
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3323 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099090 នាក់
អ៊ុយក្រែន៖កាលពីល្ងាចថ្ងៃសៅរ៍ទី១៩កក្កដា លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានបង្ហោះសារវីដេអូមួយ ផ្ញើទៅកាន់ថ្នាក់ដឹកនាំរុស្ស៊ី ហៅឲ្យរុស្ស៊ីត្រលប់មកបន្តការចរចាឡើងវិញ នៅសប្តាហ៍ក្រោយ។ លោកហ្សេឡេនស្គីអះអាងថា ត្រូវតែប្រឹងប្រែង ពន្លឿនការជួបនិយាយគ្នា ដើម្បីឈានទៅមានបទឈប់បាញ់ទាំងស្រុង។ សូមបញ្ជាក់ថា ការចរចាកាលពីលើកមុននៅទីក្រុងអ៊ីស្តង់ប៊ូល បានលទ្ធផលស្តួចស្តើង ត្រឹមតែការដោះដូរអ្នកទោសគ្នា និងសាកសពទាហានពលីតែប៉ុណ្ណោះ។
ការប្រឹងប្រែងគ្រប់មធ្យោបាយ ត្រូវតែបន្តធ្វើ ដើម្បីឈានទៅរកបទឈប់បាញ់ទាំងស្រុង។ លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ឲ្យដឹងថា លោក Roustem Oumerov ដែលទើបតែត្រូវបានតែងតាំងជា អគ្គលេខាក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិអ៊ុយក្រែន ទើបតែបានផ្ញើលិខិតមួយទៅកាន់ភាគីរុស្ស៊ី ដើម្បីណាត់ជួប បន្តការចរចានៅសប្តាហ៍ក្រោយ។ ដូច្នេះ រុស្ស៊ីត្រូវតែឈប់គេចវេស ពីការសម្រេចចិត្តរបស់ខ្លួនតទៅទៀត។លោកហ្សេឡេនស្គី បានបន្ថែមទៀតថា លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួបចរចាដោយផ្ទាល់ អង្គុយទល់មុខ លោកពូទីន។ លោកហ្សេឡេនស្គីអះអាងថា ជំនួបរវាងថ្នាក់ដឹកនាំកំពូល វាគឺជារឿងចាំបាច់ខ្លាំងណាស់ ដើម្បីឈានទៅកសាងសន្តិភាពមួយដ៏ពិតប្រាកដ រវាងអ៊ុយក្រែននិងរុស្ស៊ី។
សូមរំលឹកថា ការចរចាច្រើនដងនៅទីក្រុងអ៊ីស្តង់ប៊ូល កាលពីប៉ុន្មានខែមុន ដែលមានតួកគីជាអ្នកសម្របសម្រួល គឺបានលទ្ធផលតិចតួចបំផុត។ ភាគីទាំង២ អ៊ុយក្រែននិងរុស្ស៊ី បានត្រឹមតែស្រុះស្រួលគ្នា ដោះដូរអ្នកទោសគ្នា និងបញ្ជូនសាកសពទាហានពលី ឲ្យគ្នាទៅវិញទៅមក។ អ៊ុយក្រែនបានទាមទារបទឈប់បាញ់ទាំងស្រុង តែផ្ទុយទៅវិញ រុស្ស៊ីរិតតែបន្ថែមការវាយប្រហារឥតស្រាកស្រាន្ត តាមរយៈការបាញ់ប្លោងគ្រាប់មីស៊ីល និងដ្រូនម្តងៗរាប់រយគ្រឿង បណ្តាលឲ្យស្លាប់ប្រជាជនស៊ីវីលអ៊ុយក្រែនច្រើនសិបនាក់ គិតចាប់ពីខែមិថុនាមក។ជាក់ស្តែងកាលពីថ្ងៃទី១៩កក្កដាយោធារុស្ស៊ីបានបើកយុទ្ធនាការវាយជើងគោកដើម្បីដណ្តើមយកទីក្រុងមួយនៃតំបន់ដូណិតដែលទាហ៊ានអ៊ុក្រែនឈរជើងកាន់កាប់។ទាហ៊ានអ៊ុយក្រែនបានសុំជំនួយទាំងកាំភ្លើងធំនិងយន្តហោះដើម្បីទប់ទប់ការវាយប្រហារនេះ។
ជាមួយគ្នានេះករណីយ៍សុំចរចារនេះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែវត្ថុបំណងចម្បងរបស់មូស្គូ នោះគឺ សម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ថ្លែងប្រាប់ទូរទស្សន៍រដ្ឋរុស្ស៉ីកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាពិភពលោកបានសុំាទៅហើយ ចំពោះពាក្យសម្ដីធ្ងន់ៗមួយចំនួនរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ប៉ុន្តែបើតាមលោក Peskov លោក ត្រាំ ក៏បានគូសបញ្ជាក់ផងដែរនៅក្នុង ការអត្ថាធិប្បាយជាច្រើនពាក់ព័ន្ធនឹងរុស្ស៉ីថារូបលោកនឹងបន្តស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។ «លោកប្រធានាធិបតី ពូទីន បានលើកឡើងម្ដងហើយម្ដងទៀតពីបំណងប្រាថ្នារបស់លោកក្នុងការស្វែងរកសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ តែនេះជាដំណើរផ្លូវដ៏វែងឆ្ងាយមួយ និងមិនងាយស្រួលនោះទេ»។ នេះជាការបញ្ជាក់របស់លោក Peskov ដោយបន្ថែមថា «វត្ថុបំណងចម្បងរបស់យើង គឺសម្រេចឱ្យបាននូវគោលដៅរបស់យើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានគំរាមយកពន្ធគយ ១០០ភាគរយលើរុស្ស៉ី និងបណ្ដាប្រទេសទាំងឡាយណាដែលទិញប្រេង ឬធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី ព្រមទាំងប្រកាសបញ្ជូនអាវុធបន្ថែមឱ្យអ៊ុយក្រែន។ លោក ត្រាំ បានទុកពេលឱ្យរុស្ស៉ី ៥០ថ្ងៃ ដើម្បីទទួលយកបទឈប់បាញ់ បើពុំដូច្នោះទេ រុស្ស៉ីនឹងត្រូវជាប់ទណ្ឌកម្មនេះ។
ទន្ទឹមគ្នានិងការផ្ញើសារសុំចរចារនេះដែរអ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ លើទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី ខណៈអាកាសយានដ្ឋាន Domodedovo, Vnukovo, Sheremetyevo និង Zhukovsky របស់ទីក្រុងមូស្គូត្រូវបង្ខំចិត្តបិទជាបណ្តោះអាសន្ន។តាមការចុះផ្សាយរបស់ RT, ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿងបានវាយប្រហាររដ្ឋធានីមូស្គូនិងតំបន់ជុំវិញ នាវេលាម៉ោង២រំលងអធ្រាត្រ ប៉ុន្តែបើយោងតាមអភិបាលក្រុងលោក Sergey Sobyanin បានឲ្យដឹងថា មិនមានការខូចខាតធំដំខ្លាំងណាស់ណាឬបណ្តាលឲ្យមានជនរងគ្រោះទេ។យ៉ាងណា បើតាមរបាយការណ៍របស់សេវាគ្រាអាសន្នរុស្ស៊ី, មានអគារកម្ពស់ខ្ពស់មួយក្នុងតំបន់ Zelenograd ត្រូវរងការខូចខាត ខណៈរថយន្ត២គ្រឿងនៅលើផ្លូវត្រូវឆេះដោយសារតែបំណែកដ្រូន ធ្លាក់ចំ។
សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំលើកមុននៅប្រទេសតួគីកាលពីខែមិថុនា គណៈប្រតិភូរុស្ស៊ី បានដាក់លក្ខខណ្ឌថា ខ្លួននឹងព្រមឈប់បាញ់បើទីក្រុងកៀវចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយក្នុងនោះរួមមានទាំងការផ្អាកជំនួយលោកខាងលិចផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន បានច្រានចោលលក្ខខណ្ឌនេះ ដោយអះអាងថា មិនអាចទៅរួច។
សម្រាប់ការសន្យាផ្តល់ការលក់អាវុធឲ្យណាតូដើម្បីយកមកផ្គត់ផ្គង់អ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហើបថា លោកកំពុងពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញ«កិច្ចព្រមព្រៀងដ្រូនដ៏ធំមួយ» ដែលជាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រជាជាតិទាំងពីរ។យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែកក្កដា លោក ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះ នឹងអនុញ្ញាតឲ្យអាមេរិកទិញដ្រូនដែលសមត្ថភាព និងធ្លាប់សាកល្បងលើសមរភូមិប្រយុទ្ធពិតៗ ពីអ៊ុយក្រែន ខណៈអ៊ុយក្រែននឹងទទួលប្រព័ន្ធអាវុធទំនើបរបស់អាមេរិកជាថ្នូរវិញ។ មេដឹកនាំអ៊ុយក្រែន បានពណ៌នាអំពីគោលគំនិតនេះថាជាយន្តការ «ឈ្នះ-ឈ្នះ» ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ចំពេលមានការវិវត្តនៃការគំរាមកំហែងផ្នែកសន្តិសុខពិភពលោក។
លោក ហ្សេលេនស្គី បានលើកឡើងថា «ដ្រូនរបស់យើងកំពុងដំណើរការនៅជួរមុខជាមួយនឹងលទ្ធផលដ៏អស្ចារ្យ។ នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងយោធាប៉ុណ្ណោះទេ វាបញ្ជាក់អំពីការពង្រឹងទំនុកចិត្ត និងការពង្រឹងសម្ព័ន្ធភាពរបស់យើង»។ លោកបន្ថែមថា «ប្រជាជនអាមេរិកត្រូវការបច្ចេកវិទ្យានេះ ហើយអ្នកត្រូវមានវានៅក្នុងឃ្លាំងអាវុធរបស់អ្នក។ យើងនឹងត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកបទពិសោធន៍នេះជាមួយអាមេរិក និងដៃគូអឺរ៉ុបផ្សេងទៀត»។
អ៊ុយក្រែន បានក្លាយជាប្រទេសមួយក្នុងចំណោមអ្នកអភិវឌ្ឍដ្រូនវាយប្រហារដ៏ទំនើបបំផុតលើពិភពលោក ក្នុងអំឡុងពេលសង្គ្រាមជាមួយរុស្ស៊ី។
គ្រាន់តែនៅឆ្នាំ២០២៥នេះ កងកម្លាំងអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងផលិតដ្រូនរយៈចម្ងាយឆ្ងាយជាង ៣០ ០០០គ្រឿង ដែលភាគច្រើនមានសមត្ថភាពវាយប្រហារគោលដៅរហូតដល់ ១ ៣០០គីឡូម៉ែត្រ។សហរដ្ឋអាមេរិកកំពុងស្វែងរកការធ្វើទំនើបកម្មសមត្ថភាពដ្រូនរបស់ខ្លួន ចំពេលមានការព្រួយបារម្ភថា រុស្ស៊ី និងចិនកំពុងវ៉ាដាច់ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្មានមនុស្សបើក។ កម្មវិធីដ្រូនមួយចំនួនរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បានទទួលបរាជ័យ ដែលទាមទារឲ្យមានតម្រូវការសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណែទម្រង់ប្រយុទ្ធ ដែលទាំងនេះសុទ្ធតែជាអ្វីដែលអ៊ុយក្រែនអាចផ្ដល់ឲ្យបានតាមរយៈបទពិសោធន៍ជាក់ស្ដែងលើសមរភូមិសង្គ្រាមជាមួយរុស្ស៊ី៕