
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3149 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098916 នាក់
ប្រទេសថៃ៖ក្នុងចំណោមគណរដ្ឋមន្ត្រីថៃថ្មីរបស់លោក អនុធីនឆានវរៈគុនចំនួន៣៥នាក់រដ្ឋមន្ត្រីថ្មីនៃក្រសួងការពារជាតិថៃគឺលោកឧត្តមសេនីយ៍ឯកអាឌុលប៊ូនថាំចារើន( Adul Boonthamcharoen) ត្រូវបានគេស្គាល់ថាជា "អ្នកចម្បាំងនៃតំបន់ឥសាន" ។រូបធ្លាប់បានបម្រើការងារជាអនុរដ្ឋមន្ត្រីរដ្ឋាភិបាលអាណ្តតិមុនឡូវលោកនៅតែបន្តឈរជើងយ៉ាងរឹងមាំនៅក្នុងក្រសួងការពារជាតិ ក្នុងគណៈរដ្ឋមន្ត្រីទី២របស់លោក អនុធីន។
ឈ្មោះរបស់លោកត្រូវបានបង្ហាញជាផ្លូវការ តាមរយៈព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីថ្មីរបស់លោក អនុធីន ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃទី៣១ ខែមីនានេះ។ ឧត្តមសេនីយ៍ឯក អាឌុលប៊ូនថាំចារើន( Adul Boonthamcharoen) ឬ "Big Dul"
កើតនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៦៤ ហើយបច្ចុប្បន្នមានអាយុ ៦១ឆ្នាំ លោកគឺជាអ្នកដែលមានស្រុកកំណើតនៅក្នុងខេត្តប៊ូរីរ៉ាំ( Buriram)។ឧត្តមសេនីយ៍ឯក Adul Boonthamcharoenl បានបញ្ចប់ការសិក្សាមកពីសាលាត្រៀមនាយទាហានជំនាន់ទី២៦ និងសាលានាយទាហានជើងគោកចុល្លចោមខ្លៅ (CRMA) ជំនាន់ទី៣៧។ លោកក៏បានចូលរៀននៅមហាវិទ្យាល័យការពារជាតិជំនាន់ទី៦១ ដែលជាជំនាន់ជាមួយគ្នានឹងលោកនាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុនដែរ។
លោកបានចាប់ផ្តើមជីវិត ជាទាហាននៅក្នុងតំបន់ឥសាន(សុរិន្ទ-បុរីរម្យ)។ តំណែងដ៏សំខាន់មួយ ដែលបានកសាងកេរ្តិ៍ឈ្មោះរបស់លោកឱ្យលេចធ្លោនោះ គឺមេបញ្ជាការកងវរសេនាធំលេខ២៦ (បន្ទាយប៉ាក់ថងឆៃ/បន្ទាយBodindecha) ដែលជាអង្គភាពស្នូលទទួលបន្ទុកការពារព្រំដែនថៃ-កម្ពុជា។ លោកទទួលបានការទុកចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងកម្លាំងទ័ព និងប្រតិបត្តិការផ្នែកចារកម្ម នៅតាមបណ្តោយព្រំដែន។
ចន្លោះឆ្នាំ២០០៨ ដល់២០១១ ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ, លោកបានបម្រើការជាមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ២៣៤ ហើយក្រោយមកជាមេបញ្ជាការរងនៃកងវរសេនាធំថ្មើរជើងលេខ២៣។ លោកបានដឹកនាំកម្លាំង ដើម្បីកាន់កាប់តំបន់សំខាន់ៗ រួមមានតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី-តាមាន់ធំ។ បើតាមកាសែតថៃ លោកត្រូវបានគេចាត់ទុកថាជាមន្ត្រីយោធាម្នាក់ ដែលមានចំណេះដឹងជ្រៅជ្រះបំផុតអំពីភូមិសាស្ត្រ និងយុទ្ធសាស្ត្រ នៅក្នុងតំបន់នេះ។
ក្រោយមក លោកបានឡើងកាន់តំណែងជាបន្តបន្ទាប់រួមមាន៖ មេបញ្ជាការកងវរសេនាធំថ្មើរជើងលេខ២៣ ដែលជាអង្គភាពប្រយុទ្ធដ៏សំខាន់ក្នុងតំបន់ឥសាន, មេបញ្ជាការកងពលតូចថ្មើរជើងលេខ៦, និងជាមេបញ្ជាការកងកម្លាំងសុរនារី (Suranaree Task Force) ដែលទទួលខុសត្រូវលើសន្តិសុខតាមបណ្តោយព្រំដែនឥសានទាំងមូល។ បន្ទាប់មកទៀត លោកបានឈានជើងទៅកាន់តំណែងជាមេបញ្ជាការរងយោធាភូមិភាគទី២។
នៅក្នុងឆ្នាំ២០២៣ លោកត្រូវបានតែងតាំងជាមេបញ្ជាការយោធាភូមិភាគទី២ ដោយគ្រប់គ្រងលើបណ្តាខេត្តទាំង ២០ក្នុងតំបន់ឥសាន។ គោលនយោបាយរបស់លោកបានសង្កត់ធ្ងន់លើការទប់ស្កាត់គ្រឿងញៀនតាមបណ្តោយទន្លេមេគង្គ និងការលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសជិតខាង ព្រមទាំងការពារអធិបតេយ្យភាពជាតិជាដើម៕ប្រភព៖ Thairath