
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1943 នាក់
ម្សិលមិញ 12321 នាក់
សរុប 21147549 នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសមជាមួយលោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស (Ozgur Bulent Us) នាយការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ និងគូសបញ្ជាក់ពីចំណងមិត្តភាព និងទំនាក់ទំនងការទូតរវាងកម្ពុជា និងតួកគីយ៉េ ដែលបានបង្កើតឡើងអស់រយៈពេល ៦៧ឆ្នាំមកហើយ។ លោកក៏បានលើកឡើងពីលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគីយ៉េ កាលពីខែតុលា ឆ្នាំ២០២៦ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌយោធា ដែលជាមូលដ្ឋានគ្រឹះ និងជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។
លោកអគ្គមេបញ្ជាការបានបង្ហាញជំនឿថា កងទ័ពកម្ពុជា និងតួកគីយ៉េ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរដំណើរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងឧស្សាហកម្មយោធា កិច្ចការមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។
ជាមួយគ្នានេះ លោកអគ្គមេបញ្ជាការក៏បានស្នើឱ្យភាគីតួកគីយ៉េពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធានៅរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ និងមានប្រសិទ្ធភាព។
លោកអគ្គមេបញ្ជាការក៏បានជម្រាបជូនអំពីស្ថានភាពតានតឹង និងផុយស្រួយនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែតាមរយៈការប្រើប្រាស់កម្លាំងឡើយ។
លោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស បានថ្លែងអំណរគុណចំពោះលោកអគ្គមេបញ្ជាការ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌយោធា ដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។
លោកវរសេនីយ៍ឯកក៏បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងឧស្សាហកម្មយោធារបស់តួកគីយ៉េ ដែលអាចចូលរួមចំណែកបំពេញតម្រូវការរបស់កងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះ លោកបានសន្យាថា នឹងលើកយកសំណើបង្កើតការិយាល័យអនុព័ន្ធយោធាតួកគីយ៉េនៅរាជធានីភ្នំពេញ ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិតួកគីយ៉េ ដើម្បីពិនិត្យ និងពិចារណា៕