
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1251 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120927 នាក់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែននាយឧត្តមសេនីយ៍ផ្កាយមាស៥ ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសប្រកាសឲ្យធ្វើប្រធាន១ជីវិត។
ថ្លែងបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាចគឺគណបក្សប្រជាជនបានមានប្រសាសន៍័ឲ្យដឹងថា៖ថ្ងៃនេះ មហាសន្និបាតបានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍ បូកសរុបលទ្ធផលការងារ ១០ឆ្នាំ និង ទិសដៅអនុវត្តបន្ត និង លក្ខន្តិកៈថ្មី របស់សមាគម ព្រមទាំង សេចក្តីសម្រេចចិត្តមហាសន្និបាត ។ ក្នុងន័យនេះ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះ របស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.» ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគម ។
ទាក់ទងការច្របាច់បញ្ជូលគ្នានេះសម្តេចតេជោ ហ៊ុន សែន លើកឡើងថា "ខ្ញុំលើកជាឧទារណ៍ថា នៅពេលបុណ្យទានម្តងៗ អតីតយុទ្ធជន ត្រូវបានអញ្ជើញឱ្យចូលរួម ប៉ុន្តែមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍ មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។ ប៉ុន្តែជាសំណាងល្អ នារយៈពេលកន្លងទៅនេះ ក្រសួង និងស្ថាប័ននីមួយៗ តែងតែអញ្ជើញនូវមន្ត្រីរាជការមកចូលរួមដែរ។ ដូច្នេះនៅពេលក្រោយ យើងនៅក្រោមដំបូលនេះ យើងមានលក្ខន្តិកៈត្រឹមត្រូវ យើងកាន់តែប្រមូលផ្តុំកម្លាំង ទាំងអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលសមាគមនេះ។ ការធ្វើបែបនេះ ដើម្បីកុំឱ្យពួកគាត់ឃ្លាតឆ្ងាយពីយើង នៅពេលដែលគាត់ប្រឹងប្រែងស្ទើតែមួយជីវិត"។
សម្តេចតេជោ ហ៊ុន សែន ប្រកាសជាមុនថា នៅពេលណាមួយដែលសម្តេចធ្វើការលែងកើតនោះ អនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជន ត្រូវចូលកាន់តំណែងជាប្រធានសមាគម។ទាក់ទងបញ្ហាអនុប្រធានសមាគមនេះដែរសម្តេចតេជោ ហ៊ុន សែនបាន ប្រកាសពីបំណងជ្រើសយកអ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប និងអ្នកឧកញ៉ា វិញ ហួរ ក្រុមប្រឹក្សាអភិបាលក្រុមហ៊ុនកំពង់ផែពហុបំណងកំពត ឱ្យធ្វើជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានលោកជាប្រធានសមាគមនេះ ដើម្បីជួយទប់ទល់ក្នុងការចំណាយ សម្រាប់ដំណើរការជួយឧបត្ថម្ភគាំទ្រដល់ក្រុមអតីតយុទ្ធជន ដែលបានចូលនិវត្តន៍។ ការណ៍ដែលលោកចង់បានមហាសេដ្ឋី មានលុយវាល់លានដុល្លារមកនៅក្បែរខ្លួនបែបនេះ ដោយសារអនុប្រធានសមាគមរបស់លោក ដែលជាមន្ត្រីធំៗនោះសុទ្ធតែអ្នកខ្សត់លុយ?។
សម្តេចតេជោហ៊ុន សែន ថ្លែងថា៖«តែមិនស្រួលរើសលាង ឃុន អ្នកមានលុយ រើស២-៣នាក់ឱ្យធ្វើទីប្រឹក្សាកិត្តិយស ឬក៏ដាក់ចូលក្នុងអនុប្រធានឥឡូវហ្នឹង។ ដាក់២-៣នាក់ មកឱ្យធ្វើជាអនុប្រធានហ្ម៉ង។ វិញ ហួរ អី ស្ម័គ្រចិត្តធ្វើអនុប្រធានឱ្យធ្វើអនុប្រធាន។ «រើសឧកញ៉ាៗមួយចំនួន ដែលស្ម័គ្រចិត្តចូលរួមជួយ ធ្វើអនុប្រធានមើល៍។ ពេលខ្លះយើងពឹងអនុប្រធានហ្នឹងជួយការងារយើងផង ជួយលុយយើងផង។ លុយជាអំណាចមួយណា៎ តិចទៅថាលុយមិនមែនជាអំណាច ! អត់មានលុយធ្វើអីអត់កើតទេ និយាយឱ្យច្បាស់។ សមាគមនេះអត់លុយ អត់ដើរទេណា៎ប្រាប់ឱ្យហើយ»។
ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិភាព សង្គមប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល និងគ្រួសារ ឱ្យប្រកបដោយសុខុដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាអតីតយុទ្ធជនកម្ពុជា» បង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងស្ថិតិអតីតយុទ្ធជន ឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់របបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជន ព្រមទាំង សម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមនេះ តាមរយៈការបើកផ្តល់របបសន្តិសុខសង្គមមួយខែពីរដង ការដកប្រាក់តាមប្រព័ន្ធ ATM របស់ធនាគារនៅតាមរាជធានីខេត្តទាំង ២៥ និងការដំឡើង របបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជនរហូតដល់កម្រិតទាបបំផុតចំនួន ៨៤៥ ០០០ រៀល ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតចាប់ពីខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដំឡើងរបបសន្តិសុខសង្គម ប្រចាំខែជូនអតីតយុទ្ធជន(និវត្តជន ជនបាត់បង់សមត្ថភាពការងារ និង ជនពិការ) និងអតីតមន្ត្រី រាជការស៊ីវិល (និវត្តជន និង ជនបាត់បង់សម្បទាវិជ្ជាជីវៈ) ដល់កម្រិតទាបបំផុតចំនួន ៨៤៥ ០០០ រៀលក្នុងមួយខែ។
ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និង សុខដុមរមនាក្នុងសង្គម របស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និង គ្រួសារ សម្តេចសូមផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោមឲ្យស្ថាបន័នីតិប្រតិបត្តិអនុវត្តន៍រួមមាន៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្តល់ប្រាក់ របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិល ឱ្យបានទាន់ពេលវេលា និង ទៀងទាត់ តាមការកំណត់របស់រាជរដ្ឋាភិបាល។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដី បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជន និង គ្រួសារ ព្រមទាំងបន្តប្រមូល និង គ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្តែង របស់អតីតយុទ្ធជន និង គ្រួសារដែលក្រីក្រលំបាក ដើម្បីបង្កលក្ខណៈឱ្យគ្រួសារទាំងនោះ ទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី មធ្យម និង វែង ការផ្តល់អាហារូបករណ៍ ដល់កូនរបស់អតីតយុទ្ធជន ការផ្តល់ឥណទានខ្នាតតូច ការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ ជួយសម្រួល និង កែលម្អ ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និង គ្រួសារ ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង គណៈកម្មាធិការសម្បទាន ដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្តពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្តល់សម្បទានដីសង្គមកិច្ច ជូន អតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និង និវត្តជន ដែលក្រីក្រពិតប្រាកដ ។
សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និង និវត្តជន ដែលមានស្នាដៃ និង មានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍ ។ករណីនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាស សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន១០០ខ្នងក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣០។
សម្តេចតេជោ ហ៊ុន សែន ព្រះបរមរាជានុញ្ញាតសម្តែងនូវ កតញ្ញូតាធម៌ និង អំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសបំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ដែលព្រះអង្គទាំងទ្វេ ទ្រង់តែង តែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងផ្តល់ការឧបត្ថម្ភគាំទ្រចំពោះ អតីតយុទ្ធជន និវត្តជន គ្រួសារពលី ពិការ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរៀបចំបញ្ចូលគ្នា ឱ្យមាននូវក្របខណ្ឌនៃអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងការចូលរួមជាបន្តទៀត របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីធ្វើដំណើររួមគ្នា នាពេលអនាគត។
សូមជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន និងបានបើកមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី១ នៅខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយ ដែលពុំធ្លាប់មាននៅកម្ពុជា៕