
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2865 នាក់
ម្សិលមិញ 7802 នាក់
សរុប 21151754 នាក់
ភ្នំពេញ៖កាលពីថ្ងៃអង្គារ សម្ព័ន្ធ Transnational Alliance to Combat Illicit Trade (TRACIT) បានចេញផ្សាយរបាយការណ៍មួយឲ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងចំណាត់ថ្នាក់លេខ១៣៨ ក្នុងចំណោមប្រទេសចំនួន១៥៨ លើពិភពលោក ដោយបង្ហាញពីភាពងាយរងគ្រោះរបស់កម្ពុជា ពីពាណិជ្ជកម្មខុសច្បាប់ និងចំណុចខ្សោយនៃបទប្បញ្ញត្តិ។
« Assessing ASEAN’s Performance on the Illicit Trade Index » បានរកឃើញថា អាស៊ានទទួលបានពិន្ទុជាមធ្យម ៤៩,៧ ក្នុងចំណោម១០០ ពិន្ទុ ដែលទាបជាងមធ្យមភាគសកលបន្តិច គឺ ៤៩,៩ ពិន្ទុ និងទាបជាងមធ្យមភាគរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលមាន ៦៤,៤ ពិន្ទុ។ ក្នុងចំណោមប្រទេសអាស៊ាន គ្មានប្រទេសណាមួយជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង២០ លើពិភពលោកឡើយ។
សិង្ហបុរីនាំមុខគេក្នុងតំបន់ ដោយជាប់ចំណាត់ថ្នាក់លេខ២៩ លើពិភពលោក បន្ទាប់មកគឺឥណ្ឌូណេស៊ី លេខ៣៩ ថៃ លេខ៥៦ វៀតណាម លេខ៦១ ហ្វីលីពីន លេខ៦៩ ម៉ាឡេស៊ី លេខ៧២ ប្រ៊ុយណេ លេខ៨២ ឡាវ លេខ១០០ មីយ៉ាន់ម៉ា លេខ១១៧ និងកម្ពុជា លេខ១៣៨។
TRACIT បានចាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានហានិភ័យខ្ពស់ ដោយកត់សម្គាល់សកម្មភាពពាណិជ្ជកម្មខុសច្បាប់នៅក្នុងទីផ្សារទំនិញប្រើប្រាស់ និងផលិតផលកសិកម្មមួយចំនួន។ ការប៉ាន់ប្រមាណបង្ហាញថា គ្រឿងស្រវឹងខុសច្បាប់មានប្រហែល ៤៨ភាគរយ នៃទីផ្សារសរុប ខណៈផលិតផលថ្នាំជក់ខុសច្បាប់មានប្រហែល ៥០ភាគរយ និងសារធាតុគីមីកសិកម្មខុសច្បាប់មានប្រហែល ២០ភាគរយ។
របាយការណ៍បានកត់សម្គាល់ថា ការលេចឡើងរបស់អាស៊ានជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មដ៏សំខាន់មួយ មិនទាន់មានវិធានការការពារតាមបទប្បញ្ញត្តិគ្រប់គ្រាន់នៅឡើយទេ ដែលបង្កើតជាចន្លោះប្រហោងឱ្យបណ្តាញឧក្រិដ្ឋជនទាញយកប្រយោជន៍ ដើម្បីដឹកជញ្ជូនទំនិញខុសច្បាប់ឆ្លងកាត់ព្រំដែន។
ទោះបីតំបន់នេះមានការត្រួតពិនិត្យគយ និងព្រំដែនបានល្អប្រសើរក៏ដោយ ក៏ប្រទេសសមាជិកចំនួន៩ រួមទាំងកម្ពុជា ទទួលបានពិន្ទុទាបក្នុងការត្រួតពិនិត្យអ្នកពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដូចជា ទីផ្សារអនឡាញ តំបន់ពាណិជ្ជកម្មសេរី បណ្តាញប្រៃសណីយ៍ និងសេវាបញ្ញើរហ័ស ព្រមទាំងប្រតិបត្តិករដឹកជញ្ជូន និងភស្តុភារកម្ម។
លោក Jeffrey Hardy អគ្គនាយក TRACIT បានមានប្រសាសន៍ថា «ពាណិជ្ជកម្មខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមដែលសមាហរណកម្មអាស៊ានមានគោលបំណងផ្តល់ជូន»។ លោកបានអំពាវនាវឱ្យមានការពង្រឹងវិធានការការពារសុចរិតភាពពាណិជ្ជកម្ម ខណៈអាស៊ានកំពុងឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៤៥។
លោក Suriya Padmanaabhan ប្រធានកម្មវិធីរបស់ TRACIT បានលើកឡើងថា ភាពធន់រួមរបស់តំបន់នៅតែស្ថិតក្នុងកម្រិតមធ្យម ដែលបង្ហាញថា តួនាទីកាន់តែរីកធំរបស់អាស៊ានក្នុងវិស័យផលិតកម្ម និងពាណិជ្ជកម្មសកល មិនទាន់មានវិធានការបទប្បញ្ញត្តិគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មខុសច្បាប់នៅឡើយទេ។
លោក Chris Humphrey ប្រធានប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានគូសបញ្ជាក់ពី បញ្ហាប្រឈមនេះ ដោយកត់សម្គាល់ថា ការអនុវត្តច្បាប់មិនទាន់គ្រប់ជ្រុងជ្រោយ អនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនដឹកជញ្ជូនទំនិញខុសច្បាប់ឆ្លងកាត់តំបន់។
របាយការណ៍បានផ្តល់អនុសាសន៍ឱ្យពង្រឹងការសម្របសម្រួលក្នុងតំបន់ រួមមាន ការរឹតបន្តឹងការត្រួតពិនិត្យទំនិញឆ្លងកាត់ និងដឹកជញ្ជូនបន្ត ការចែករំលែកទម្រង់វាយតម្លៃហានិភ័យគយ ការបង្កើតប្រព័ន្ធកត់ត្រាកម្មសិទ្ធិបញ្ញាដែលអាចតភ្ជាប់គ្នាបាន ការដាក់ចេញវិធានការចំពោះវេទិកាអនឡាញ ការបង្កើនការទទួលខុសត្រូវនៅក្នុងតំបន់ពាណិជ្ជកម្មសេរី និងការពង្រឹងវិធានការប្រឆាំងអំពើពុករលួយ។
ទោះបីមិនទាន់ឃើញមានប្រតិកម្មពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា តែលទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តបទប្បញ្ញត្តិ ការកែលម្អការតាមដានខ្សែច្រវាក់ផ្គត់ផ្គង់ និងសមត្ថភាពអនុវត្តច្បាប់ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់ពាណិជ្ជកម្មខុសច្បាប់ ការពារអាជីវកម្មស្របច្បាប់ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។