
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 14801 នាក់
ម្សិលមិញ 29135 នាក់
សរុប 20955577 នាក់
អាមេរិក៖មន្ទីរបញ្ចកោណរបស់អាមេរិក បានលួចផ្ញើសារព្រមានដោយសម្ងាត់ទៅកាន់បណ្តាប្រទេសជាសមាជិកអង្គការណាតូនៅអឺរ៉ុប ឱ្យកាត់បន្ថយការប្រើប្រាស់ពាក្យសម្តីវាយប្រហារខ្លាំងៗទៅលើរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោន បានអះអាងថា សេចក្តីថ្លែងការណ៍មិនប្រុងប្រយ័ត្នមួយចំនួនរបស់មេដឹកនាំអឺរ៉ុប កំពុងតែបំផ្លាញដល់សន្តិសុខរួមនៅលើទ្វីបទាំងមូល។
ទីភ្នាក់ងារ Reuters ចុះផ្សាយកាលពីថ្ងៃទី៣០ ខែតុលាបានឲ្យដឹងថា ប្រភពផ្ទៃក្នុងចំនួន ៤នាក់ ដែលដឹងឮពីរឿងនេះ បានលើកឡើងថា ក្រុមប្រទេសបាល់ទិក រួមមាន លីទុយអានី ឡេតូនី និងអេស្តូនី ស្ថិតក្នុងចំណោមប្រទេសដែលទទួលបានសារព្រមានដាស់តឿន ឱ្យចេះរក្សាការអត់ធ្មត់ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ។ សារព្រមានទាំងនេះត្រូវបានបញ្ជូនឱ្យ នៅក្នុងកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា តើរដ្ឋាភិបាលអឺរ៉ុបផ្សេងទៀត ទទួលបានការព្រមាននេះដែរឬយ៉ាងណានោះទេ។
ការចេញមុខរបស់អាមេរិកនាពេលនេះ ធ្វើឡើងចំពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ កំពុងតែព្យាយាមជំរុញជាថ្មី ដើម្បីស្វែងរកកិច្ចចរចាបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន ដែលបានអូសបន្លាយចូលដល់ឆ្នាំទី៥ ទៅហើយ។ យុទ្ធសាស្ត្រចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន គឺការផ្សំបញ្ចូលគ្នារវាងការផ្តល់រង្វាន់លើកទឹកចិត្តដល់រុស្ស៊ី រួមទាំងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ជាមួយនឹងការដាក់សម្ពាធលើអ៊ុយក្រែន ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី។
នៅពេលដែលត្រូវបានសួរដេញដោលជុំវិញបញ្ហានេះ មន្ត្រីមន្ទីរបញ្ចកោណម្នាក់ បានឆ្លើយតបយ៉ាងខ្លីថា «កិច្ចសន្ទនាឯកជនរវាងសម្ព័ន្ធមិត្ត និងសម្ព័ន្ធមិត្ត គឺជារឿងសម្ងាត់ ដូច្នេះយើងនឹងមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ទាំងនេះឡើយ»។
តាមការទម្លាយពីប្រភពដដែល សារជាពាក្យសម្តីដែលធ្វើឱ្យមន្ត្រីអាមេរិកក្តៅស្លឹកត្រចៀកជាងគេ គឺការដែលមេដឹកនាំអឺរ៉ុបមួយចំនួនលើកឡើងថា រុស្ស៊ី កំពុងតែស្ថិតក្នុងស្ថានភាពទាល់ច្រក និងកំពុងប្រើប្រាស់ល្បិចកខ្វក់ដោយក្តីអស់សង្ឃឹម ស្របពេលដែលការវាយលុកនៅអ៊ុយក្រែនកំពុងតែគាំងទ្រឹង។
លោក Elbridge Colby ប្រធានគោលនយោបាយនៃមន្ទីរបញ្ចកោណ ដែលជាតួអង្គដ៏សំខាន់ក្នុងការត្រួតពិនិត្យចំនួនកងទ័ពអាមេរិកនៅអឺរ៉ុប គឺជាអ្នកចុះទៅប្រគល់សារព្រមាននេះដោយផ្ទាល់។ នៅក្នុងជំនួបនោះ លោកបានប្រាប់មន្ត្រីបាល់ទិកម្នាក់កាលពីពេលថ្មីៗនេះថា អឺរ៉ុបមិនគួរធ្វើសកម្មភាពណាដែលមានលក្ខណៈ «បង្ករឿង ឬចាក់រុក» ទៅលើភាគីរុស្ស៊ីនោះឡើយ។
សូមជម្រាបជូនថា យុទ្ធសាស្ត្រ «លួចចរចាសម្ងាត់» និងការគាបសង្កត់លើអ៊ុយក្រែនរបស់ទីក្រុងវ៉ាស៊ីនតោននាពេលនេះ ត្រូវបានគេមើលឃើញថា ជាការដើរផ្ទុយស្រឡះពីគោលការណ៍រួមរបស់ណាតូ ដែលធ្លាប់បានសន្យាថា នឹងជួយអ៊ុយក្រែនរហូតដល់ទីបញ្ចប់។ ការណ៍នេះ បាននិងកំពុងបង្កើតជាភាពរង្កោះរង្គើ និងការសង្ស័យយ៉ាងខ្លាំងក្នុងចំណោមមេដឹកនាំអឺរ៉ុប ជុំវិញទំនុកចិត្តលើឆ័ត្រការពារសន្តិសុខរបស់សហរដ្ឋអាមេរិកនាពេលអនាគត៕