
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3133 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098900 នាក់
ឥណ្ឌា៖ មេដឹកនាំបក្សប្រឆាំងក្នុងប្រទេសឥណ្ឌា លោក អាវីន ឃើជើរីវ៉ាល់ (Arvind Kejriwal) បានវិលត្រឡប់ទៅកាន់ពន្ធនាគារវិញ កាលពីថ្ងៃអាទិត្យ ក្រោយពីការធានាឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយតុលាការកំពូលក្នុងសំណុំរឿងពុករលួយ បានឈានដល់ទីបញ្ចប់ ។
មន្ត្រីមកពីគណបក្សរបស់លោកឃើជីរ៉ាវ៉ាល់បានឲ្យដឹងថា៖ លោកឃើជីរ៉ាវ៉ាល់ (Kejriwal) អភិបាលក្រុងដេលី ជាអ្នកនយោបាយដ៏ល្បី និងជាគូប្រកួតប្រជែងដ៏ធំមួយរបស់លោកនាយករដ្ឋមន្ត្រីណារិន្ទ្រម៉ូឌី (Narendra Modi) ត្រូវទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុសហព័ន្ធ ចាប់ឃាត់ខ្លួនកាលពីខែមីនា ជុំវិញការចោទប្រកាន់ ថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការផ្តល់អាជ្ញាប័ណ្ណចែកចាយគ្រឿងស្រវឹង ។ កាលនោះ លោកឃើជីរ៉ាវ៉ាល់ បានបដិសេធចំពោះការចោទប្រកាន់ខាងលើ ។
កាលពីខែមុន តុលាការកំពូល បានអនុញ្ញាតឱ្យលោកឃើជីរ៉ាវ៉ាល់ អាចនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីចូលរួមការឃោសនានិងបោះឆ្នោតរហូតដល់ថ្ងៃទី១ ខែមិថុនា ជាថ្ងៃចុងក្រោយនៃការបោះឆ្នោតចំនួន ៧ ដំណាក់កាលនៅទូទាំងប្រទេសឥណ្ឌា នៅក្នុងលក្ខខណ្ឌត្រឡប់ទៅឃុំខ្លួនជាថ្មីជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារនៅថ្ងៃទី២ ខែមិថុនា មុនការជំនុំជម្រះបន្ទាប់ ។
គួររំឮកថា លោកឃើជីរ៉ាវ៉ាល់ គឺជាអតីតមន្ត្រីពន្ធដារជាន់ខ្ពស់ម្នាក់ ដែលបានឈ្នះពានរង្វាន់ រ៉ាមុន ម៉ាំងសាយសាយ (Ramon Magsaysay) ត្រូវគេហៅថា ជាពានរង្វាន់ណូបែលអាស៊ី ក្នុងឆ្នាំ ២០០៦ សម្រាប់ការដឹកនាំចលនាទាមទារសិទ្ធិទទួលបានព័ត៌មានពិត និងជួយជនក្រីក្រប្រឆាំងនឹងអំពើពុករលួយ ។ជាងមួយទសវត្សរ៍មុន លោកឃើជីរ៉ាវ៉ាល់ បានបង្កើតគណបក្សថ្មីបំផុតមួយរបស់ប្រទេសឥណ្ឌា ក្រោមគោលដៅប្រឆាំងអំពើពុករលួយ ហើយធ្វើឱ្យកេរ្តិ៍ឈ្មោះគណបក្សមានភាពល្បីល្បាញយ៉ាងឆាប់រហ័ស ។
សូមបញ្ចាក់ថាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌា លោក Rajiv Kumar បានឲ្យកាសែតដឹង នៅថ្ងៃចន្ទនេះថា ប្រជាជនឥណ្ឌាសរុបចំនួន ៦៤២លាននាក់ បានចូលរួមបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតសកល ដែលទើបតែបិទបញ្ចប់ ក្រោយប្រព្រឹត្តទៅ អស់រយៈពេល៦សប្តាហ៍។ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤បានផ្សាយថា៖តួលេខខាងលើគឺខ្ពស់ជាងតួលេខ៦១២លាននាក់ នៃប្រជាជនឥណ្ឌា ដែលបានចូលរួមបោះឆ្នោត ក្នុងការបោះឆ្នោតសកល កាលពីឆ្នាំ២០១៩ ប៉ុន្តែបើគិតអំពីអត្រានៃអ្នកទៅបោះឆ្នោត ក្នុងចំណោមប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺវាទាបជាង៥ឆ្នាំមុន ប្រហែល១ភាគរយ។
នៅក្នុងការបោះឆ្នោតសកលឥណ្ឌាឆ្នាំ២០២៤នេះ ៦៦.៣ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅចូលរួមបោះឆ្នោត ខណៈកាលពីឆ្នាំ២០១៩ គឺ៦៧.៤ភាគរយ។ដំណើរការបោះឆ្នោត នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ លើពិភពលោកមួយនេះ បានចាប់ផ្តើមតាំងតែពីថ្ងៃទី១៩ ខែមេសា ហើយមាន៧ដំណាក់កាល។ ការបោះឆ្នោតនៅដំណាក់កាលទី៧ ដែលជាដំណាក់កាលចុងក្រោយ បានបិទបញ្ចប់ទៅវិញ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយការរាប់សន្លឹកឆ្នោត ព្រមទាំងការប្រកាសលទ្ធផលត្រូវគេរំពឹងថា នឹងធ្វើឡើងនាថ្ងៃអង្គារសប្តាហ៍នេះ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ត្រូវគេមើលឃើញថា ទំនងជានឹងបន្តទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ៣អាណត្តិជាប់ៗគ្នា៕ប្រភព៖ Reuters ConnectនិងAFP