
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1426 នាក់
ម្សិលមិញ 12477 នាក់
សរុប 21121102 នាក់
ប្រទេសម៉ាឡេស៊ី៖ប្រតិភូសភាកម្ពុជាដែលដឹកនាំដោយប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានបង្ហាញការពិតនៃបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់ថ្នាក់ដឹកនាំសភានៅតំបន់អាស៊ាន និងដៃគូបង្កបានការគាំទ្រចំពោះកម្ពុជា តែថៃឡាំរារាំងមិនឱ្យដាក់ចូលក្នុងសេចក្តីថ្លែងការណ៍រួមឡើយ។
សម្ដេចសភាធិបតី ឃួន សុដារី បានហៅសកម្មភាពបំពានលើដែនដីអធិបតេយ្យរបស់ប្រទេសដទៃដូចដែលថៃអនុវត្តន៍គឺជាការអនុវត្ត «ច្បាប់ព្រៃ» ដែលប្រទេសក្នុងតំបន់អាស៊ានត្រូវនាំគ្នាចូលរួមទប់ស្កាត់។សម្ដេចថា៖ «នៅក្នុងតំបន់អាស៊ានយើង យើងត្រូវតែចាត់វិធានការចាំបាច់គ្រប់យ៉ាង ដើម្បីការពារកុំឱ្យជម្លោះព្រំដែនកម្ពុជា–ថៃ ក្លាយជាចំណុចក្រៅមួយទៀតរបស់សកលលោកដែលអាចគំរាមកំហែងដល់សន្ដិភាព និងស្ថិរភាពតំបន់»។
សម្ដេចសភាធិបតីបានស្នើដល់សមាជិកអាស៊ានកុំនៅស្ងៀមចំពោះសកម្មភាពគ្មានច្បាប់ទម្លាប់នេះមិនត្រូវទទួលយកទស្សនាទានដែលថា «អ្នកខ្លាំងតែងតែត្រូវ និងអ្នកខ្សោយត្រូវតែរងទុក្ខដោយស្ងាត់ស្ងៀម»នោះទេ។ «ខ្ញុំសូមគូសបញ្ជាក់ថា សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ជាស្នូលនិងកាតាលីករសម្រាប់ការរស់រានរបស់យើង»។
នៅក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំសភាគណៈប្រតិភូសភាអាស៊ានចូលរួម ជាមួយសភាប្រទេសសង្កេតការណ៍ និងដៃគូរអភិវឌ្ឍន៍អាយប៉ា ជាច្រើនចូលរួម ប្រមាណជា៩០០នាក់ សម្តេចបានជម្រាបកិច្ចប្រជុំថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។
សម្ដេចសភាធិបតី ក៏បានថ្លែងចំៗថា ជាប្រទេសមួយមិនត្រូវយកបញ្ហាផ្ទៃក្នុងមកទម្លាក់លើប្រទេសជិតខាងឡើយជៀសវាងការយកសេដ្ឋកិច្ចធ្វើជាអាវុធ សូមមានការគោរពច្បាប់អន្តរជាតិ និងតុលាការអន្តរជាតិផង។សម្តេចបានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្ត នៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។ “ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបន្តរំលោភបំពានលើបទឈប់បាញ់ នឹងបណ្តាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និងការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ”។
សម្តេចក៏បានអំពាវនាវ បញ្ឈប់ការប្រើប្រាស់កម្លាំងយោធា ដើម្បីបោះបង្គោលព្រំដែនជាឯកតោភាគី ហើយទុកភារកិច្ចស្របច្បាប់ឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) បន្តការងាររបស់ខ្លួន តាមមធ្យោបាយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ សម្តេចបានបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្លាប់បានសម្រេចសេចក្តីលើករណីប្រាសាទព្រះវិហារ ក្នុងឆ្នាំ១៩៦២ និងតំបន់ជុំវិញប្រាសាទក្នុងឆ្នាំ២០១៣ ដែលជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ជាពិសេសពាក់ព័ន្ធនឹងតំបន់ដែលមិនទាន់មានការឯកភាពគ្នា។
ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាលោក សួស យ៉ារ៉ា បានថ្លែងក្នុងវីដេអូពិសេសនៅថ្ងៃទី១៧ ខែកញ្ញាថា ពេលនេះសំឡេងត្រូវការសន្ដិភាពរបស់ពលរដ្ឋកម្ពុជាត្រូវបានអាស៊ាន និងប្រទេសជាមិត្តអាស៊ានបានដឹងឮព្រមទាំងបានឡើងថ្លែងជាបន្តបន្ទាប់ពីចំណាប់អារម្មណ៍ពួកគេលើបញ្ហាព្រំដែនកម្ពុជា ហើយមានតែថៃមួយទេដែលជំទាស់មិនឱ្យចេញសេចក្ដីថ្លែងការណ៍រួម។លោកសួសយ៉ារ៉ាថា៖ «បណ្ដាប្រទេសដែលជាសមាជិកសភាអាស៊ានឯកឧត្តមលោកជំទាវដែលជាសមាជិកផ្សេងៗលោកបានថ្លែងគាំទ្រធ្វើមិចឱ្យប្រទេសទាំងពីររក្សាបទបាញ់ឱ្យបានជាគោលការណ៍ ហើយនិងអនុវត្តន៍បទឈប់បាញ់ឱ្យបាននៅតំបន់។ មិនគួរមានព្រឹត្តិការណ៍កើតឡើងដូចថ្ងៃនេះបន្តទៀតទេ! ពួកគេនឹងបន្តការយកចិត្តទុកដាក់ទោះបីជាមានការប្រកែកនិងជំទាស់ពីប្រតិភូថៃក្នុងការចេញនូវសេចក្ដីថ្លែងការណ៍រួមក៏័ដោយ»។
បើទោះបីជាមិនអាចចេញសេចក្ដីថ្លែងការណ៍រួមក្ដីបើតាមលោក សួស យ៉ារ៉ា ថាបញ្ហានេះនឹងត្រូវសមាជិកសភាតំបន់អាស៊ាននឹងបន្តយកចិត្តទុកដាក់។ប្រតិកម្មរបស់សមាជិកសភាអាស៊ានលើថៃនេះកើតឡើងស្របពេលដែលទាហានថៃបាញ់ចូលមករាយលួសបន្លា បាញ់គ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃ១៧ ខែកញ្ញា។ លោក សួស យ៉ារ៉ា ថាពេលនេះភាពអត់ធ្មត់របស់ប្រជាពលរដ្ឋខ្មែរចំពោះបញ្ហាព្រំដែនត្រូវបានទទួលស្គាល់នូវតម្លៃពិសេស ហើយអន្តរជាតិកំពុងតែចូលរួមនិងតាមដានលើករណីនេះហើយ។