
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3183 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098950 នាក់
មីយ៉ានម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅមីយ៉ាន់ម៉ា បានរាយការណ៍នាថ្ងៃចន្ទ ទី៤ ខែវិច្ឆិកាថា ប្រមុខរដ្ឋាភិបាលយោធា លោកមីនអ៊ុងឡាំង( Min Aung Hlaing )នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់ភូមាឡាវវៀតណាមកម្ពុជា ដែលសកម្មភាពនេះគឺជាលើកដំបូងបំផុត គិតចាប់តាំងពីរូបលោក បានដឹកនាំការធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកមីនអ៊ុងឡាំង( Min Aung Hlaing) នឹងទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS), កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ក្នុងទីក្រុង Kunming នៃខេត្ត Yunnan។ ឆ្លៀតឱកាសដែលចិនរៀបចំកិច្ចប្រជុំនោះ លោក មីនអ៊ុងឡាំង(Min Aung Hlaing) នឹងជួបពិភាក្សាជាមួយភាគីចិនផងដែរ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុងវិស័យមួយចំនួន។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធា ក្នុងនោះរួមមានទាំង នៅតាមបណ្តោយព្រំប្រទល់រវាងមីយ៉ាន់ម៉ានិងចិន។ ក្នុងការគ្រប់គ្រងំណាចរបបសឹកមីយ៉ាន់ម៉ា បានបាត់បង់ទឹកដីជាបន្តបន្ទាប់ ក្រោមការវាយលុកពីសំណាក់ចលនាតស៊ូប្រដាប់អាវុធ ចាប់តាំងតែពីខែតុលា ឆ្នាំមុន ហើយប្រការនេះបានធ្វើឱ្យចិនព្រួយបារម្ភ រហូតដល់ថ្នាក់បិទផ្នែកមួយចំនួននៃព្រំដែន និងផ្អាកការនាំចូលសំខាន់ៗ ទៅកាន់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម។
សូមបញ្ជាក់ថាកិច្ចប្រជុំនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាក៏នឹង ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS)លើកទី៨ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណា (CLMV) លើកទី១១ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិនដែរ។
ទាក់ទងកិច្ចប្រជុំនេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាមផ្លឹស( Vietname Plus )កាលពីថ្ងៃទី១៩ កញ្ញា លោកង្វៀនស៊ិញញ៉ាតតាន់( Nguyen Sinh Nhat Tan )អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ឡាវ ភូមា និងវៀតណាមក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនារយៈពេលកន្លងមកក្នុងពេលដែលប្រទេសទាំង ៤មានបញ្ហាប្រឈមសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក។ លោក Nguyen Sinh Nhat Tan ក៏បានជំរុញឲ្យភាគីកម្ពុជា ឡាវ និងភូមាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគវៀតណាមដើម្បីអនុវត្តគម្រោងវិនិយោគ និងអាជីវកម្មនៅក្នុងប្រទេសនីមួយៗ។
គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាមលើកទី១៦ ធ្វើឡើងក្នុងគោលដៅបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ប្រទេស CLMV សំដៅប្រែក្លាយទៅជាតំបន់ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់អាស៊ាននៅឆ្នាំ ២០៤៥។ ជាមួយគ្នានេះ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាមក៏ធ្វើឡើងដើម្បីជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងលើការកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍរបស់ប្រទេសទាំង៤ក្នុងចំណោមបណ្ដារដ្ឋសមាជិកអាស៊ាន។
ដោយឡែក សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាមលើកទី១៦ ចេញផ្សាយថ្ងៃទី១៨ កញ្ញាបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ប្រទេស CLMV បានបន្តរក្សាកំណើនសេដ្ឋកិច្ចដោយតម្លៃពាណិជ្ជកម្មរបស់ប្រទេសទាំង៤បានកើនក្នុងចំនួនប្រមាណ ៧៦៨.៩ ពាន់លានដុល្លារ ឬស្មើនឹង ២១.៨% នៃតម្លៃពាណិជ្ជកម្មសរុបរបស់អាស៊ាន៕