
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2552 នាក់
ម្សិលមិញ 10609 នាក់
សរុប 21196402 នាក់
ហ្វីលីពីន៖ គណៈប្រតិភូសភាកម្ពុជា បានទទួលការគាំទ្រជាឯកច្ឆន្ទពីបណ្តាប្រទេសជាសមាជិកទាំងអស់ ក្នុងការបញ្ជ្រាបកថាខណ្ឌអាទិភាពស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២០.០០០នាក់ ទៅក្នុងសារផ្លូវការរបស់អាយប៉ា ជូនប្រមុខដឹកនាំអាស៊ាន។
ការគាំទ្រនេះធ្វើឡើងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា (ASEAN-AIPA Interface) លើកទី១៥ និងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីឡា ប្រទេសហ្វីលីពីន ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា អមដំណើរដោយ ឯកឧត្តម ទី សុគន្ធ។
ឯកឧត្តម ហ្វូស្ទីណូ បូជី ជី. ឌី ទី៣ (Faustino Bojie G. Dy III) ប្រធានរដ្ឋសភាហ្វីលីពីន អានសារអាយប៉ាជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក្រោមអធិបតីភាពប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ អ័រ ម៉ាកូស ជេអ័រ (Ferdinand R. Marcos Jr.) បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-ថៃ គោរព និងអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (២៦ តុលា ២០២៥) សេចក្តីថ្លែងការណ៍រួម (២៧ ធ្នូ ២០២៥) និងកិច្ចព្រមព្រៀងរួមហ្វូសៀន (២៩ ធ្នូ ២០២៥)។ ទន្ទឹមនឹងនេះ សាររបស់អាយប៉ាក៏បានបញ្ជាក់ការគាំទ្រចំពោះតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងជំរុញឱ្យភាគីទាំងពីរសម្រួលដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋភៀសសឹកជាង ២០.០០០នាក់ ប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងធានាការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។តួលេខជនភៀសសឹកជាង ២០.០០០នាក់នេះ មិនមែនជាការលើកឡើងតែម្ខាងរបស់កម្ពុជាឡើយ ប៉ុន្តែត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ក្រៅពីបញ្ហាព្រំដែន កម្ពុជាក៏បានរួមចំណែកដាក់បញ្ចូលធាតុចូលយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤បន្ថែមទៀតទៅក្នុងសាររបស់អាយប៉ា រួមមាន ការពង្រឹងគោលការណ៍គ្រឹះអាស៊ានលើការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការពារជនស៊ីវិលជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការឆ្លើយតបបញ្ហាប្រឈមថ្មីៗ ដូចជា អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន ការស៊ើបអង្កេតហិរញ្ញវត្ថុ ការរឹបអូសទ្រព្យសម្បត្តិពីបទល្មើស និងការការពារជនរងគ្រោះ។
កិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា គឺជាយន្តការប្រចាំឆ្នាំដ៏មានសារៈសំខាន់បំផុត ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការនាំយកបំណងប្រាថ្នាពិតប្រាកដរបស់ប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំកំពូល ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងវិបុលភាព៕