
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2653 នាក់
ម្សិលមិញ 34475 នាក់
សរុប 21084179 នាក់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអះអាថា កម្ពុជាមានទីផ្សារជាច្រើន ដែលអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះឡើយ។
សម្តេចធិបតី «កម្ពុជាមានទីផ្សារជាច្រើន ហើយយើងអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនាំចូលនោះឡើយ ហើយច្បាប់វិនិយោគថ្មី របស់យើង ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យកសិកម្មក្នុងការកែច្នៃ សម្រាប់នាំចេញ, ជាពិសេសការកែច្នៃ ដែលប្រើប្រាស់ប្រភពធនធានវត្ថុធាតុដើមក្នុងស្រុក»។សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា នៅពេលដែលវិស័យឯកជន មានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយអាចជ្រៀតចូល ទៅដល់ទីផ្សារនៅបស្ចិមប្រទេស, សម្ដេចជឿជាក់ថា ពុំមានទីផ្សារណា ដែលកម្ពុជាចូលពុំចុះនោះទេ ដរាបណាយើងទទួលបាននូវការផ្ដល់តម្លៃសមរម្យ ដល់ផលិតផលរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យមានខិតខំ ការជ្រៀតចូលទីផ្សារដទៃទៀត ជាពិសេសទីផ្សារ ដែលអាចផ្ដល់តម្លៃបន្ថែមខ្ពស់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងការជ្រៀតចូលទីផ្សារហាឡាលជាដើម។សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យវិស័យឯកជន និងតួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឲ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និងខិតខំជួយ ការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃ នៃស្រូវអង្កររបស់កម្ពុជាផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្មបែបទំនើប ខ្ញុំបានឃើញនូវវិធីសាស្ត្រក្នុងក្នុងការចងក្រង ហើយឃើញក្រសួងកសិកម្មចុះសាកល្បងផ្សព្វផ្សាយច្រើន ហើយថ្ងៃណាមួយខ្ញុំចង់ទៅមើលដែរ របៀបធ្វើផ្ទះសំណាញ់ និងរបៀបធ្វើយ៉ាងមិចដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលជូនប្រជាពលរដ្ឋ ដែលយើងបានធ្វើ»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា កម្មវិធីគោលនយោបាយនេះបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្ម ហើយរដ្ឋាភិបាលក៏មានកម្មវិធីហិរញ្ញប្បទានចំនួន ១០០លានដុល្លារសម្រាប់រក្សាលំនឹងកសិកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយចាប់ពីខែមីនា ឆ្នាំ២០២៤កន្លងនេះ បានចាប់ផ្តើមអនុវត្តន៍គម្រោងនេះលើទំហំទឹកប្រាក់ ៤០លានដុល្លារ និងបានសម្រេចគោលដៅបាន ២៨លានដុល្លារ និងគម្រោងបន្ថែមហិរញ្ញប្បទានសម្រាប់រដូវប្រមូលផល សម្រាប់ស្រូវវស្សានាពេលខាងមុខនេះផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គិតមកដល់ពេលនេះការអភិវឌ្ឍសហគមន៍កសិកម្មបែបទំនើប បានអនុវត្តគ្រប់ដណ្តប់លើផ្ទៃដីជិត ២ពាន់ហិចតា នៅក្នុងដំណាក់កាលតំបូងនេះ និងសូមបន្តធ្វើយ៉ាងណាដើម្បីឱ្យរីកកាន់តែច្រើនបន្ថែមទៀត ទោះបីការវិនិយោគថ្លៃ តែដើម្បីឱ្យការទទួលផលក្នុងរយៈពេលវែងបានកាន់តែល្អប្រសើរ។សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ដៃគូសហការទាំងអស់ ពិសេសវិស័យឯកជននៅបណ្ដាប្រទេសនានាលើពិភពលោក ដែលបានផ្ដល់កិច្ចសហការល្អជាមួយវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារជំរុញផលិតផលកសិកម្មកម្ពុជាចេញទៅឆាកអន្ដរជាតិ។
បើតាមប្រសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ក្រៅពីផលិតផលកសិកម្ម មានផលិតផលផ្សេងៗ រាប់ទាំងសម្លៀកបំពាក់ វាយនភណ្ឌ កាតាប កាបូប គ្រឿងអលង្ការ គ្រឿងបង្គុំអគ្គិសនី ដែលផលិតនៅកម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលនេះជាមោទនភាពធំរបស់កម្ពុជា នៅក្នុងរយៈពេលឆ្នាំ៣០ឆ្នាំមកនេះ។ទាក់ទិនវិស័យស្រូវអង្ករវិញ ដែលជាទំនិញមានទីផ្សារខ្លាំងក្នុងការនាំចេញទៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលបានជួយជាច្រើនសម្រាប់វិស័យស្រូវអង្ករ មានដូចជាការឧបត្ថម្ភទន់សម្រាប់កសិករ ហើយអនុគ្រោះពន្ធមួយចំនួនទៀត សម្រាប់វិស័យឯកជនដែលរកស៊ីលើវិស័យស្រូវអង្ករ។
សូមបញ្ជាក់ថាក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦.៧% ខណៈការនាំចូលមានជិត ១៩ពាន់លានដុល្លារ កើនឡើង១៦.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។បណ្តាប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។
ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕