
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5145 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100912 នាក់
ខេត្តបាត់ដំបង៖ជនបង្កករណីគ្រោះថ្នាក់ចរាចរណ៍ឈ្មោះស៊ីវជ័យសិដ្ឋដែលគេដឹងថាជាកូនប្រុសស្នងការរងនគរបាលខេត្តបាត់ដំបង បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង បញ្ជូនទៅតុលាការនាព្រឹកព្ថរឹកថ្ងៃទី២មេសា២០១២៦។ បើតាមសេចក្តីប្រកាសរបស់ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងថាក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ (ឃាត់ខ្លួន) ដោយសម្រេចបំបែកសំណុំរឿងជា២៖
សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ចំនួន៥នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ (បណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់) ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ បទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ ចំណុច «គ» នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាម ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥៦ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សំណុំរឿងទី២ (ជនរងគ្រោះរងរបួសធ្ងន់ចំនួន ១នាក់) តំណាងអយ្យការបានធ្វើការចោទប្រកាន់លើ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់ អ្នកដទៃ និងរត់គេចខ្លួន ប្រព្រឹត្តនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ៥ ក្នុង បទល្មើសមានបញ្ញត្តិ និងឱ្យផ្តន្ទាទោសតាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រម ព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥៨ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បញ្ជូនទៅចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២:៤០នាទី ស្ថិតនៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិលេខ ៥ ក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក MERCEDES BENZ AMG GT៥៣ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.៦១៦៨ បើកបរដោយឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ បើកបរក្នុងល្បឿនលឿន ហើយរេចង្កូតចូលទៅគន្លងផ្លូវរបស់ម៉ូតូ បានបុកចំពីខាងក្រោយម៉ូតូចំនួនពីរ គ្រឿងរបស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីមួយកន្លែង ស្ថិតនៅ ទីរួមស្រុកមោងឬស្សីនារាត្រីនោះ បណ្តាលឱ្យស្លាប់ចំនួន ៥នាក់ ដែលក្នុងនោះស្ត្រីម្នាក់មានគភ៌ ចំនួន ៣ខែ និងក្មេងប្រុសម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយជនរងគ្រោះទាំងអស់រស់នៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ក្រោយកើតហេតុ អ្នកបើករថយន្តបង្កគ្រោះថ្នាក់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្តបង្កហេតុនៅទីនោះទាល់តែមានអនត្រាគមន៍ពីនាយករដ្ឋមន្ត្រីទើបគេឃើញមានរដ្ឋមន្ត្រីនិងមេនគរបាលជាតិស្ទុះស្ទាធ្វើការទើបឪពុកម្តាយព្រមនាំខ្លួជនបង្កដែលជាកូនមកជួបនគរបាលខេត្តបាត់ដំបង។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ដែលជាអនុប្រធានក្រុមការងារបក្សចុះខេត្តបាត់ដំបងក៏បានចាត់តាំងលោកស្រីលឹមចន្ទលីដាឲ្យមកធ្វើជាមេធាវីជនរងគ្រោះ។ទោះយ៉ាងណា ការចរចាសំណងរវាងម្តាយចនបង្កជាមួយគ្រួសារជនរងគ្រោះ មិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។តាមការទាមទាររបស់គ្រួសារជនរងគ្រោះ បានស្នើសំណងក្នុងម្នាក់ចំនួន ៣៥,០០០ ដុល្លារ ខណៈដែលម្ដាយរបស់ជនបង្ក បានស្នើសងត្រឹម ១០,០០០ ដុល្លារប៉ុណ្ណោះក្នុងម្នាក់។
ម្ដាយជនបង្កបានអះអាងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយចំនួន ការសងសំណងមានត្រឹម ២,០០០ ទៅ ៣,០០០ ដុល្លារប៉ុណ្ណោះ ដូច្នេះការសងចំនួន ១០,០០០ ដុល្លារនេះ គឺចាត់ទុកថាជាចំនួនខ្ពស់រួចហើយ។ លើសពីនេះ គាត់ក៏បានបញ្ជាក់ថា គាត់នៅត្រូវចំណាយប្រាក់សម្រាប់ជួសជុលយានយន្តរបស់កូនគាត់ផងដែរ។
យ៉ាងណាក៏ដោយ ទោះបីជាការចរចាសំណងផ្នែករដ្ឋប្បវេណីអាចឈានដល់កិច្ចព្រមព្រៀងក៏ដោយ ជនបង្កនៅតែត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងត្រូវបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ជាបន្តទៀត។