
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1255 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120931 នាក់
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។
តាមរយៈសារលិខិតអបអរសាទរ ខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទះ ដើម្បីសហគមន៍មានសុវត្ថិភាព» សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ក៏បានក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈ សកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធី សិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាអាទិ៍តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តប័ណ្ណនានា។
អាជ្ញាធរមីនត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំនិងទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំង រៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ដែលរង ផលប៉ះពាល់ និងឥរិយាបថរបស់ជនងាយរងគ្រោះ។
សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី បន្ថែមទៀតថា អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តកៀរគរធនធាន ប្រកបដោយនវានុវត្តន៍ ជាពិសេសបន្តជំរុញការចូលរួមពីវិស័យឯកជននិងសប្បុរសជន ក្នុងដំណើរ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេលោកហេតរតនាសប៊ុកផ្លូវការរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានឱ្យដឹងថា កុមារពីរនាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ៦៦ មម សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
ទាក់ទងរឿងលុយជំនួយដែលជួយស៊ីម៉ាកតាមរយៈអង្គការជំនួយអាមេរិកដែលផ្អាកកាលពីខែមករាមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលការបញ្ជាក់ជាផ្លូវការពីក្រសួងការបរទេសអាមេរិក ដែលសម្រេចអនុញ្ញាតឲ្យគម្រោងសកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលស្ថិតក្រោមជំនួយអាមេរិកដំណើរការឡើងវិញ។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានសម្តែងនូវការសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក។ លោក ហេង រតនាថា CMACនឹងបន្តស្នើសុំជំនួយពីអាមេរិករយៈពេល៣ឆ្នាំទៀត ខណៈគម្រោងបោសសម្អាតមីនគាំទ្រដោយជំនួយអាមេរិកបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៥នេះ។