
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 831 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120507 នាក់
ភ្នំពេញ៖ លោក ជីវ កេង ប្រធានតុលាការកំពូលដោយមានការគាំទ្រពីលោកស្រីជា លាង អគ្គព្រះរាជអាជ្ញា បានថ្លែងថា ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវបន្តពង្រឹងមនសិការវិជ្ជាជីវៈដោយប្រកាន់ខ្ជាប់ នូវអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារថ្លៃថ្នូរ ស្អាតស្អំ ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ដែលមកទទួលសេវាយុត្តិធម៌ពីតុលាការ និងអង្គការអយ្យការ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ហើយបានព្រមានអ្នកប្រព្រឹត្ត កំហុស នឹងត្រូវទទួលវិន័យមិនលើកលែង ដូចដែលបានអនុវត្តជាច្រើនករណី រួចមកហើយ ដោយអនុលោម តាមនីតិវិធីស៊ើបអង្កេតប្រកបដោយតម្លាភាព ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារ ឆ្នាំ២០២៦ របស់តុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល ល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជីវ កេង មានប្រសាសន៍ថា អង្គចៅក្រម, មន្ត្រីតុលាការ និងមន្ត្រីពាក់ព័ន្ធ ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអំពើល្អគ្រប់កាលៈទេសៈ និងបន្តរក្សាទំនាក់ទំនងឱ្យល្អជាមួយតួអង្គពាក់ព័ន្ធ ក្នុងសង្គមក្នុងន័យលើកស្ទួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ។
លោកជីវកេងបានណែនាំថា ត្រូវបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងយុត្តិធម៌ ដើម្បីគាំទ្រការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី ព្រមទាំងបន្តយកចិត្តទុកដាក់ លើចំណាត់ការជាអាទិភាព លើសំណុំរឿងគ្រឿងញៀន, សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍, សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងពាក់ព័ន្ធក្មេងទំនើង, សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) និងសម្អាតប្រាក់ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលក្នុងការធានាសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ។
ប្រធានតុលាការកំពូល បានបន្ថែមថា បន្តយកចិត្តទុកដាក់ ផ្តល់នូវសេវាយុត្តិធម៌ឱ្យបានត្រឹមត្រូវដោយឆាប់រហ័ស និងពង្រឹងគុណភាព នៃសេចក្តីសម្រេចតាមរយៈការវាយតម្លៃលើភស្តុតាង អង្គហេតុ អង្គច្បាប់ឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ហើយបន្តយកចិត្តទុកដាក់ផ្សះផ្សាគូភាគីក្នុងរឿងរដ្ឋប្បវេណី ឱ្យស្របតាមច្បាប់ជាធរមាន និងបន្តគាំទ្រដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយក៏គប្បីធ្វើការសម្រុះសម្រួលគូភាគី ទន្ទឹមគ្ននឹងការអនុវត្តដោយបង្ខំ ឈរលើគោលនយោបាយឈ្នះឈ្នះ កុំឱ្យជះឥទ្ធិពលអវិជ្ជមានលើជំនឿ ទុកចិត្តមកលើស្ថាប័នតុលាការ ។
តុលាការកំពូល និងមហាអយ្យការនបានឲ្យដឹងថាឆ្នាំ២០២៥ បានទទួលសំណុំរឿង ព្រហ្មទណ្ឌចំនួន ១ ៧៩៧រឿង ចាត់ការរួចចំនួន ១ ៣៥១រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១ ០៤៥រឿង ចាត់ការរួចចំនួន ៧០២រឿង ដូច្នេះជាសរុបមានចំនួន ២ ៨៤២រឿង ចាត់ការរួចចំនួន ២ ០៥៣រឿង ត្រូវនឹង ៧២,២៤ភាគរយ នៃសំណុំរឿងសរុប។ ក្នុងឆ្នាំដដែល ទទួលបានលទ្ធផលរីកចម្រើនជាវិជ្ជមានក្នុងការបម្រើសេវាយុត្តិធម៌ដោះស្រាយរឿងក្តីគ្រប់ប្រភេទ ធៀបនឹងឆ្នាំ២០២៤ សម្រេចបានត្រឹមតែ ៦៦,០៩ភាគរយ នៃសំណុំរឿងសរុបប៉ុណ្ណោះ, ព្រមទាំងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់របស់តុលាការកំពូល និងមហាអយ្យការលើការងារ ធ្វើបរិវត្តកម្មឌីជីថល ជាងនេះទៅទៀត អង្គសន្និបាតបានធ្វើការពិភាក្សាយ៉ាងសកម្មដោយផុលផុស និងបានរកឃើញដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដើម្បីអនុវត្តក្នុង ឆ្នាំ២០២៦ ៕