
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 28294 នាក់
ម្សិលមិញ 29590 នាក់
សរុប 21070460 នាក់
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទើបបានហៅទូរសព្ទទៅលោក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដើម្បីបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួន ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន នៅក្នុងការដើរតួយ៉ាងសកម្មដើម្បីសន្តិភាពនៅក្នុងតំបន់ ជាពិសេស នៅក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ លោក អាន់វ៉ា បញ្ជាក់ក្នុងហ្វេសប៊ុកលោកថា ក្នុងកិច្ចសន្ទនានោះ លោក ត្រាំ បានទទួលស្គាល់នូវជោគជ័យរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ ថាជាការសម្រេចបានដ៏ជោគជ័យ ដែលឆ្លុះបញ្ចាំងនូវអធិបតេយ្យភាពរបស់ម៉ាឡេស៊ី និងជំហរឥតងាករេរបស់អាស៊ាន។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្ថែមដូច្នេះថា«ខ្ញុំ ក៏បានបញ្ជាក់វិញនូវតួនាទីរបស់សហរដ្ឋអាម៉េរិក ក្នុងការធានាថា បទឈប់បាញ់ គឺអាចសម្រេចទៅបាន»។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏រំពឹងដែរថា លោក ត្រាំ ប្រធានាធិបតីអាម៉េរិក នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រពឹត្តទៅនៅខែតុលាខាងមុខ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាត់ទុក«កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ នៅក្នុងពង្រឹងកិច្ចសហប្រតិបត្តិការ សម្រាប់សន្តិភាព ស្ថិរភាព និងសុខដុមរមនានៅក្នុងតំបន់។ »។ លោក អាន់វ៉ា គូសបញ្ជាក់បន្ថែមថា កិច្ចសន្ទនាតាមទូរសព្ទជាមួយ លោក ត្រាំ កើតឡើងបន្ទាប់ពីលោក អាន់វ៉ា បានទទួលជួបលោក Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៧៥ និងកិច្ចប្រជុំពាក់ព័ន្ធ។