
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 783 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120459 នាក់
ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិការលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឡើងមកដឹកនាំប្រទេសកម្ពុជា មានរយៈពេល ១៥ខែហើយ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន។នេះបើតាម លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញពីសមិទ្ធផល ៣ខែចុងក្រោយ ដែលរាជរដ្ឋាភិបាលនីតិការទី៧ នៃរដ្ឋសភា សម្រេចបាន ។
លោក ប៉ែន បូណា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាព នៅតែចាត់ទុក សុខសន្តិភាព និងស្ថិរភាពនយោបាយ ជាចំណុចសំខាន់ ជាគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ជាក់ស្តែង អំឡុងបុណ្យអុំទូករយៈពេលបីថ្ងៃក្នុងឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស បានដើរលេងកម្សាន្តសប្បាយពេញផ្ទៃប្រទេស ពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។
ចំពោះ អធិបតេយ្យភាពជាតិបូរណភាពទឹកដី រាជរដ្ឋាភិបាលនីតិកាលទី៧ បានបើកឱ្យពលរដ្ឋស្វែងយល់ព្រំដែន និងមូលនិធិព្រំដែន។ នេះជាចំណុចលេចធ្លោមួយដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលទាំងអស់គ្នាបានកត់សម្គាល់រយៈពេលចុងក្រោយនេះគឺ ពាក់ព័ន្ធនឹងការងារព្រំដែនដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដែលធ្វើឱ្យការឃោសនាភូតកុហកនានាសាបរលាបទាំងស្រុង។
លោក ប៉ែន បូណា បានលើកឡើងថា ចំណុចសំខាន់មួយទៀតគឺ អំពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក៏ជាគំនិតផ្តួចផ្តើម និងសម្រេចដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែរ។
សម្តេចធិបតី បានប្រកាសបង្កើតមូលនិធិនេះដោយយោងតាមនិន្នាការពុះកញ្ជ្រោលរបស់ប្រជាពលរដ្ឋដែលចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
សូមបញ្ជាក់ថា បន្ទាត់ព្រំដែនគោករបស់កម្ពុជាជាមួយប្រទេសជិតខាងមានប្រវែង ២៦១៥គីឡូម៉ែត្រ ហើយកន្លងទៅ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានកសាងផ្លូវក្រវាត់ព្រំដែនបាន ៤៨% នៅសល់៥២% ដែលត្រូវកសាងបន្ត។ថវិកាដែលបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋក្នុងមូលនិធិអាចយកទៅកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែង ២៥០គីឡូម៉ែត្រ ស្មើនឹងជាង ១៨%បន្ថែមទៀត នៃបន្ទាត់ព្រំដែនដែលមិនទាន់បានកសាងផ្លូវ។ ដូច្នេះ ភាគរយនៃក្រវាត់ព្រំដែនដែលមិនទាន់បានកសាងផ្លូវថយកាន់តែតិច។
សរុបមកវិញ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ការងារដ៏ធំ និងលេចធ្លោបំផុតមួយរយៈពេលបីខែចុងក្រោយនេះគឺ ការកសាងជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលអំពីកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពឹកដីតាមរយៈការបើកចំហយ៉ាងទលំទូលាយឱ្យប្រជាពលរដ្ឋបានស្វែងយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ដោយមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រឡើយ។បច្ចុប្បន្ន សម្តេចធិបតីបន្តការងារនេះយ៉ាងសកម្មក្នុងទិសដៅឈានទៅបិទបញ្ចប់ជម្លោះផ្ទៃក្នុងរឿងទឹកដីកុំឱ្យប្រវត្តិសាស្ត្រច្រំដែលដោយសារតែការចោទប្រកាន់គ្នារឿងទឹកដី។
ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានកំណត់ការចុះបញ្ជីដីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លី និងផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជា ភូមិឋានក្សេមក្សាន្ត។កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជីបានចំនួន ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណ៧លានបណ្ណ។ ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួន ៣លានក្បាលដី និងចេញបណ្ណចំនួន ៥៩ម៉ឺនបណ្ណ។
ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់ ១,៥ លានក្បាលដី នឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ ការវាស់វែងបញ្ចប់នេះអនុញ្ញាតឱ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ក្រសួងកំពុងដំណើរការវាស់វែងចុះបញ្ជី និងចេញបណ្ណដីរដ្ឋ និងដីសហមូហភាពក្នុងនោះក៏មានដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌរបស់វត្តផងដែរ។
ក្នុងចំណោមវិវាទដីធ្លីចំនួន ១៥ ៦៩០ករណី ក្រសួងបានសម្របសម្រួលដោះស្រាយបាន ១៤៩១៩ករណី គឺនៅសល់តែ ១០៤១ករណីប៉ុណ្ណោះ។ ការដោះស្រាយធ្វើឡើងតាមរយៈ គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ការប្រើប្រាស់មន្ត្រីក្រសួង និងមេធាវីស្ម័គ្រចិត្ត សហការជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ផងដែរ។
តាមរយៈលទ្ធផលនៃការដោះស្រាយវិវាទខាងលើនេះ អាចសន្និដ្ឋានថា ភាពរសើប និងក្តៅគគុកនៃបញ្ហាដីធ្លី ដែលពីមុនត្រូវបានក្រុមប្រឆាំងចាប់យកមកធ្វើជាឧបករណ៍កេងចំណេញនយោបាយ ត្រូវបានបិទបញ្ចប់ហើយ។ ករណីដែលនៅសេសសល់តិចតួច នឹងត្រូវដោះស្រាយបញ្ចប់នាពេលឆាប់ៗខាងមុខ។បច្ចុប្បន្ន ក្រសួងរៀបចំដែនដីបានបង្កើតមជ្ឈមណ្ឌលប្រជាជន (People Center) ដែលប្រមូលផ្តុំទិន្នន័យគ្រប់ប្រភេទ និងដែលកំពុងប្រែក្លាយសេវាសាធារណៈ ៤៩៦មុខ ឱ្យដំណើរការតាមប្រព័ន្ធអនឡាញ ដើម្បីផ្តល់សេវាគាប់ចិត្ត ដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យទទួលបានសេវាងាយស្រួល រហ័សទាន់ចិត្តនិងប្រកបដោយតម្លាភាព៕