
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3851 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099618 នាក់
ម៉ាឡេស៊ី៖ កាលពីចុងសប្ដាហ៍កន្លងទៅ បណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន បានប្រាប់ទៅកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោយលើកឡើងថា នៅស្របពេលសង្គ្រាមស៊ីវិល កំពុងតែមានការកើនឡើង របបនេះ មិនគួរយកផែនការក្នុងការរៀបការបោះឆ្នោត មកធ្វើជាអទិភាពរបស់ខ្លួននោះទេ។រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលប្រទេសបានប្តូវេនជាប្រធានអស៊ានឆ្នាំ២០២៥ បានលើកឡើងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានអំពាវនាវឱ្យភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ចប់ការប្រយុទ្ធបង្ហូរឈាមគ្នាជាបន្តទៀតទៅ ដោយមន្ត្រីម៉ាឡេស៊ី បានប្រាប់ទៅកាន់តំណាងរបបយោធា ឱ្យអនុញ្ញាតឱ្យមានសិទ្ធិចូលដំណើរការនិងផ្ដល់ការផ្គត់ផ្គង់ផ្នែកមនុស្សធម៌ដោយគ្មានឧបសគ្គ ។
ថ្លែងទៅកាន់សន្និសីទសារព័ត៌មាន បន្ទាប់ពីការជួបជុំដាច់ដោយឡែករបស់រដ្ឋមន្ត្រីនៅលើកោះ ឡាំងកាវី (Langkawi) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក មហាម៉ាត់ ហាសាន (Mohamad Hasan) បានប្រាប់ថា «ម៉ាឡេស៊ី ចង់ដឹងថា អ្វីខ្លះជាការប៉ុនប៉ងរបស់មីយ៉ាន់ម៉ា ជុំវិញស្ថានការណ៍ដែលកំពុងបន្តនៅក្នុងប្រទេសរបស់ខ្លួន» ។
សូមបញ្ជាក់ដែរថាក្រោមការសម្របសម្រួលរបស់ចិន យោធាមីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធជនជាតិភាគតិច កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាផ្លូវការ កាលពីថ្ងៃសៅរ៍កន្លងមកនេះ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ក្នុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃចន្ទ័ទី២០មករាឲ្កយដឹងថា កិច្ចប្រជុំរវាងភាគីទាំងពីរបានប្រព្រឹត្តទៅនៅទីក្រុង Kunming ភាគនិរតីរបស់ចិន ជាកន្លែងដែលពួកគេបានថ្លែងអំណរគុណដល់ចិនសម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សន្តិភាព។
លោកស្រី Mao បានថ្លែងថា «ការធ្វើឱ្យស្ថានការណ៍នៅភាគខាងជើងមីយ៉ាន់ម៉ាមានភាពស្ងប់ស្ងាត់ គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងអស់ និងរួមចំណែកដល់សន្តិសុខតាមព្រំដែន»។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តជំរុញយ៉ាងសកម្មនូវសន្តិភាព និងការសន្ទនា ព្រមទាំងផ្តល់ការគាំទ្រ និងជំនួយដល់ដំណើរការសន្តិភាពនៅភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា។MNDAA គឺជាផ្នែកមួយនៃ «សម្ព័ន្ធបងប្អូនបី» រួមជាមួយកងទ័ពរំដោះជាតិតាអុង និងកងទ័ពអារ៉ាកានដែលបានបើកការវាយលុកប្រឆាំងរបបយោធាតាំងពីចុងខែតុលាឆ្នាំ២០២៣ ដោយដណ្តើមបានទឹកដីជាច្រើននៅតាមព្រំដែនជាមួយចិន។
គួរបញ្ជាក់ថា ប្រទេសចិនដែលមានព្រំដែនជាប់មីយ៉ាន់ម៉ាជាង២.០០០គីឡូម៉ែត្រ មានការព្រួយបារម្ភពីភាពវឹកវរ ដែលអាចប៉ះពាល់ដល់ការវិនិយោគ និងពាណិជ្ជកម្ម។ ទោះបីជាធ្លាប់មានកិច្ចព្រមព្រៀងបទឈប់បាញ់ស្រដៀងគ្នានេះ កាលពីខែមករាឆ្នាំ២០២៤ តែវាបានដួលរលំទៅវិញក្នុងរយៈពេលប៉ុន្មានខែក្រោយមក។
ទោះបីយ៉ាងណាបើយោងតាមការចេញផ្សាយរបស់ The Straits Times, របបយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារផ្លូវអាកាសសាជាថ្មី ដោយលើកនេះកំណត់គោលដៅលើមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅភាគខាងលិចរដ្ឋរ៉ាឃីន សម្លាប់មនុស្សចំនួន ២៨ នាក់ រួមទាំងកុមារផងដែរ ខណៈ២៥នាក់ទៀតរងរបួស។កងទ័ពអារ៉ាកាន (AA) កំពុងចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយយោធាដើម្បីគ្រប់គ្រងរដ្ឋរ៉ាឃីន ជាកន្លែងដែលខ្លួនបានដណ្តើមយកទឹកដីជាច្រើនកាលពីឆ្នាំមុន លើកលែងតែការកាត់ចេញពីរដ្ឋធានីរបស់រដ្ឋ Sittwe។
AA បានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា នៅម៉ោង ៤:៤៥ នាទីល្ងាចថ្ងៃទី ១៨ ខែមករាយន្តហោះយោធាបានទម្លាក់គ្រាប់បែកលើមណ្ឌលឃុំឃាំងសមាជិកគ្រួសាររបស់ទាហានរបបយោធាដែលត្រូវបាន AA ចាប់ខ្លួននៅក្នុងទីប្រជុំជន Mrauk-U។អ្នកស្លាប់និងរបួសគឺជាសមាជិកគ្រួសារទាហានក្នុងជួរកងទ័ពមីយ៉ាន់ម៉ា ដែល AAចាប់ខ្លួនបានអំឡុងពេលប្រយុទ្ធ និងកំពុងរៀបចំផែនការដោះលែងវិញ ប៉ុន្តែពួកគេត្រូវបានទម្លាក់គ្រាប់បែកចំ។ ក្នុងចំណោមអ្នកស្លាប់មានកុមារចំនួន ៩ នាក់ក្នុងនោះមានក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ខណៈ អ្នកស្លាប់ផ្សេងទៀតជាស្ត្រី។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលភ្លើងសង្គ្រាមចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធយ៉ាងទូលំទូលាយ។បើតាមការព្រមានពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិកាលពីខែវិច្ឆិកាឆ្នាំ២០២៤, រដ្ឋរ៉ាឃីនកំពុងឈានឆ្ពោះទៅរកគ្រោះទុរភិក្ស ដោយសារការប្រយុទ្ធគ្នាបានបង្អាក់វិស័យពាណិជ្ជកម្ម និងផលិតកម្មកសិកម្ម។ ក្នុងនោះមនុស្សជាង ៣.៥ លាននាក់ក៏ត្រូវផ្លាស់ទីលំនៅដោយសារជម្លោះផងដែរ។
ក្នុងកិច្ចប្រឹងប្រែងយកចិត្តអន្តរជាតិកាលពីថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ ២០២៥កន្លងមកនេះ រដ្ឋាភិបាលរបបយោធាភូមា បាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជិត ៦ ពាន់នាក់ ដែលស្ថិតនៅក្នុងផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃដដែលនោះ របបយោធា បាននិយាយថា អ្នកទោស ៥,៨៦៤ នាក់ រួមទាំងជនបរទេសចំនួន ១៨០ នាក់ នឹងទទួលបានការដោះលែង ដើម្បីអបអរចំពោះការប្រារព្ធខួប ៧៧ ឆ្នាំនៃឯករាជ្យភាពរបស់មីយ៉ាន់ម៉ា ចេញពីការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស ។
របបយោធា បានលើកឡើងបន្ថែមទៀតថា ការលើកលែងទោសនេះ គឺស្ថិតនៅក្រោមហេតុផលមនុស្សធម៌ និងមេត្តាធម៌។ ជាងនេះទៀត របបយោធា ក៏បានប្រកាសថា មនុស្ស ១៤៤នាក់ដែលធ្លាប់រងការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនោះ ក៏ទទួលបានការកាត់បន្ថយទោសឱ្យមកជាប់ពន្ធនាគារត្រឹមរយៈពេល ១៥ឆ្នាំវិញ ។
ដើម្បីរម្លឹកដល់ថ្ងៃបុណ្យជាតិ ឬពិធីបុណ្យព្រះពុទ្ធសាសនា ប្រទេសភូមា ឬមីយ៉ាន់ម៉ា តែងតែផ្ដល់ការលើកលែងទោសដល់អ្នកទោសរាប់ពាន់នាក់។ នៅឆ្នាំ ២០២៣ របបយោធា បានប្រកាសដោះលែងអ្នកទោសជាង ៩,០០០ នាក់ អំឡុងប្រារព្ធទិវាឯករាជ្យជាតិ ។
គួររម្លឹកថា ពិធីបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋធានីណៃពិដ៍ (Naypyidaw) នាព្រឹកថ្ងៃទី៤ ខែមករា មានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល និងយោធាប្រមាណជា ៥០០នាក់។មេទ័ពរង ស៊ូ វីន (Soe Win) បានពាំនាំពាក្យពេចរបស់ប្រមុខរបបយោធា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ដែលមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ដោយលោកបានរម្លឹកឡើងវិញនូវការអំពាវនាវរបស់របបយោធា ទៅកាន់ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចរាប់សិបក្រុម ដែលបានប្រយុទ្ធគ្នាអស់រយៈពេលបួនឆ្នាំចុងក្រោយនេះ ឱ្យយល់ព្រមទម្លាក់អាវុធចុះ និង ចូលរួមដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយសន្តិវិធី។ លោកបានសន្យាជាថ្មីម្តងទៀត នូវការសន្យារបស់យោធា ក្នុងការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងបានអំពាវនាវឱ្យមានឯកភាពជាតិ ៕ប្រភព៖ AFP/ The Straits Times