
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1235 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120911 នាក់
ភ្នំពេញ៖ សមយ័ប្រជុំពេញអង្គរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
សម័យប្រជុំរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន១ និងសេចក្តីស្នើច្បាប់ចំនួន១ រួមមាន៖*ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង ២៤មាត្រា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដើម្បីបំពេញចន្លោះខ្វះខាតនៃច្បាប់បច្ចុប្បន្ន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។អង្គសភាបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ទាំងមូល ចំនួន១១២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
*ទី២៖ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៖ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានប្រកាសឱ្យប្រើ កាលពីឆ្នាំ២០០៥ កន្លងទៅ បានកំណត់មណ្ឌលបោះឆ្នោតជាភូមិភាគ ដែលមានខេត្តច្រើនរួមបញ្ចូលគ្នា និងមានវិសាលភាពដែនដីធំទូលាយ បង្កើតជាឧបសគ្គសម្រាប់ទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភា ជាមួយនឹងអង្គបោះឆ្នោត ពោលគឺ គណនេយ្យភាព និងប្រសិទ្ធភាពការងាររបស់សមាជិកព្រឹទ្ធសភា។
ដោយមើលឃើញនូវបញ្ហាចំពោះមុខ និងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តមុខងារតំណាង បង្កើនគណនេយ្យភាព ព្រមទាំងបង្ខិតសមាជិកព្រឹទ្ធសភា ឱ្យកាន់កៀក និងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
ខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះ ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួនដូចជា៖ មាត្រា៨ ថ្មី មាត្រា៩ មាត្រា១០ មាត្រា១៤ មាត្រា១៧ មាត្រា១៨ មាត្រា២៣ និងមាត្រា២៨ ដើម្បីធានាភាពសមស្រប គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការអនុវត្តមុខងារតំណាងរបស់សមាជិកព្រឹទ្ធសភា។អង្គសភាបានអនុម័តយល់ព្រមលើសេចក្ដីស្នើច្បាប់ទាំងមូល ចំនួន១១២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ដោយហេតុថាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ បានដំណើរការចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ពេលនេះ មានរយៈពេលជាងបីខែ ស្របតាមការកំណត់របស់ច្បាប់ហើយនោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះតទៅ៕