
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1974 នាក់
ម្សិលមិញ 12642 នាក់
សរុប 21180710 នាក់
ភ្នំពេញ៖លោកប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា “ប្រទេសទាំងពីរ កម្ពុជា-រវ៉ាន់ដា មានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺរវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ស្របពេលដែលកម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី”។
នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា, ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកប្រធានាធិបតីរវ៉ាន់ដា បានសម្ដែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ រាជរដ្ឋាភិបាល ជាមួយនឹងស្នាមញញឹមរបស់ប្រជាជនកម្ពុជានិងបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈពេលនៃការស្ដារ និងកសាងសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ខណៈដែលរវ៉ាន់ដា ក៏ធ្លាប់ ឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់ប្រហាក់ប្រហែលគ្នានេះដែរ។ ផ្អែកលើចំណងការទូតទ្វេភាគីជាងពីរទសវត្សរ៍កន្លងមកនេះ,
ឯកឧត្ដមប្រធានាធិបតី បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ឯកឧត្តម និងគណៈប្រតិភូនាពេលនេះ នឹងក្លាយជាចលករជំរុញទំនាក់ទំនងទ្វេភាគី រវ៉ាន់ដា -កម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ, ជាពិសេស លើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី, តំបន់ និងសកល។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបន្តស្វែងយល់ពីកាលានុវត្តភាពលើវិស័យសក្តានុពល និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។
បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានចូលរួមជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន ៣ រួមមាន៖១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។៣. កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
សូមបញ្ជាក់ថានៅប្រទេសរវ៉ាដាមានកើតអំពើប្រល័យពូជសាសន៍រវ៉ាន់ដា (Rwandan Genocide) នាកំលុងសង្រ្គាមស៊ីវិលនៅប្រទេសរវ៉ាន់ដា ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំដដែល។ ក្នុងរយៈពេល១០០ថ្ងៃ ជនជាតិភាគតិចទូតស៊ី (Tutsi) ត្រូវបានសម្លាប់យ៉ាងរង្គាលក្នុងយុទ្ធនាការដែលដឹកនាំដោយក្រុមជនជាតិហ៊ូទូ (Hutu)។ ជាក្ដីសង្វេគ មនុស្សប្រហែល៨សែននាក់ត្រូវស្លាប់យ៉ាងអាណោចក្នុងយុទ្ធនាការដ៏សាហាវនេះ។
ករណីយ៍សម្លាប់រង្គាលនេះតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា (ICTR)មួយត្រូវបង្កើតឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩៤ តាមរយៈសេចក្តីសម្រេចលេខ ៩៥៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តុលាការនេះមានទីតាំងនៅទីក្រុង Arusha ប្រទេសតង់ហ្សានី ដើម្បីធានាឯករាជ្យភាព និងសុវត្ថិភាព។ តុលារការនេះមានដែនយុត្តាធិការ. ជម្រះលើអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលបានប្រព្រឹត្តឡើងចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤។
ជាលទ្ធផលការងារ. តុលាការបានចោទប្រកាន់ជនសង្ស័យសំខាន់ៗសរុបចំនួន ៩៣ នាក់ (រួមមានមន្ត្រីយោធា អ្នកនយោបាយ អ្នកជំនួញ និងអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយ) ដោយក្នុងនោះបានផ្តន្ទាទោសចំនួន ៦១ នាក់ និងដោះលែងឱ្យរួចខ្លួនចំនួន ១៤ នាក់។ ICTR គឺជាតុលាការអន្តរជាតិដំបូងគេបង្អស់ដែលបានចេញសាលក្រមផ្តន្ទាទោសលើបទឧក្រិដ្ឋប្រល័យពូជសាសន៍ និងបានកំណត់ថា ការរំលោភសេពសន្ថវៈជាទម្រង់មួយនៃអំពើប្រល័យពូជសាសន៍ (ក្នុងសំណុំរឿង Jean-Paul Akayesu) ព្រមទាំងបានកាត់ទោសអតីតនាយករដ្ឋមន្ត្រី (Jean Kambanda) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។