
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3577 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099344 នាក់
អ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារ៍ទី១៣សីហាបាននិយាយថា ការអំពាវនាវរួមគ្នាពីសំណាក់បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ឱ្យអ៊ីរ៉ង់ប្រកាន់ភាពអត់ធ្មត់កុំវាយប្រហារសងសឹក លើអ៊ីស្រាអែល គឺខ្វះហេតុផលត្រឹមត្រូវ និងផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤បានឲ្យដឹងថា៖អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកណាសែកានានី( Nasser Kanaani) បាននិយាយថា ដោយគ្មានការជំទាស់អ្វីទាំងអស់ ចំពោះឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល សេចក្តីថ្លែងការណ៍រួមរបស់ប្រទេស EU ទាំង៣ បានទាមទារដោយឥតការគោរពទាល់តែសោះ ឱ្យអ៊ីរ៉ង់កុំឆ្លើយតបចំពោះសកម្មភាពរំលោភបំពាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។
លោកកាណានី( Kanaani )បានបន្តថា ទីក្រុងតេហេរ៉ង់មានការតាំងចិត្តខ្ពស់ ដើម្បីចាត់វិធានការលើអ៊ីស្រាអែល ហើយបានអំពាវនាវឱ្យទីក្រុងប៉ារីស បែរឡាំង និងឡុងដ៍ ក្រោកឈរប្រឆាំងសង្គ្រាមរបស់អ៊ីស្រាអែល នៅដែនដីប៉ាឡេស្ទីនហ្កាហ្សា។ លោក Kanaani បានបន្ថែមទៀតថា ភាពអសកម្មនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បូករួមជាមួយការគាំទ្រផ្នែកនយោបាយ និងយោធាយ៉ាងទូលំទូលំរបស់រដ្ឋាភិបាលក្រុមប្រទេសលោកខាងលិច ចំពោះអ៊ីស្រាអែល គឺជាកត្តាចម្បងបំផុត ដែលស្ថិតនៅពីក្រោយ ការរីករាលនៃវិបត្តិហ្កាហ្សា ក្នុងតំបន់មជ្ឈិមបូព៌ា។
សូមបញ្ជាក់ថាប្រទេសអឺរ៉ុបទាំង៣ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍រួមអំពាវនាវឱ្យ អ៊ីរ៉ង់និងសម្ព័ន្ធមិត្តអ៊ីរ៉ង់ កុំវាយប្រហារសងសឹកលើអ៊ីស្រាអែល ក្រោយការសម្លាប់ មេដឹកនាំនយោបាយក្រុមហាម៉ាស គឺលោកអ៊ីស្មាអាយហានីយ៉េស( Ismail Haniyeh) នៅទីក្រុងតេហេរ៉ង់ កាលពីខែកក្កដា។ អ៊ីរ៉ង់ រួមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុម Hezbollah លីបង់ បានចោទប្រកាន់ អ៊ីស្រាអែលថាជាអ្នកនៅពីក្រោយការធ្វើឃាតនោះ ខណៈរដ្ឋាភិបាលអ៊ីស្រាអែលផ្ទាល់ មិនបានទទួលស្គាល់ឬក៏បដិសេធឡើយ។ បើតាមសេតវិមានអាមេរិកបានវាយតម្លៃថា អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល ក្នុងសប្តាហ៍នេះ។តែលោកប្លិងកឹនរដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថាអាមេរិកខិតខំប្រឹងប្រែងដើម្បីចរចារភាគីទាំងពីរអ៊ីរ៉ង់និងអ៊ីស្រាអែលដើម្បីបញ្ជៀសសង្គ្រាមនៅតំបន់មជ្ឍឹមបូពារ៍។
មានការកត់សម្គាល់ថាការឡើងសម្លេងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ងនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និយាយថាចិនគាំទ្រអ៊ីង់ នៅក្នុងកិច្ចការការពារអធិបតេយ្យ សន្តិសុខ និងសេចក្ដីថ្នូររបស់ជាតិ នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស្ដីទីអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមក្រសួងការបរទេសចិន នៅក្នុងកិច្ចសន្ទនានោះដែរ លោក វ៉ាង យី បានលើកឡើងជាថ្មីពីការថ្កោលទោសរបស់ទីក្រុងប៉េកាំង ចំពោះការវាយប្រហារសម្លាប់មេដឹកនាំ នយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ជាមួយការបញ្ជាក់ថាការវាយប្រហារនេះបានរំលោភលើអធិបតេយ្យ របស់អ៉ីរ៉ង់ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។
ក្រសួងការបរទេសចិនបានបន្ថែមទៀតថា លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ស្ដីទី លោក Ali Bagheri Kani ថាការសម្លាប់លោក Haniyeh បានបំផ្លាញដោយ ផ្ទាល់ដល់កិច្ចចរចាស្វែងរកបទឈប់បាញ់សម្រាប់សង្គ្រាមហ្កាហ្សា ព្រមទាំងបំផ្លាញស្ថិរភាព និងសន្តិសុខក្នុងតំបន់។ «ចិនគាំទ្រអ៊ីរ៉ង់នៅក្នុងកិច្ចការ ការពារអធិបតេយ្យ សន្តិសុខ និងសេចក្ដីថ្លៃថ្នូររបស់ជាតិ អនុលោមតាមច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចប្រឹងប្រែងនៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ នេះជាការលើកឡើងរបស់លោក វ៉ាង យី ដោយបន្ថែមថាចិនត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានតែងតាំងលោក Abbas Araqchi ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ អ៉ីរ៉ង់។ លោក Araqchi ធ្លាប់កាន់តំណែងជាប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ នៅក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយលោកខាងលិច ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១៕