាបញ្ហារសើបរវាងរដ្ឋាភិបាល អ្នកនយោបាយ សកម្មជនប្រឆាំង និងអ្នកជាតិនិយម ឬអ្នកជាតិនិយមជ្រុល ក្រោមហេតុផលបារម្ភពីបញ្ហាបូរណភាព និងអធិបតេយ្យភាពទឹកដី។
ក្រៅពីជនជាតិវៀតណាមខាងលើ ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជាក៏បានជួយសង្គ្រោះ និងបញ្ចូនពលរដ្ឋវៀតណាមប្រមាណ ជិត១ពាន់នាក់ឱ្យត្រឡប់ទៅប្រទេសកំណើតវិញដែរ។ ជនជាតិវៀតណាមមួយចំនួនដែលរស់នៅលើទឹកដីកម្ពុជា គឺមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកអនឡាញខុសច្បាប់។ ថ្មីៗនេះ មានជនជាតិវៀតណាមចំនួន ១៧៧នាក់ត្រូវបានអាជ្ញាធរខ្មែរចាប់បញ្ចូនទៅឱ្យអាជ្ញាធរវៀតណាម ក្រោយពួកគេរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ និងធ្វើការក្នុងទីតាំងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺនែតក្នុងប្រទេសកម្ពុជា។ នេះបើផ្អែកតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម Vietnam Plus៕