
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5115 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100882 នាក់
ខេត្តព្រះសីហនុ៖ ល្ងាចថ្ងៃទី២១ឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានចុះទៅបង្ក្រាបជនបរទេសរាប់សិបនាក់នៅអគារកាស៊ីណូជិនប៉ី៤ ក្រោយមានសេចក្តីរាយការណ៍ថា មានការផ្ទុះអាវុធ និងមានមនុស្សស្លាប់ ។
សមត្ថកិច្ចមិនទាន់អាចប្រាប់លម្អិតបានទេពីលទ្ធផកនៃការបង្ក្រាប ដោយសារករណីនេះស្ថិតក្នុងការបន្តនីតិវិធីស៊ើបអង្កេតនៅឡើយ។ចំពោះហេតុការណ៍ដែលបានកើតឡើងនៅអគារជិនប៉ី៤ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃ២០ឧសភា ឆ្នាំ២០២៤ សមត្តកិច្ចថា ជាករណីជម្លោះរវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌាគ្នាឯង និងមិនមានការផ្ទុះអាវុធ ឬមានមនុស្សស្លាប់ដូចការចែកចាយសារសំឡេងក្នុងគ្រុបតេឡេក្រាមឡើយ។ តាមការស៊ើបអង្កេតបឋម ជម្លោះនេះ បណ្តាលមកពីពួកគេ(បុគ្គលិកឥណ្ឌា)មួយចំនួនមិនចង់ធ្វើការនៅកន្លែងនេះ ទើបផ្តើមឱ្យមានការតវ៉ារបស់ជនជាតិឥណ្ឌាមួយចំនួន ចង់ចាកចេញទៅរកកន្លែងធ្វើការថ្មីប៉ុណ្ណោះ។
មុនមានការចុះបង្ក្រាបនេះកាលពីក្បាលប្រលប់ថ្ងៃទី២០ឧសភា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីផ្ទះអាវុធបាញ់រះ នៅទីតាំងកាស៊ីណូមួយកន្លែង បណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះ ឡោមព័ទ្ធទីតាំងកាស៊ីណូឈ្មោះជិនប៉ី៤ និងប្រមូលបានជនបរទេសជាច្រើននាក់យកទៅសួរនាំ។ ភ្លាមៗសមត្ថកិច្ចបញ្ជាក់ថា«ករណីនេះ ពុំមានផ្ទុះអាវុធ ឬមានមនុស្សស្លាប់ និងរងរបួសដូចអ្វីដែលជាសារសំឡេងប្រជាពលរដ្ឋរាយការណ៍ និងផ្ញើសារតៗគ្នាក្នុងគ្រុបតេឡេក្រាមទេ។ ពួកគេគ្រាន់តែមានរឿងបញ្ហាការងារក្នុងក្រុមហ៊ុនប៉ុណ្ណោះ»។ សមត្ថកិច្ចបន្ថែមថា បច្ចុប្បន្ន ជនបរទេសខាងលើកំពុងឃាត់ខ្លួនទុកនៅស្នងការនគរបាលខេត្តព្រះសីហនុ រង់ចាំធ្វើការសួរជាបន្តទៀត។
សម្រាប់អគារជីងប៉ី៤ ហៅអគារខ្មៅនេះវិញ ធ្លាប់មានអតីតបុគ្គលិកបម្រើការងារនៅទីនោះ បង្ហើបប្រាប់ឱ្យដឹងថា ទីតាំងខាងលើជាអគារបណ្តុំអាជីវកម្មជាច្រើនបង្កប់នៅខាងក្នុងដែលរួមមាន ៖ «កាស៊ីណូសម្រាប់មនុស្សលេងផ្ទាល់ កាស៊ីណូអនឡាញ ហាងលក់ទំនិញ ហាងផឹកស៊ី ឌីស្កូថេក សណ្ឋាគារលំដាប់ផ្កាយ សេវាកម្មជួញដូរផ្លូវភេទ ហាងម៉ាស្សា អាហារដ្ឋាន ។ល។» ជាមួយគ្នានោះ អគារមួយនេះ ក៏មានការបង្ខាំងមនុស្សចម្រុះជាតិសាសន៍បង្ខំឱ្យធ្វើការលើសកម្រិតផងដែរ កាលពីអំឡុងឆ្នាំ២០២២។ ដោយសារតែ អគារជីងប៉ី៤ ជាទីកន្លែងបណ្តុំអាជីវកម្មចម្រុះ ទើបមានថៅកែធំៗមកពីបរទេសបណ្តាក់ទុនរកស៊ីជាច្រើនរួមមាន៖ ជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ និងថៅកែមកពីវៀតណាម នាំគ្នាមកបើកអាជីវកម្មក្នុងអគារជីងប៉ី៤ ដោយមានទាំងស្របច្បាប់ និងខុសច្បាប់។
ចំពោះបុគ្គលិកបម្រើការងារនៅក្នុងអគារនោះវិញ ក៏មានចម្រុះជាតិសាសន៍ដូចគ្នានឹងថៅកែទាំងអស់នោះដែរ ដែលរួមមាន៖ ជនជាតិខ្មែរ ចិន វៀតណាម ឥណ្ឌូណេស៊ី ថៃ ឥណ្ឌា និងម៉ាឡេស៊ីជាដើម។ ចំណុចសំខាន់ពួកគេទាំងនោះ មិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅអគារទេ ហើយបើមានតម្រូវការចង់ទិញអីវ៉ាន់ប្រើប្រាស់ពីខាងក្រៅ គឺត្រូវបញ្ជាទិញតាមក្រុមម៉ូតូដឹកជញ្ជូនចល័ត ហើយត្រូវយកមកទុកនៅកន្លែងឆ្មាំចាំយាមច្រកទ្វារចេញ-ចូល ទើបឆ្មាំកំណត់ឈ្មោះអ្នកដែលបញ្ជាទិញឱ្យចុះមកទទួលយកបន្ត។ ចំណែកជនជាតិចិន ឬជនបរទេសផ្សេងទៀតដែលជាអតិថិជន ចូលទៅលេងកម្សាន្តនៅក្នុងអគារជីងប៉ី៤ នោះវិញ ក៏ត្រូវឆ្មាំការពារនៅមាត់ទ្វារត្រួតពិនិត្យទាំងពេលចេញ និងពេលចូល ពុំនោះទេឆ្មាំការពារនឹងមិនអនុញ្ញាតឱ្យចូលទៅខាងក្នុងឡើយ ពោលគឺលើកលែងតែភ្ញៀវលំដាប់ VIP ដែលរាល់ពេលចេញ-ចូល មានរថយន្តក្រុមហ៊ុនដឹកជញ្ជូនទៅមក ទើបគ្មានការត្រួតពិនិត្យលម្អិត។
ប្រភពខាងលើបន្តថា ចំពោះបុគ្គលិកបម្រើការងារផ្នែកកាស៊ីណូអនឡាញវិញ គឺថៅកែឱ្យរស់នៅក្នុងកន្លែងធ្វើការនៃអគារនោះផ្ទាល់តែម្ដង។ ពួកគេត្រូវបានថៅកែបង្ខាំងមិនឱ្យចេញក្រៅ គ្មានសេរីភាព គ្មានការតវ៉ា និងធ្វើការងារលើសកំណត់ បើមានគម្រោងចង់ឈប់ គឺត្រូវធ្វើការយ៉ាងតិចបំផុតក៏១ឆ្នាំដែរ ឬក៏ត្រូវគេផ្ទេរយកទៅធ្វើការនៅកន្លែងផ្សេងក៏មាន។ កន្លងមក មានបុគ្គលិកខ្មែរខ្លះបានកុហកទៅអ្នកគ្រប់គ្រងរបស់ខ្លួន ដោយក្លែងថា គ្រួសារមានធុរៈបន្ទាន់ ដូចជា បងប្អូនស្លាប់ ឬមានករណីអ្វីពិសេស ទើបពួកគេឱ្យឈប់ទៅស្រុកកំណើត (សម្រាប់បុគ្គលិកខ្មែរ) តែប្រាក់ខែ ត្រូវថៅកែដកអស់មួយចំនួន ដើម្បីឱ្យបុគ្គលិករូបនោះត្រឡប់មកវិញ។ ប៉ុន្តែបើចំពោះជនជាតិចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬជនបរទេសផ្សេងទៀត ជាបុគ្គលិកដូចជនជាតិខ្មែរដែរ គឺកម្រនឹងឃើញចេញក្រៅបានណាស់។ ដូច្នេះ ករណីក្រុមបុគ្គលិកឥណ្ឌាឈ្លោះគ្នាតវ៉ាចង់ចេញទៅធ្វើការនៅកន្លែងផ្សេងនេះ អាចជាករណីបង្ខំឱ្យពួកគេធ្វើការហួសកម្រិតដូចករណីកន្លងមកក៏អាចថាបាន?តែយ៉ាងណាយើងរង់ចាំពត៍មានលម្អីតពសត្តកិច្ចបន្តទៀត៕