
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1320 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120996 នាក់
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។ សមាជិកព្រឹទ្ធសភាទាំង៣រូបដែលមកពីគណបក្សឆន្ទៈខ្មែរ រួមមាន លោក សុក ហាច, លោកសេង ម៉ារឌី និងលោក គង់ មុនីកា។
មានប្រសាសន៍ក្នុងឱកាសនោះសម្តេចតេជោលើកឡើងថា យើងមិនចាំបាច់មានទស្សនៈដូចគ្នាទាំងស្រុងទេ ទោះបីក្នុងបក្សមួយ ឬក្នុងគ្រួសារមួយក៏មិនអាចមានទស្សនដូចគ្នាទាំងស្រុងបានដែរ ប៉ុន្តែយើងត្រូវយល់អ្វីដែលដូចគ្នា និងខុសគ្នា។ ដូចគ្នាគឺផលប្រយោជន៍ជាតិ រីឯខុសគ្នាគឺការគិត និងធ្វើសកម្ម ភាពខុសគ្នាគឺជារឿងធម្មតា។លោក សុខ ហាច ដែលជាប្រធានគណបក្សបានជម្រាបជូនសម្ដេចតេជោថា សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរតែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែមិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល។
លោក សុខ ហាច បានគូសបញ្ជាក់ជូនសម្ដេចទៀតថា យើងគួរកសាងមូលដ្ឋានគ្រឹះនៅក្នុងវិស័យអចលនទ្រព្យ ដែល កំពុងរងផលប៉ះពាល់ និងត្រូវពង្រឹងភាពប្រកួតប្រជែង ជាពិសេស វិស័យទឹក ភ្លើង និងការដឹកជញ្ជូន។ លោកបន្តថា សម្តេចធិបតីបានខិតខំប្រឹងប្រែងណាស់ក្នុងការពង្រឹងការប្រកួតប្រជែងនេះ ជាពិសេសការពង្រឹងការគ្រប់គ្រងមន្ត្រីស្អាតស្អំ។លោក សេង ម៉ារឌី បានរម្លឹកថា នៅក្នុងជំនួបឆ្នាំមុនជាមួយសម្តេច លោកបានស្តាប់សម្ដីអនុសាសន៍នៃការវិភាគរបស់សម្តេចពីបញ្ហាក្នុងស្រុកនិងសកល។ ការណ៍នេះបានធ្វើឱ្យលោកមានការកោតស្ញើបស្ងែង និងកោតសរសើរចំពោះសម្តេច។ លោកបន្ថែមថា បទពិសោធរបស់សម្តេចក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ តែងតែរកផ្លូវចេញបានរហូតមិនដែលមានការទ័លច្រក និងបរាជ័យទេ។
លោក គង់ ម៉ូនីកា បានលើកឡើងថា សម្តេចតេជោបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប់ បានផ្សព្វផ្សាយនិងទាក់ទាញវិនិយោគមកកម្ពុជា ដូច្នេះលោកយល់ឃើញថា គួរជំរុញបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ចផ្នែកកសិ-ទេសចរណ៍។ សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ ក៏បានជំរុញឱ្យមានលំហប្រជាធិបតេយ្យនៅកម្ពុជាបន្ថែមទៀត ព្រមទាំងបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីសមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ បានចូលជួបសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនគណបក្សដែលកំពុងជាប់ពន្ធនាគារផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណបក្សឆន្ទៈខ្មែរ ក្រោយបញ្ចប់ជំនួប។
សម្ដេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបញ្ជូនពលករទៅជប៉ុននិងកូរ៉េដែលធ្វើការងារជួយមើលមនុស្សចាស់។សម្ដេចតេជោបន្តថា រាជរដ្ឋាភិបាលមានបទពិសោធន៍ដោយបានធ្វើអន្តរាគមន៍ពេលវិបត្តិសេដ្ឋកិច្ចសកលនៅ២០០៨ ដោយផ្តល់ការបណ្តុះបណ្តាលជំនាញថ្មីដល់កម្មករដែលបាត់បង់ការងារដោយសារការបិទរោងចក្រ និងចាត់វិធានការជាច្រើនទៀត។សម្តេចបានសង្កត់ធ្ងន់ថា យើងបានឆ្លងកាត់ការលំបាកជាច្រើនដង និងដឹងភាពធន់របស់យើង វិបត្តិមួយតែងបង្កប់កាលានុវត្តភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានពង្រឹងភាពធន់ដោយបានបង់ពន្ធលើទំនិញដែលនាំចេញទៅប្រទេសជាច្រើន និងកាត់បន្ថយការពឹងលើប្រព័ន្ធអនុគ្រោះពន្ធ។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចយល់ស្របនឹងលោក សុខ ហាច ដែលលើកឡើងអំពីការគ្រប់គ្រងមន្ត្រីស្អាតស្អំ ការពង្រឹងសមត្ថភាពរបស់មន្ត្រីធនធានមនុស្សប្រកបដោយគុណធម៌គឺសំខាន់ណាស់។សម្ដេចតេជោបានគូសបញ្ជាក់ថា យើងត្រូវពង្រឹងសមត្ថភាព និងការប្រកួតប្រជែងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ចដែលយើងមាន ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន កូរ៉េខាងត្បួង និងអេម៉រ៉ាតអារ៉ាប់រួម និងនៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន អាស៊ាន-ចិន RCEP។សម្តេចតេជោបន្ថែមទៀតថា យើងបន្តដំណើរជាមួយគ្នានៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាពនិងស្ថិរភាពនយោបាយ យើងប្រឹងមួយដង្ហើមទៀតពីពេលនេះទៅឆ្នាំ២០២៩ក្នុងការចាកចេញពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ក្នុងនីតិកាលថ្មីនៃព្រឹទ្ធសភា គណបក្សឆន្ទៈខ្មែរ ដែលជាបុត្រសម្ព័ន្ធរបស់គណបក្សភ្លើងទៀន ដណ្ដើមបានកៅអីសមាជិកព្រឹទ្ធសភាចំនួន៣អាសនៈ ។ប្រធានគណបក្សឆន្ទៈខ្មែរ លោក សុក ហាច បានជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ហើយលោក មានតួនាទីជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧)។ ចំណែក លោក សេង ម៉ារឌី ដែលជាអនុប្រធានបក្សនេះ បានជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន) និងមានតួនាទីជាសមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា។
លោក គង់ មុនីកា ដែលជាកូនប្រុសរបស់លោក គង់ គាំ ហើយជាអគ្គលេខាធិការបក្សឆន្ទៈខ្មែរ ក៏បានជាប់ជាសមាជិកព្រឹទ្ធសភាលើកដំបូង ដែរ។ លោក គង់ មុនីកា មានតួនាទីជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១)៕