
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 28296 នាក់
ម្សិលមិញ 29590 នាក់
សរុប 21070462 នាក់
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានអះអាងជាថ្មីថា ការផ្អាកនាំចូលប្រេងពីថៃជាង៤ខែមកនេះ មិនបានជះផលអវិជ្ជមានលើពលរដ្ឋខ្មែរឡើយ ពោលគឺ កម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ។ ចំពោះតម្លៃប្រេងគឺនៅធម្មតា ដោយនៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជាមិនមានការលក់ឡើងថ្លៃនោះទេ។
ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញលោក កែវ រតនៈ បានលើកឡើងយ៉ាងដូច្នេះថា៖ «បងប្អូនប្រជាពលរដ្ឋអាចដឹងបានហើយថា មានលុយហើយទៅទិញប្រេងបានឬ អត់? សព្វថ្ងៃនេះបងប្អូនមានលុយទៅទិញប្រេងកន្លែងណាក៏បានដែរ។ ដូច្នេះ ការមិនយកប្រេងឥន្ធនៈពីប្រទេសថៃកន្លងមកនេះ មិនផ្ដល់ការប៉ះពាល់ជាវិជ្ជមានទាល់តែសោះ។ ផ្ទុយទៅវិញយើងមានលទ្ធភាពដើម្បីទទួលបានប្រេងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ហើយអត់មានប៉ះពាល់ដល់តម្លៃទេ»។
ក្រៅពីរឿងរក្សាតម្លៃប្រេងអាជ្ញាធរអគ្គិសនីកម្ពុជាក៏ នឹងទម្លាក់កញ្ចប់ថវិការទ្រង់ទ្រាយធំ ដើម្បីដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនតាមបណ្ដោយដងផ្លូវជាតិសំខាន់ៗទូទាំងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ដែលមានការកើនឡើងជាសំដាប់ ដែលមានសមត្ថភាពបញ្ជូលថាមពលយានយន្តរយៈពេលត្រឹម ៣០នាទីអាចបើកបរបានពី ៣រយ ទៅ៤រយគីឡូម៉ែត្រ។ ទន្ទឹមនេះ ក៏នឹងធ្វើការទម្លាក់តម្លៃបញ្ជូលថាមពលមកទាបជាមុនផងដែរ ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំបៃតង និងចីរភាពសកលឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
លោក កែវ រតនៈ បានបញ្ជាក់ថា ការទម្លាក់តម្លៃបញ្ជូលថាមពលអគ្គិសនីមកទាបជាមុននេះ ដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈដែលជះផលប៉ះពាល់បរិស្ថានខ្ពស់ជាងយានយន្តអគ្គិសនី។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ អាជ្ញាធរអគ្គិសនីកម្ពុជា តាមការចង្អុលទិសរបស់ក្រសួងរ៉ែ និងថាមពល និងរាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថាទូទាំងប្រទេសរបស់យើងតាមផ្លូវសំខាន់ៗគឺមានស្ថានីយ៍សាកអាគុយរថយន្ត អាគុយម៉ូតូ ដែលមានល្បឿនលឿន ព្រោះឥឡូវយើងសាកតាមផ្ទះ៦ ទៅ៧ម៉ោងទើបពេញ តែបើសិនថ្ងៃក្រោយយើងទៅផឹកកាហ្វេតាមផ្លូវជាតិ យើងសាកតែ២០នាទី ឬកន្លះម៉ោង យើងអាចរត់បាន៣ ទៅ៤រយគីឡូម៉ែត្រ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផែនការរបស់ក្រសួងរ៉ែ និងថាមពល នឹងត្រូវទម្លាក់ថ្លៃសាករថយន្តដើម្បីកុំឱ្យថ្លៃដូចបច្ចុប្បន្នដែលមានតម្លៃ ១៦០០រៀល ១៧០០រៀល ឬក៏២០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ឱ្យមកនៅក្រោមហ្នឹង។ ចំពោះការពង្រាយប្រព័ន្ធនេះឱ្យកាន់តែច្រើនដើម្បីឱ្យបងប្អូនយើងធ្វើដំណើរទៅណាក៏អត់ខ្លាចថាគ្មានកន្លែងសាកអាគុយយានយន្តដែរ។ ដូច្នេះពេលវេលាខាងមុខ យើងនឹងបានផល គឺយកអគ្គិសនីបៃតងរបស់យើងទៅឱ្យផលក្នុងវិស័យដឹកជញ្ជូន។ ការគិតគូរលើវិស័យអគ្គិសនីនេះ មិនត្រឹមតែចំពោះអ្នកប្រើប្រាស់យានយន្តអគ្គិសនីលក្ខណៈគ្រួសារប៉ុណ្ណោះទេ រាជរដ្ឋាភិបាលកម្ពុជាក៏បានគិតគូរទៅលើវិស័យដឹកជញ្ជូនទំនិញ ឬភស្តុភាកម្ម និងវិស័យកសិកម្មដូចគ្នាដែរ»។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង ខណៈបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿនបំផុត៕