
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5035 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100802 នាក់
ចិន៖ ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វប៉េ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកញ្ញាឆ្នំា២០២៥នេះថា អាជ្ញាធរក្រុងហុងកុង ប្រទេសចិនកំពុងតែស្ទុះស្ទា ដើម្បីត្រៀមខ្លួនក្នុងការទប់ទល់ទៅនឹងការមកដល់ខ្យល់ព្យុះទីហ្វុងដ៏មហិមាមួយមានឈ្មោះថា រ៉ាហ្គាហ្សា(Ragasa)។ខ្យលព្យុះរ៉ហ្កាត្រូវបានក្រុមមន្រ្តីអាជ្ញាធរក្រុងព្រមានថាជាខ្យលព្យុះ ដែលអាចធ្វើការគំរាមកំហែងធ្ងន់ធ្ងរ និងបង្កវិនាសសកម្មដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មីៗរបស់ទីក្រុងហុងកុងនាពេលដ៏ខ្លីខាងមុខនេះ។
ប្រព័ន្ធផ្សព្វផ្សាយដដែលនេះ បានឱ្យដឹងបន្ថែមទៀតថា កំរិតល្បឿនខ្យល់បោកបក់ចេញពីខ្យល់ព្យុះហ្គាហ្សា(Ragasa) មានល្បឿនរត់រហូតដល់ទៅ២២០គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងដំណើរឆ្ពោះចូលទៅកាន់តំបន់ឈូងសមុទ្រចិនភាគខាងត្បូងនៅថ្ងៃអង្គារនេះ ខណៈដែលនៅមុននេះបន្តិចខ្យល់ព្យុះបានឆ្លងកាត់តាមប្រទេសហ្វីលីពីន។មជ្ឈមណ្ឌលពាណិជ្ជកម្មនានានៅក្នុងទីក្រុងហុងកុង អាចរងការរំខានដល់ដំណើរការពាណិជ្ជកម្មរបស់ខ្លួននៅរសៀលថ្ងៃនេះ និងអាចបង្កឱ្យមានការបិទទ្វារក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីសេហ្សិន របស់ចិន ហើយក៏គ្រោងនឹងជម្លៀសមនុស្សប្រមាណជា ៤សែននាក់ចេញពីមុខខ្យល់ព្យុះហ្គាហ្សា(Ragasa)។
ដោយឡែកអាជ្ញាធរអាកាសចរណ៍ក្រុងហុងកុងវិញបាននិយាយប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅថ្ងៃនេះដែរថា អាកាសយានដ្ឋានក្រុងហុងកុងនឹងនៅតែបន្តបើកប្រតិបត្តិការជាធម្មតា គ្រាន់តែមានផលរំខានខ្លះៗ ដល់ដំណើរការហោះហើរតែប៉ុណ្ណោះចាប់ពីចន្លោះម៉ោង ៦ល្ងាច (ម៉ោងនៅក្រុងហុងកុង) នៅថ្ងៃអង្គារ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ខាថាយ ប៉ាស៊ីហ្វិក(Cathay Pacific) ប្រមាណជា ៥០០ជើងហោះហើរត្រូវគេរំពឹងថា អាចនឹងត្រូវលុបចោលជើងហោះហើរនៅរសៀលថ្ងៃនេះដែរ។សូមបញ្ជាក់ថាព្រលានយន្តហោះអន្តរជាតិតេជោបានទទួលឲ្យយន្តហោះក្រុមហ៊ុនអាកាសចរណ៍ខាថាយ ប៉ាស៊ីហ្វិក(Cathay Pacific)ចំនួន១៣គ្រឿងសំចតរយៈពេល៣ថ្ងៃគឺពីថ្ងៃទី២៣ដល់២៥កញ្ញាដោយសារគេចពីខ្យលព្យុះខាងលើ។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិចេញពីខ្យល់ព្យុះទីហ្វុងដ៏កាចនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងដែរថា គ្រោះមហន្តរាយធម្មជាតិធំៗមួយរយៈកាលចុងក្រោយមកនេះ អាចបណ្តាលមកពីកត្តាមនុស្សជាអ្នកបង្កឡើងដែលជម្រុញឱ្យមានការប្រែប្រួលដ៏ឆាប់រហ័សបែបនេះ មានដូចជាការធ្វើឱ្យមានអតុល្យភាពរវាងបរិស្ថាន និងមនុស្សជាដើម៕ប្រភព៖ AFP