
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 12106 នាក់
ម្សិលមិញ 11560 នាក់
សរុប 21118388 នាក់
ភ្នំពេញ៖ ការនាំចូលទំនិញពីសិង្ហបុរីមកកាន់កម្ពុជា មានការកើនឡើងយ៉ាងគំហុក ចាប់តាំងពីចុងឆ្នាំ២០២៥ មកដល់ដើមឆ្នាំ២០២៦នេះចាប់ពីកម្ពុជា-ថៃកើតមានជម្លោះព្រំដែន និងបានបិទព្រំដែនគោកទាំងស្រុង។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ៣ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលទំនិញសិង្ហបុរីក្នុងទំហំទឹកប្រាក់ជាង ៥៣៧លានដុល្លារ កើនឡើង ២០៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។តែកម្ពុជានាំចេញទៅសិង្ហបុរីវិញមានទំហំទឹកប្រាក់ប្រមាណតែ ជាង១៨លានដុល្លារ កើនឡើង ២៤.២%។ កំណើនបានជំរុញឱ្យទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ សម្រេចបានជាង៥៥៥លានដុល្លារ កើនឡើង១៩១.៨%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ថា កំណើននៃការចូលពីសិង្ហបុរីមកកម្ពុជាហក់ឡើងបែបនេះ បន្ទាប់កម្ពុជា និងថៃកើតមានជម្លោះព្រំដែនជាមួយគ្នា ហើយឈានទៅបិទព្រំដែនគោកទាំងស្រុង ដែលនាំឱ្យកម្ពុជាបង្កើនការនាំប្រេងឥន្ធនៈពីសិង្ហបុរីជំនួសឱ្យការចូលពីថៃ។ ក្រៅពីប្រេងឥន្ធនៈ កម្ពុជាក៏បាននាំចូលទំនិញផ្សេងទៀតពីសិង្ហបុរីជំនួសទំនិញថៃផងដែរ ដូចជាសម្ភារប្រើប្រាស់ផ្សេងៗជាដើម។ លោកបន្ថែមថា ដោយឡែកការនាំចេញពីកម្ពុជាទៅសិង្ហបុរីវិញ ក៏មានកំណើនល្អប្រសើរផងដែរ។ ទំនិញដែលកម្ពុជានាំចេញសិង្ហបុរី រួមមាន ទំនិញវាយនភណ្ឌ និងផលិតផលកសិកម្ម ជាដើម។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានឱ្យដឹងថា បើទោះបីជាប្រទេសសិង្ហបុរី មិនមែនជាប្រទេសផលិតក៏ដោយ ប៉ុន្តែសិង្ហបុរី គឺជាមជ្ឈមណ្ឌលឡូជីកស្ទីក និងជាកន្លែងដែលបែងចែកទំនិញ ដែលនាំពីប្រទេសផ្សេងៗហើយឆ្លងកាត់ប្រទេសសិង្ហបុរី ដោយមានការផ្ទេរពីកប៉ាល់ធំ មកកប៉ាល់តូចនាំចូលកម្ពុជា។ ដូច្នេះហើយទើបសង្កេតឃើញថា តួលេខដែលនាំចេញពីសិង្ហបុរីស្ថិតក្នុងកម្រិតខ្ពស់។ ហើយទំនិញនាំចូលមកនេះ ក៏អាចជាទំនិញដែលនាំចេញពីចិន អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតផងដែរ។
លោកគូសបញ្ជាក់បន្ថែមថា «ការកើនឡើងនេះ ដោយហេតុថា កម្ពុជាយើងឈប់ ឬបន្ថយការនាំចូលទំនិញមួយចំនួន ពីប្រទេសជិតខាងរបស់យើង ដែលកំពុងមានបញ្ហានេះ ដូច្នេះហើយជំនួសឱ្យការនាំចូលពីថៃ យើងបង្វែរនាំចូលពីប្រទេសច្រើនទៀត ដែលជាតម្រូវការរបស់កម្ពុជាយើងផងដែរ»។
បើតាមអ្នកជំនាញដឹកជញ្ជូនរូបនេះ ទំនិញដែលនាំមកពីសិង្ហបុរីភាគច្រើន គឺប្រភេទប្រេងឥន្ធនៈ ឧស្ម័ន គ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី គ្រឿងបន្លាស់ គ្រឿងសំណង់ និងវត្ថុធាតុដើមក្នុងបម្រើក្នុងវិស័យកាត់ដេរ។ ដោយឡែកទំនិញដែលកម្ពុជានាំចេញទៅកាន់សិង្ហវិញ នៅមានទំហំតិចតួចនៅឡើយ ដែលរួមមាន ទំនិញវាយនភ័ណ្ឌ គ្រឿងបង្គុំ និងសម្ភារធ្វើដំណើរជាដើម។
សម្រាប់ការដោះដូរទំនិញរវាងកម្ពុជា និងប្រទេសថៃវិញ សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ៤៣១ លានដុល្លារ នៅរយៈពេល ២ ខែ ដើមឆ្នាំ ២០២៦គឺ ធ្លាក់ចុះ ៤២,៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ។កម្ពុជានាំចេញទំនិញទៅថៃមានតម្លៃជាង ១១២ លានដុល្លារ ធ្លាក់ចុះជិត ៣០% រីឯការនាំចូលមកវិញមានតម្លៃជាង ៣១៨ លានដុល្លារ ធ្លាក់ចុះ ៤៥,៧%។ នេះបើយោងតាមអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោកបណ្ឌិត គុណ ញឹម មានប្រសាសន៍នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ ស្ថានភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានភាពប្រក្រតី ប៉ុន្តែបន្ទាប់ពីមានការបិទព្រំដែនចាប់ពីឆមាសទី២ ការដោះដូរទំនិញបានធ្លាក់ចុះយ៉ាងគំហុក។
លោកបណ្ឌិត បានប្រាប់ថា ទំនិញដែលនៅបន្តនាំចូលពីប្រទេសថៃ មានទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលកមន្តកម្មន្តសាល។ លោកបណ្ឌិតថា៖ «ទំនិញដែលនាំចូលមកប្រើប្រាស់មានការធ្លាក់ចុះជាបន្តបន្ទាប់ ទំនិញដែលហាមឃាត់ធ្លាក់ចុះដល់សូន្យ ប្រេងឥន្ធនៈ និងឧស្ម័នគឺធ្លាក់ចុះដល់សូន្យតែម្ដង»។
ប្រភេទទំនិញមួយក្រុមទៀត ដូចជា គ្រឿងម៉ាស៊ីន និងធាតុចូលផលិតកម្ម ដូចជាគ្រឿងចក្រ គ្រឿងយន្តកសិកម្ម ដែលជាមធ្យោបាយផលិតកម្ម ដែលមានត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូត គឺនៅមានការនាំចូលដើម្បីបម្រើវិស័យរបស់យើង ដែលជាធាតុចូលផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗ មួយចំនួន ដូចជាក្រុមហ៊ុនមេនីបៀ ក្រុមហ៊ុន DENSO ជាដើម ដែលមិនមែនជាទំនិញប្រើប្រាស់ប្រចាំថ្ងៃនោះទេ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ ៣,៦៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨៦% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃ ៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៥%៕