
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3653 នាក់
ម្សិលមិញ 12477 នាក់
សរុប 21123329 នាក់
ភ្នំពេញ៖ កម្ពុជា និងអ៊ុយក្រែន បានពិភាក្សាទៅលើលទ្ធភាពក្នុងការចរចា និងការឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការជំរុញ និងការការពារអ្នកវិនិយោគទៅវិញទៅមក ដែលនឹងនាំយកវិនិយោគិនអ៊ុយក្រែនមកកម្ពុជា ខណៈពិភពលោកកំពុងកត់សម្គាល់នូវអស្ថេរភាពដោយសារសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
កិច្ចពិភាក្សាការចរចាទ្វេភាគីនេះ ត្រូវបានធ្វើឡើង វាងលោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Taras Kachka អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសអ៊ុយក្រែន និងជាអ្នកតំណាងពាណិជ្ជកម្មអ៊ុយក្រែន ព្រមទាំង លោក Oleksandr Gaman ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសអ៊ុយក្រែនប្រចាំវៀតណាម និងជាឯកអគ្គរដ្ឋទូតអនិវាសនជនកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
លោក សរ សិនិរ៉ា បានសម្ដែងការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅដល់សមភាគីអ៊ុយក្រែន ដែលបានអញ្ជើញជួបពិភាក្សាដោយផ្ទាល់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគី ព្រមទាំងស្វែងយល់ពីវិស័យសក្តានុពលសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។
លោក សរ សិនិរ៉ា បានលើកឡើងអំពីភាពបើកចំហរនៃទីផ្សារវិនិយោគនៅកម្ពុជា ដោយវិនិយោគិនបរទេសរួមទាំងអ៊ុយក្រែន អាចវិនិយោគលើគ្រប់វិស័យ ដោយទទួលបានការធានា ការការពារ និងការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ដូចមានកំណត់ក្នុងច្បាប់ ស្តីពីវិនិយោគ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា។
លោកសរសិនិរ៉ា ក៏បានសង្កត់បញ្ជាក់ទៅគណៈប្រតិភូអ៊ុយក្រែនថា ទន្ទឹមនឹងលក្ខខណ្ឌគតិយុត្តដែលមានលក្ខណៈអំណោយផលសម្រាប់ការវិនិយោគ កម្ពុជាដែលមានប្រជាជនប្រមាណជិត ១៧លាននាក់ អាចជាមូលដ្ឋានផលិតកម្មប្រកបដោយទំនុកចិត្តរបស់វិនិយោគិនអ៊ុយក្រែន ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាព និងទីផ្សារធំទូលាយ។ ជាក់ស្តែង ផលិតផលដែលផលិតនៅកម្ពុជា អាចនាំចេញទៅទីផ្សារនៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រជាជនប្រមាណ ៣៣០លាននាក់ ទីផ្សារអាស៊ានដែលមានប្រជាជនប្រមាណ ៦៧១ លាននាក់, ទីផ្សារ RCEP ដែលមានប្រជាជនរហូតដល់ ២,៣ពាន់លាននាក់ រួមទាំងទីផ្សារអឺរ៉ុប និងទីផ្សារសហរដ្ឋអាមេរិក ជាដើម។
លោក Taras Kachka បានសម្ដែងនូវការសាទរចំពោះព័ត៌មានដ៏ប្រពៃនេះ និងបានគូសបញ្ជាក់ផងដែរថា ប្រទេសអ៊ុយក្រែន ជាប្រទេសដែលមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម ជាពិសេស ជី និងចំណីសត្វ ព្រមទាំងជាប្រទេសដែលត្រូវបានគេទទួលស្គាល់ទៅលើការផ្តួចផ្តើមវិស័យបច្ចេកវិទ្យាព័ត៌មាន (IT Initiatives)៕