
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3603 នាក់
ម្សិលមិញ 12477 នាក់
សរុប 21123279 នាក់
ភ្នំពេញ៖ ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នៅក្រសួងពាណជ្ជកម្ម លោកស្រីចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើជាធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វជាមួយក្រុមហ៊ុនផលិតចំណីសត្វ ចំនួន ៣ រួមមាន៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង ។
លោកស្រីរដ្ឋមន្ត្រី ក្រសួងពាណិជ្ចកម្មបានគូសបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំង៣ នឹងប្រមូលទិញកសិកផលក្នុងស្រុកប្រចាំឆ្នាំក្នុងបរិមាណសរុប៖ ពោតក្រហម ៥៤.០០០តោន/ឆ្នាំ, ដំឡូងមី ១៣. ០០០តោន/ឆ្នាំ, កញ្ជុងអង្ករ ១២.៨០០តោន/ឆ្នាំ, និងកន្ទក់ ៣០.០០០តោន/ឆ្នាំ។លោកស្រីចមនិមល បានចាត់ទុកតួនាទីនិងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និងបង្កើនឱកាសធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពដល់ប្រជាកសិករខ្មែរ។
ដោយឡែកបើតាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឲ្យដឹងថា៖ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា ក្នុងរយៈពេល ៧ខែដំបូងឆ្នាំ២០២៥នេះ សម្រេចបានតម្លៃទឹកប្រាក់ ៣៦,៣២ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ទិន្នន័យដដែលនេះ បង្ហាញទៀតថា ចាប់ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ កម្ពុជា បាននាំចេញមុខទំនិញនានា មានតម្លៃទឹកប្រាក់ប្រមាណ ១៧,១៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,២% ខណៈការនាំចូលមានតម្លៃទឹកប្រាក់ប្រមាណ ១៩,១៥ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដៃគូពាណិជ្ជកម្មសំខាន់ៗទាំង ១០របស់កម្ពុជា រួមមាន៖ ចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា អាល្លឺម៉ង់ អេស្បាញ ចក្រភពអង់គ្លេស និងឥណ្ឌូណេស៊ី។លើសពីនេះ ការវិនិយោគនៅកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ រួមមាន៖ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់គ្រុងជ្រោយក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានសម្រួលដល់ការទទួលបានទីផ្សារកាន់តែធំ និងកាត់បន្ថយអត្រាពន្ធគយ។
ម្យ៉ាងវិញទៀត អ្នកវិនិយោគ ក៏នឹងទទួលបានការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និងរួមទាំងការកំណត់ពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីកម្ពុជា ក្នុងអត្រា ១៩% ដែលនឹងផ្តល់ឳកាសប្រកួតប្រជែងខ្ពស់សម្រាប់កម្ពុជា ជាមួយបណ្តាលប្រទេសក្នុងតំបន់។
មុខទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ, ផលិតផលកសិកម្ម ដែលមានដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ, គ្រឿងសង្ហារឹម, សំបកកង់រថយន្ត, បន្ទះសូឡា, កង់, សម្ភារអគ្គិសនី, គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត ជាដើម។ ចំណែកមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលវិញ មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ប្រេងឥន្ធនៈ, គ្រឿងអេឡិចត្រូនិក, យានយន្ត និងគ្រឿងចក្រ, សម្ភារសំណង់, គ្រឿងឧបភោគបរិភោគ និងគ្រឿងសម្អាង និងឱសថ និងបរិក្ខាពេទ្យ ជាដើម៕