
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2284 នាក់
ម្សិលមិញ 34475 នាក់
សរុប 21083810 នាក់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដានេះ បានផ្ញើសារ ថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែល បានយកចិត្តទុកដាក់ជួយពលរដ្ឋភៀសសឹក ខណៈទុក្ខលំបាកថ្ងៃនេះបង្ហាញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ។
សម្ដេចធិបតី សរសេរថា សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។
សម្ដេចក៏បានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
សម្ដេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា៖«ទុក្ខលំបាកថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក ដែលបង្កឡើងពីទង្វើទុច្ចរិត និងមហិច្ចតាឈ្លានពានដោយព្រះជាណាចក្រថៃ»។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋ ៦ឃុំ លើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំសរុបចំនួន ១១,៥៥៨ គ្រួសារ ស្មើនឹង ២៧,០៥៣នាក់។
ដោយឡែក បងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។ ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ១១ កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៤,៩៤៦ គ្រួសារ ស្នើនឹង ១៧,០៣០នាក់។
នៅសាលាខេត្តព្រះវិហារប្រជាពលរដ្ឋនិងសប្បុរសជនអាច ទំនាក់ទំនងលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត 071 255 1966៕