
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 28041 នាក់
ម្សិលមិញ 21744 នាក់
សរុប 20895013 នាក់
ភ្នំពេញ៖កម្ពុជា-រុស្ស៊ី បានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅបន្ថែម ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ។ ការប្ដេជ្ញានេះធ្វើឡើងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ទោ ម៉ាខូវឈីន សឺហ្គេ(Markovchin Sergei) មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ទទួលបន្ទុកការងារយោធា និងនយោបាយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
ជំនួបនេះបានប្រព្រឹត្តនៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោ ម៉ាខូវឈីន សឺហ្គេ Markovchin Sergei ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងរុស្ស៊ី ដែលនៅឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពរុស្ស៊ីបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទលើជំនាញយោធាជាច្រើន។
លោកអគ្គមេបញ្ជាការ បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព និងការធ្វើលំហាត់សមយុទ្ធយោធារួម។
គួរជម្រាបថា ក្នុងជំនួបនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជានិងរុស្ស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរផងដែរ។
លោកអគ្គមេបញ្ជាការបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ លើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព និងការធ្វើលំហាត់សមយុទ្ធយោធារួម។
លោក ឧត្តមសេនីយ៍ទោ Markovchin Sergei បានសម្តែងសេចក្តីរីករាយចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងរុស្ស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ។សូមបញ្ជាក់ថាលោក ឧត្តមសេនីយ៍ទោ Markovchin Sergei ក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថាកាលពីខែឧសភាឆ្នាំ២០២៦ក្រុមការងារនីតិកម្មក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសរុស្សី បានឈានដល់ការចុះហត្ថលេខា លើពង្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងករណីមានវិបត្តិ ។
លោក ឧត្តមសេនីយ៍ឯក ខៀវ សាផាត អគ្គលេខាធិការរងក្រសួងការពារជាតិ នាយករងនាយកដ្ឋានបុគ្គលិក និងជាប្រធានក្រុមការងារ កិច្ចសហប្រតិបត្តិការយោធា កម្ពុជា- រុស្ស៊ី និងលោកវរនាវីឯក Dmitri SEVOSTYANOV នាយករង នាយកដ្ឋានច្បាប់ អន្តរជាតិ និង សកម្មភាពអាជ្ញាប័ណ្ណនៃមជ្ឈមណ្ឌលអនុម័ត សកម្មភាពសមុទ្រនៃ មជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិ សហព័ន្ធរុស្សី បានវាយតំលៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិភាក្សាពិគ្រោះយោបល់ដែលក្រុមការងារនីតិកម្មយោធាប្រទេសទាំងពីរបានចូលរួមពិនិត្យ កែលម្អ អត្ថន័យ ខ្លឹមសារ ភាសា តាមមាត្រា នីមួយៗនៃសេចក្តីព្រាងកិច្ចព្រមព្រៀងប្រកបដោយឆន្ទ:ការទទួលខុសត្រូវ និយាយពិតនិយាយត្រង់ និងការយោគយល់អធ្យាស្រ័យក្នុងស្មារតីសាមគ្គីភាព ភាតរភាព ដើម្បីធានាឱ្យសេចក្តីព្រាងកិច្ចព្រមព្រៀងនេះមានភាព គ្រប់ជ្រុងជ្រោយស្របតាមច្បាប់ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
លោកវរនាវីឯក Dmitri SEVOSTYANOV ក្នុងនាម ប្រធានគណៈប្រតិភូយោធានៃសហព័ន្ធរុស្ស៊ី បានថ្លែងថា លទ្ធផលនៃការឯកភាពលើពង្រាងខ្លឹមសារ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងករណីមានវិបត្តិ ដែលក្រុមការងារយោធាប្រទេសទាំងពីរសម្រេចបាននាថ្ងៃនេះ អាចចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយថែមទៀត នៃទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-រុស្ស៊ី ដែលមាន ទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ ពីព្រោះថាកិច្ចពិភាក្សានាថ្ងៃនេះចំថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ដែលជាថ្ងៃឈានដល់ទិវាគម្រប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ លោកវរនាវីឯកសន្យាថានឹងដាក់ជូនឯកសារនេះឆ្លងទៅដល់បណ្ដាស្ថាប័នប្រតិបត្តិទាំងអស់ ដើម្បីផ្ដល់យោបល់បំពេញបន្ថែម ដោយរំពឹងថាប្រទេសទាំងពីរនឹងអាចចុះហត្ថលេខាជាផ្លូវការបាននៅចុងឆ្នាំនេះឬក៏នៅដើមឆ្នាំក្រោយ។
កិច្ចព្រមព្រៀងនេះ នឹងក្លាយជាយន្តការសំខាន់មួយសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យជំនួយមនុស្សធម៌ ការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស ការបណ្តុះបណ្តាល ធនធានមនុស្ស និងការគាំទ្រក្នុងការឆ្លើយតបចំពោះគ្រោះអាសន្ន និងវិបត្តិនានា។
សូមបញ្ជាក់ថាកាលពីខែមិថុនា២០២៦រដ្ឋមន្ត្រីសំខាន់ៗកម្ពុជាចំនួន ៥រូប គឺក្រសួងអប់រំ ពាណិជ្ជកម្ម ថាមពល កសិកម្ម និងក្រសួងការបរទេសបាន អមដំណើរសម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់សហព័ន្ធរុស្ស៊ី ជាការបង្ហាញថា ការចូលរួមរបស់កម្ពុជាលើសពីខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតធម្មតា។ វាឆ្លុះបញ្ចាំងពីចក្ខុវិស័យជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ពាណិជ្ជកម្ម វិនិយោគ សន្តិសុខថាមពល ទំនើបកម្មកសិកម្ម និងការទូត។ គណៈប្រតិភូកម្រិតខ្ពស់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរមិត្តភាពយូរអង្វែងទៅជាឱកាសជាក់ស្តែង ដែលនឹងជំរុញកំណើនសេដ្ឋកិច្ច ពង្រីកភាពជាដៃគូអន្តរជាតិ និងបង្កើតអត្ថប្រយោជន៍យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។