
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1260 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120936 នាក់
ស្ទឹងត្រែង៖ គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ – ឡាវ-កម្ពុជា បានជួបពិភាក្សាការងារជាមួយគ្នានៅសាលាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ។កិច្ចពិភាក្សាដែលខេត្តស្ទឹងត្រែងជាអ្នកដឹកនាំការងារពិភាក្សា បានផ្តោតសំខាន់លើការលើកទឹកចិត្ត ការអបអរសាទរចំពោះការបោះបង្គោលលេខ០៣៣ ដែលត្រូវបានបោះរួចកាលពីអំឡុងខែមករា ឆ្នាំ២០២៥ និងការដាក់គោលការណ៍រួមគ្នាដើម្បីអនុវត្តការបោះបង្គោលព្រំដែន និងបង្គោលបំពេញវន្ថែមនៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ជាបន្តទៅទៀត។
ខេត្តស្ទឹងត្រែងមានព្រំប្រទល់ជាប់គ្នាជាមួយខេត្តចំនួនពីររបស់ប្រទេសឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ ដែលមានប្រវែងព្រំប្រទល់ជាប់គ្នាប្រហាក់ប្រហែល២៥៧គីឡូម៉ែត្រ។ បច្ចុប្បន្ន ខេត្តស្ទឹងត្រែង និងខេត្តនៃប្រទេសឡាវបានឯកភាពគ្នាបោះបង្គោលព្រំដែនបានជាង៧០% ហើយនៅសល់តែជាង២០%ទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជាស្ថាពរ។
ចំពោះផ្លូវក្រវាត់ព្រំដែនវិញ ក៏បានស្ថាបនាទៅដល់បង្គោល០៧៨ ក្នុងតំបន់ភូមិសាស្ត្រកោះទន្សាយហើយដែរ ដែលជាតំបន់ខ្ពស់ៗ ហើយកំពុងបន្តត្រួសត្រាយទៅមុខទៀតជាបណ្តើរៗផងដែរ រហូតដល់បង្គោលលេខ០៩៩ជាប់ខេត្តរតនគិរី និងខេត្តអត្តពឺ នៃប្រទេសឡាវ។លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់ចំពោះក្រុមគណៈកម្មការចម្រុះកិច្ចការព្រំដែន នៃភាគីទាំងសងខាង គឺបានប្រឹងប្រែងដោយឈរលើគោលការណ៍ស្មើភាពគ្នា ចំពោះប្រជាជនទាំង២។ បេសកកម្មនេះ ជាបេសកកម្មសន្តិភាព ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ដែលចង់កសាងសន្តិភាពសម្រាប់ជាតិទាំងសងខាង ផ្តល់ឱកាសឱ្យប្រជាជនរស់នៅបានសុខដុមរមនាតរៀងទៅ។