
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3500 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099267 នាក់
ខេត្តព្រះសីហនុ ៖ ក្នុងឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ មានជនបរទេសស្នាក់នៅរយៈពេលខ្លី (ជាភ្ញៀវទេសចរអន្តរជាតិ) ចំនួន ១៧១.៦៦៩នាក់ (ស្រី ៦៣.៥៩៥នាក់) ប្រៀបធៀបនឹងឆ្នាំ២០២៣ កើនឡើង១០២,៤៤២នាក់ មាន៦៤សញ្ជាតិ ហេីយសញ្ជាតិដែលមានច្រើនជាងគេ គឺចិន ៣៧,៧៧៨នាក់ (ស្រី ៨,១១៥នាក់)។ ចំណែក ជនបរទេសស្នាក់នៅរយៈពេលវែង ជាវិនិយោគិន និយោជិតនិងនិយោជក មានចំនួន ៣០.២០២នាក់ ស្រី ៧.២០០នាក់ ធៀបនិងឆ្នាំ ២០២៣ កើនឡើង ៤,៣២៥នាក់ មាន៤៧សញ្ជាតិ។ សញ្ជាតិច្រើនជាងគេគឺឥណ្ឌូនេស៊ី ១២,៥០៥ ស្រី២,៩៧៤នាក់ ។
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុបានបង្ហាញតួរលេខខាងលើនេះនៅ ក្នុងពិធីផ្សព្វផ្សាយផែនការលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
លោក អភិបាលរងខេត្តព្រះសីហនុថា ការផ្សព្វផ្សាយផែនការលេខ០០៣ផ.ក របស់ក្រសួងមហាផ្ទៃនាពេលនេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ គាំទ្រដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការអនុវត្តសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និងផែនការណែនាំរបស់អគ្គនាយកដ្ឋានអន្តប្រវេសន៍ ចូលរួមពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិអន្ដជាតិឱ្យមកសម្រាកកម្សាន្ត និងប្រកបររបរទទួលទាន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុប្រកបដោយមានជំនឿទុកចិត្តខ្ពស់។
នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា កិច្ចប្រជុំក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារក្រសួងមហាផ្ទៃបានរៀបចំវិធានការកម្លាំងមធ្យោបាយជាក្រុមប្រតិបត្តិការថ្នាក់អន្តរអគ្គ ដើម្បីគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត នៅក្នុងការអនុវត្តសេចក្តីណែនាំលេខ០២៨ សណន ចុះថ្ងៃទី ១៩ខែកក្កដាឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃស្ដីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជានិងធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន៍សន្ន ឱ្យមានប្រសិទ្ធភាព ចូលរួមពង្រឹងវិស័យសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈតាមបណ្ដារាជធានីខេត្ត ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរនិងអ្នកវិនិយោគអន្តរជាតិ ឲ្យមកទស្សនានិងប្រកបរបររកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានជំនឿទុកចិត្តឲ្យកាន់តែខ្លាំងឡើងថែមទៀត។
សមាសភាពក្រុមការងារដែលអនុវត្តការងាររួមមានអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាប្រធាន អភិបាលរងខេត្តជាអនុប្រធាន តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្នងការរាជធានីខេត្ត អនុប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន៍ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អនុប្រធានអន្តោប្រវេសន្ននិងជនភៀសខ្លួន អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងអន្តោប្រវេសន៍ អភិបាលរង ក្រុង ស្រុកខណ្ឌ អធិការ ក្រុង ស្រុក ខណ្ឌ នាយប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ មន្ត្រីនគរបាលនៃនាយកដ្ឋានអន្តោប្រវេសន៍មួយចំនួនចូលរួមអនុវត្ត៕