
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5147 នាក់
ម្សិលមិញ 27587 នាក់
សរុប 20856218 នាក់
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាងឿងឆ្ងល់ ហេតុអ្វីអ្នកនយោបាយក្រៅប្រទេស មិនផ្សព្វផ្សាយព័ត៌មាន ដែលថៃបញ្ជាក់ពីបាត់បង់ដី ១៣៨ហិកតា នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើគណនីហ្វេសប៊ុករបស់សម្តេចធិបតី នៅថ្ងៃពុធនេះ យ៉ាងដូច្នេះថា៖ “បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើអោយបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើបងព្រំដែនបេតុងដោយឯកតោភាគី។
ហើយគេតែងតែយកពត៌មានពីប្រភពដែលផ្សព្វផ្សាយដោយបណ្តាញពត៌មានថៃ។ អ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឲ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចំការចំនួន ៨៦៣រ៉ៃ (ស្មើ ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។
តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?
តាមការសន្និដ្ឋានរបស់ខ្ញុំ គឺគាត់មិនហ៊ាននិយាយពាក់ព័ន្ធនឹងការផ្សាយរបស់សារព័ត៌មានថៃនោះទេ ព្រោះគាត់មានជម្រើសតែពីរគត់÷ ១) ទទួលស្គាល់ពត៌មាននោះជាពត៌មានពិត និង ២) បដិសេធថាអ្វីដែលសារពត៌មានថៃចុះផ្សាយនោះជាពត៌មានមិនពិត។ ជម្រើសមួយណាក៏មិនល្អសម្រាប់ពួកគាត់ដែរ។ ហេតុដូច្នេះហើយ បានជានៅស្ងៀមស្ងាត់ មិនហ៊ានធ្វើអត្ថាធិប្បាយអ្វីបន្តិចសោះពាក់ព័ន្ធនឹងការចុះផ្សាយពត៌មានរបស់ថៃករណីបង្គោលព្រំដែនចន្លោះបង្គោល ៥២-៥៩ នោះ” ។
ទោះបីយ៉ាងណាទាក់ទងការលើកឡើងរបស់សម្តេចធិបតីនេះលោកអ៊ុំសំអានបានលើកឡើងតាមហ្វេសប៊ុកជាសំណួរថាតើថៃគេសុខចិត្តចំណាយលុយធ្វើរបងថ្មឯកតោភាគីដើម្បីកាត់ដីឲ្យខ្មែរ?
សូមជម្រាបថាសកម្មជននយោបាយនៅក្រៅ លោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាល និងមន្ត្រីជំនាញព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាថា បានធ្វើឱ្យបាត់ដីនៅតាមព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ ដែលថៃធ្វើរបងបេតុងដោយឯកតាភាគី។ តែការចោទប្រកាន់នេះត្រូវបានសម្តេចធិបតីច្រានចោល ហើយសម្ដេចបានអញ្ជើញឱ្យលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោកនាំយកឯកសារ និងភស្តុតាងមកជជែកតទល់គ្នាជាមួយអ្នកជំនាញរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជាទៀតផង។ សម្ដេចថា ការបើកផ្លូវឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោកចូលស្រុកមកជជែកគ្នានេះ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញព្រំដែនកម្ពុជា។