
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2689 នាក់
ម្សិលមិញ 34475 នាក់
សរុប 21084215 នាក់
ខេត្តរតនៈគីរី៖កាលពីថ្ងៃទី១៤សីហាលោកញ៉ែមសំអឿនអភិបាលខេត្តរតនៈគីរីបានដឹកនាំប្រតិភូចុះពិនិត្យក្រុមហ៊ុនអាជីវកម្មរ៉ែមាស MESCO GOLD អូរយ៉ាដាវ រតនគិរី ។ បើតាមលោកញ៉ែមសំអឿនក្នុងរយៈពេលជិត១ឆ្នាំនេះក្រុមហ៊ុនអាជីវកម្មរ៉ែមាស MESCO GOLD ផលិតមាសបានជាង ៣០ គីឡូក្រាម។
សម្រាប់អាជីវកម្មមាសនៅក្នុងស្រុកខ្មែរនេះលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦បានឲ្យដឹងថា ក្រសួងរ៉ែនិងថាមពលប្រមូលសួយសារពីវិស័យរ៉ែបានជិត៩៣លានដុល្លារអាមេរិក។ លោកបន្ថែមថា បើគិតពីច្បាប់ថវិកាឆ្នាំ២០២៦ដែលបានកំណត់ គឺចំនួន៧១,៩០លានដុល្លារ ដូច្នេះត្រឹមតែពេល៦ខែគឺក្រសួងប្រមូលបានខ្ពស់ជាងច្បាប់ថវិកា១២៨,៩៥ភាគរយ។
ដោយឡែក ពាក់ព័ន្ធនឹងពន្ធដារប្រមូលបានពីវិស័យរ៉ែ លោក អ៊ឹង ឌីប៉ូឡា ថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ក្រសួងប្រមូលបានចំនួន៥៩,៣២លានដុល្លារ ខណៈពន្ធនាំចេញប្រមូលបាន៦៧,០៧លានដុល្លារ។ ជារួមបើគិតបញ្ចូលគ្នារវាងចំណូលពីពន្ធដារនិងពន្ធនាំចេញ ត្រឹមតែត្រីមាសទី១នៃឆ្នាំ២០២៦គឺប្រមូលបានប្រមាណជាង១០០លានដុល្លារផ្សេងទៀត ក្រៅពីចំណូលសួយសារ។
សូមជម្រាបថា ចំណូលសួយសារប្រមូលបានពីវិស័យរ៉ែមានការកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់។ ពោលគឺចំណូលសួយសារបានកើនឡើងពីជាង៦០លានដុល្លារក្នុងឆ្នាំ២០២៣ ដល់៩៤,៣លានដុល្លារក្នុងឆ្នាំ២០២៤ ហើយបានបន្តកើនឡើងរហូតដល់១៣៥,៥៥លានដុល្លារនៅក្នុងឆ្នាំ២០២៥។
លោក អ៊ឹង ឌីប៉ូឡា សង្កត់ធ្ងន់ដែរថា ទន្ទឹមនឹងការប្រមូលចំណូលចូលជាតិបានច្រើនហើយ វិស័យរ៉ែក៏បង្កើតការងារបានជាង១២,០០០នាក់ ក្នុងនោះស្ដ្រី៧ភាគរយ ដែលជាកម្រិតស្របតាមស្តង់ដាអន្តរជាតិ។ ទោះជាយ៉ាងណា ក្រសួងមានគោលដៅជំរុញនិងបង្កើនចំនួនស្ត្រីនៅក្នុងវិស័យនេះឱ្យកើនឡើងទ្វេដងរហូតដល់១៤ភាគរយនាពេលខាងមុខ។ ទាក់ទងនឹងសុវត្ថិភាពអណ្ដូងរ៉ែវិញ គឺមានគ្រោះថ្នាក់នៅក្នុងអណ្ដូងរ៉ែកាន់តែតិចទៅ ដោយសារតែមានការបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ជាក់ស្ដែងរយៈពេល៦ខែកន្លមកងនេះមិនមានគ្រោះថ្នាក់ស្លាប់នោះទេ លើកលែងតែរ៉ែអនាធិបតេយ្យប៉ុណ្ណោះ។
សូមបញ្ជាក់ថាបើតាមលោកអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងកាលពីប៉ុន្មានឆ្នាំមុននេះថានៅស្រុកខ្មែរ ក្រុមហ៊ុនចំនួន ៧ បានទទួលអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែមាស និងចំនួន ២៦ ទៀត បានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ស្របពេលក្រុមហ៊ុនខ្លះឈានដល់ការវាយតម្លៃអាចបង្កើតរោចក្រចម្រាញ់រ៉ែមាសបាន តួយ៉ាង Mesco Gold Cambodia ។ ក្រុមហ៊ុន Mesco Gold Cambodia ដែលមានទីតំាងស្ថិតនៅភូមិស្រារ៉ុង ឃុំយ៉ាទុង ស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានទទួលអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ លើទំហំផ្ទៃដី ១២ គីឡូម៉ែត្រការ៉េ ។ ប៉ុន្តែក្រុមហ៊ុនមានសិទ្ធិធ្វើប្រតិបបបត្តិការអាជីវកម្មធនធាន រ៉ែលើទំហំផ្ទៃដីត្រឹម ១ គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ ក្រៅពីនោះក្រុមហ៊ុនមានសិទ្ធិត្រឹមតែអនុវត្តការសិក្សាស្រាវជ្រាវបន្ថែម និងសិក្សាសមិទ្ធិលទ្ធភាពសេដ្ឋកិច្ចជម្រករ៉ែសម្រាបឈានទៅរកការពង្រីកផលិតកម្មនាពេលអនាគត ។