
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1475 នាក់
ម្សិលមិញ 12477 នាក់
សរុប 21121151 នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន ជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយសមាជិកគណបក្សថ្មីដែលរត់ចេញពីគណបក្សផ្សេងមកចុះចូលចំនួន២៣៦៥នាក់ ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះសមាជិកថ្មី ដែលជាអតីតមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សនានា ដែលបានសម្រេចចិត្តចូលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី និងសមិទ្ធផលដែលទទួលបានរយៈពេលមួយឆ្នាំកន្លងទៅ ដោយសម្ដេចបានបញ្ជាក់ថា មានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់។សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដែលជាគោលដៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសក្នុងគោលដៅរយៈពេលវែង និងក្នុងរយៈពេលខ្លីផងដែរ។
ដោយគោលដៅអភិវឌ្ឍប្រទេសក្នុងរយៈពេលវែងមានចំនួន៤ចំណុច រួមមាន ត្រូវរក្សាឲ្យបាននូវកត្តាសន្តិភាព។ ត្រូវខិតខំដើម្បីឱ្យប្រទេសចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅត្រឹមឆ្នាំ២០២៩។ ត្រូវខិតខំជំរុញប្រទេសឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ខិតខំសម្រេចឱ្យបានជាប្រទសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ចំណែកគោលដៅរយៈពេលខ្លី និងមធ្យម សម្ដេចតេជោបានផ្តល់នូវអនុសាសន៍ចំនួន៤ចំណុចដូចគ្នា ដែលមានដូចជា ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានល្អប្រសើរ។ រក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណា។ ខិតខំរួមគ្នាវិលទៅរកកំណើនសេដ្ឋកិច្ចដូចមុនកូវីដ១៩ក្នុងរង្វង់៧%។ ប្តេជ្ញាកម្ចាត់ចោលក្រុមបដិវត្តន៍ពណ៍ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យ។
មានការកត់សម្គាល់ថាក្រោមយុទ្ធសាស្ត្រឌីហ្វីត(DFID)ពាក្យពេញDivide(បំបែក)Isolate(ធ្វើឲ្យ៉កោ),Finish(បញ្ចប់),Integrate(ធ្វើសមាហរណកម្ម),Develop(អភិវឌ្ឈន៍)ដែលទទួលបានជោគជយ័ក្នុងការកំទេចចលនាយោធានិងនយោបាយខ្មែរក្រហមនាពេលកន្លងមកឡូវវាក៏បានធ្វើឲ្យសមាជិករបស់គណបក្សនយោបាយដទៃមានដូចជាគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ អតីតគណបក្សសង្គ្រោះជាតិជាដើមដើរចេញពីបក្សនយោបាយចាស់របស់ពួកគេ ហើយចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ២០២៤។មូលហេតុមកពីពួកគេលែងមានសង្ឃឹមលើគណបក្សចាស់របស់ខ្លួនដែលរងការបែកបាក់បាត់មេបាត់កើយ។
យោងតាមរបាយការណ៍របស់លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារកសាងចលនាសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឲ្យដឹងថា ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្សនៅមូលដ្ឋានរាជធានី-ខេត្តបានបង្កើតឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗបានចំនួន ១៤៥៣៩នាក់ ក្នុងនោះថ្នាក់រាជធានី និងថ្នាក់ខេត្តចំនួន ៧៧៤នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១នាក់ និងថ្នាក់ឃុំ-សង្កាត់ចំនួន ១២១៧៤នាក់៕