
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2066 នាក់
ម្សិលមិញ 24358 នាក់
សរុប 21097833 នាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងកម្មវិធីអប់រំរបស់ខ្មែរ។ សម្តេចមហាបវរធិបតី ជំរុញថា ជនជាតិខ្មែរ ត្រូវតែរៀនភាសាខ្មែរ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមុន (ក្រុមប្រឆាំង) ទៅស្រែកថា ក្រសួងអប់រំ ដាក់បញ្ចូលភាសាវៀតណាម ទៅក្នុងប្រព័ន្ធ (អប់រំ) គេថាជាភាសាជាតិ។ អត់មានទេ ខ្ញុំសូមបញ្ជាក់ថា ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា»។
បើតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានដាក់គោលនយោបាយពង្រឹងភាសាខ្មែរតាំងពីថ្នាក់បឋម។ សម្តេច ក៏បង្ហាញមោទនភាព ដែលភាសាខ្មែរពីមុនមានតែតាមសិលាចារឹក សាស្ត្រាស្លឹករឹត តែឥលូវមាននៅលើក្តារចុច និងតាម Google ផងដែរ ដែលសម្តេចចាត់ទុកថា នេះហើយជាការរក្សាភាសាខ្មែរ និងលើកតម្លៃភាសាខ្មែរ។សូមរំលឹកថាកាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ថ្លែងពីខេត្តកំពង់ឆ្នាំង សម្តេចចង់ឃើញសិស្សសាលា ត្រូវមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌ ផងដែរ។
កន្លងទៅរាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។ លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាត ក្នុងវិស័យអប់រំកន្លងមក សំដៅឈានទៅសម្រេចតាមគោលដៅ នៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍៖ ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោល ដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ជាដើម។
ក្រសួងអប់រំ បាននិងកំពុងពង្រឹង គុណភាពនៃការអប់រំកម្រិតបឋមសិក្សាតាមរយៈ៖ ១. ការលើកកម្ពស់អំណានដំបូង ២. គណិតវិទ្យាថ្នាក់ដំបូង, ៣. បង្កើនចំនួនគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣, និង ៤. បង្កើត «សាលាគំរូ អំណាននិងគណិតថ្នាក់ដំបូង»។ទាក់ទងការប្រឡងបាក់ឌុបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាការធ្វើឲ្យអាណាព្យាបាល និងសិស្ស ផ្លាស់ប្ដូរផ្នត់គំនិតពីការរត់ទៅពឹងពាក់អ្នកដទៃដើម្បីទទួលបានជោគជ័យក្នុងការប្រឡង មកភាពម្ចាស់ការប្រឹងប្រែងពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់បុគ្គលសិស្សម្នាក់ៗ។
«ការប្រឡងរឿងជាប់ធ្លាក់ សុក្រឹត្យភាពជារឿងមួយដែលយើងចង់បាន ប៉ុន្ដែអ្វីជាគោលដៅធំគឺផ្លាស់ប្ដូរផ្នត់គំនិតទើបមានចីរភាព។ ប្ដូរផ្នត់គំនិតពីការពឹងអ្នកក្រៅខ្លួន មកពឹងក្នុងខ្លួន ពីឪពុកម្ដាយដែលខំទៅចរចាលោកគ្រូ អ្នកគ្រូ ឲ្យជាប់ មកជាខំប្រឹងដេញកូនឲ្យទៅរៀន ព្រោះជួយលែងបានហើយ»។សម្ដេចបានលើកឧទាហរណ៍ថា ប្រសិនបើឪពុក ម្ដាយ រត់ការពឹងអ្នកដទៃដើម្បីឲ្យកូនជោគជ័យត្រឹមការប្រឡងបាក់ឌុបនោះមិនមាននិរន្ដរ៍ភាពឡើយ ព្រោះកូនៗរបស់ពួកគាត់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនទៀតនៅពេលខាងមុខ ដូច្នេះឪពុក ម្ដាយ មិនអាចដឹកដៃកូនរហូតបានឡើយ។
ឆ្នាំ២០២៤នេះជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវការផ្តល់ការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។ការជួបសំណេះសំណាល និងផ្តល់រង្វាន់នេះ គឺជាការអនុវត្តន៍បន្តនូវសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនីតិកាលទី៥ ពោលគឺនៅក្នុងឆ្នាំ២០១៤ សម្តេចតេជោ បានសម្រេចផ្តល់កិត្តិយសឱ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច។ ឆ្នាំ២០១៤ ជាឆ្នាំធ្វើកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលលោក ហង់ជួន ណារ៉ុន ចូលកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឆ្នាំ២០១៤ មានបេក្ខជនទទួលបាននិទ្ទេស A តែ ១១នាក់ប៉ុណ្ណោះ។
ខាងក្រោមនេះ ជាលទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូត ដល់ឆ្នាំ២០២៤៖ ឆ្នាំ២០១៤ ការប្រឡងលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយ និងលើក ទី២ បេក្ខជនប្រឡងជាប់ ១៧,៩២ ភាគរយ។ បេក្ខជនទទួលបាននិទ្ទេស A មាន ចំនួន ១១នាក់។ ឆ្នាំ២០២៣ បេក្ខជនប្រឡងជាប់ ៧២,៨៩ ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.៦៩១នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់)។ ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់ ៧៩,០០ភាគរយ និងមានបេក្ខជន ទទួលបាន និទ្ទេស A មានចំនួន ២.២២៥នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)៕