
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 449 នាក់
ម្សិលមិញ 21381 នាក់
សរុប 21004816 នាក់
បន្ទាយមានជ័យ៖យោធាថៃបានដាក់ពង្រាយរថក្រោះចំនួន ០២គ្រឿង ដែលមានចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងដែលក្រុមសង្កេតការណ៍អាស៊ានឈរសង្កេតការណ៍ នៅចំណុចតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមក្រសួងការពារជាតិកម្ពុជា ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ភូមិជោគជ័យកាលពីម៉ោង ៩៖៥៤នាទី ព្រឹកថ្ងៃទី៣ ខែវិច្ឆិកាបានឥឲ្យដឹងថា៖ចំពោះតំបន់ភូមិជោគជ័យនេះ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការបង្កការភ័យខ្លាច និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅទីនោះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៩៥១នាក់ ស្មើនឹង ១០៤៥គ្រួសារ (ក្នុងនោះមានកុមារចំនួន ១១៥៥នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
នៅក្នុងថ្ងៃទី៣ ខែវិច្ឆិកា នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក៏បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតំបន់ច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទីដែលកងកម្លាំងយោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពរាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋានថ្មីៗជាបន្តបន្ទាប់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិល ការបង្កការភ័យខ្លាច និងការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកបឹងត្រកួន ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
ក្រសួងការពារជាតិអះអាងថា ការណ៍ដែលកម្ពុជាសម្របសម្រួលជូន AOT ចុះសង្កេតការណ៍ ពិនិត្យ និងផ្ទៀងផ្ទាត់ ដល់ទីតាំងជាក់ស្តែង គឺដើម្បីឱ្យAOT ឱ្យបានឃើញដោយផ្ទាល់នូវផលប៉ះពាល់មនុស្សធម៌ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួនរបស់សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕