
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1419 នាក់
ម្សិលមិញ 12477 នាក់
សរុប 21121095 នាក់
ខេត្តព្រះវិហ៊ារ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ។
សម្ដេចនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហើបថា ការប្រយុទ្ធក្នុងជម្លោះលើកទីពីរជាមួយភាគីថៃនេះ កម្ពុជាបាត់បង់នូវទីតាំងគ្រប់គ្រងនៅក្នុងតំបន់ខ្លះពិតមែន ប៉ុន្តែរដ្ឋាភិបាល ក៏មិនបោះបង់ចោលទីតាំងទាំងនោះដែរ។ដំណាក់កាលបន្ទាប់នេះ ប្រមុខរដ្ឋាភិបាល កំពុងខិតខំគ្រប់បែបយ៉ាង កុំឱ្យបញ្ហានេះនៅបន្តរ៊ាំរ៉ៃ គឺត្រូវដោះស្រាយបញ្ចប់បញ្ហានេះឱ្យទាល់តែបាន។ ចំណែកដំណាក់កាលទីពីរ រដ្ឋាភិបាលនឹងព្យាយាមស្វែងរកបទឈប់បាញ់ជាលក្ខណៈអចិន្ត្រៃយ៍ដើម្បីធានាសុខសន្តិភាពរបស់ពលរដ្ឋ មិនឱ្យពលរដ្ឋរស់នៅតាមព្រំដែនរស់នៅដោយភាពភ័យខ្លាចរហូតទេ។
«ពិតណាស់ក្រោយពីការប្រយុទ្ធលើកទីពីរនេះ កន្លែងខ្លះយើងបាត់បង់ការគ្រប់គ្រង កន្លែងខ្លះបងប្អូនមិនទាន់អាចត្រឡប់ប៊វិលទៅផ្ទះវិញបាន។ ខ្ញុំដឹងពីការលំបាក និងពីអារម្មណ៍ពីការឈឺចាប់ ពីការព្រួយអារម្មពីអនាគត តែសូមជឿចុះអារម្មណ៍របស់បងប្អូននៅព្រំដែន ឬរស់នៅកន្លែងភៀសសឹកនេះ គឺជាអារម្មណ៍របស់ជាតិខ្មែរយើងទាំងមូល។ ក្នុងនាមរដ្ឋាភិបាល ខ្ញុំយល់ពីអារម្មណ៍នេះ»។
សម្តេចបវរធិបតីបានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។
សម្តេចបវរធិបតីបានបញ្ជាក់ថា "រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។
ក្នុងនោះ ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។
ទី២-ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។
ទី៣-ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាតមានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង"៕