
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 44 នាក់
ម្សិលមិញ 11753 នាក់
សរុប 21094959 នាក់
បាត់ដំបង៖ គម្រោងរបងព្រុំដែនដែលត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយភាគីថៃ នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 ស្ថិតក្នុង ភូមិសាស្ត្រឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងត្រូវបានបកស្រាយថាមិនអីទេ។
កាសែតហ្វ្រេសញូវបានទទួលពីប្រភពច្បាស់ការឲ្យដឹងថា ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា-ថៃ បានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃបានធ្វើលិខិតជូនដំណឹងមកភាគី កម្ពុជា អំពីគម្រោងសាងសង់របងគ្រប់គ្រងការឆ្លងព្រំដែននិងផ្លូវព្រំដែននៅក្នុងទឹកដីថៃ ចន្លោះបង្គោល ព្រំដែនលេខ 52-59។ ភាគីទាំងពីរបានឯកភាពធ្វើផ្លូវល្បាតព្រំដែននៅក្នុងទឹកដីរបស់ខ្លួនរៀងៗខ្លួន ចាប់ពីបង្គោលលេខ 52 ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានឈូសឆាយធ្វើផ្លូវមកដល់ បង្គោលលេខ 54។
ប្រភពដដែលបានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នា ទាំងទីតាំងបង្គោល ទាំងខ្សែព្រំដែន តាំងពីខែមីនា ឆ្នាំ២០០៨ និងថែមទាំងបានចុះបោះបង្គោលបណ្តោះអាសន្នរួចរាល់ដែលបង្គោលនីមួយៗមានគម្លាតពីគ្នា ៥០ម៉ែត្រ ដើម្បីបង្ហាញពីភាពច្បាស់លាស់ នៃខ្សែព្រំដែនលើដីជាក់ស្តែង តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥។ ដូច្នេះ ផ្អែកតាមទិដ្ឋភាពច្បាប់ ក៏ដូចជា ទិដ្ឋភាពបច្ចេកទេស កាលបើភាគីថៃមានផែនការធ្វើរបងនៅតំបន់នេះ ហើយធ្វើនៅក្នុងទឹកដីថៃនោះ មិនមានអ្វីខុសឆ្គងទេ។
សូមបញ្ជាក់ថាតាមប្រភពពត៍មានថៃឧត្តមសេនីយ៍ឯក វីតៃ ឡាយធម្យម្យ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធថៃ បានឲ្យដឹងថា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខព្រំដែន និងដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន កងកម្លាំងប្រដាប់អាវុធថៃ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ អ៊ុគ្រីត ប៊ុនតាណុន អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធថៃ បានពន្លឿនគម្រោងសាងសង់របងព្រំដែនអចិន្ត្រៃយ៍ ដើម្បីគ្រប់គ្រងតំបន់ព្រំដែន និងទប់ស្កាត់សកម្មភាពខុសច្បាប់គ្រប់ទម្រង់។
គម្រោងនេះកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយតំបន់សាកល្បងគឺជាចំណុចឆ្លងកាត់ព្រំដែននៅបង្គោលព្រំដែនលេខ 52-54 ក្នុងស្រុកពង់ណាំរ៉ុន ខេត្តច័ន្ទបុរី ដែលមានប្រវែងសរុបប្រហែល 1,310 ម៉ែត្រ។
ដោយបច្ចុប្បន្ន មជ្ឈមណ្ឌលសកម្មភាពមីនជាតិបាន បញ្ចប់ការស្ទង់មតិ និងការបោសសម្អាតមីន ដើម្បីធានាសុវត្ថិភាពនៅក្នុងតំបន់នោះ។
បញ្ជាការដ្ឋានអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធថៃ (RTARC) ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ សារ៉ាយុទ្ធ ច័ន្ទអូចា អគ្គមេបញ្ជាការនៃ RTADC បានបញ្ជាឱ្យបុគ្គលិករៀបចំតំបន់ និងសាងសង់ផ្លូវតាមរបង ដោយបញ្ចប់ការងារត្រៀមសម្រាប់ការសាងសង់អគារ និងរបងអចិន្ត្រៃយ៍។ការសាងសង់ជញ្ជាំងអចិន្ត្រៃយ៍ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ 2026 ដោយមានរយៈពេលកំណត់បញ្ចប់ 45 ថ្ងៃ។អ្នកនាំពាក្យកងទ័ពថៃបានសង្កត់ធ្ងន់ថា តំបន់នេះត្រូវបានសម្របសម្រួល និងឯកភាពជាមួយភាគីកម្ពុជា ដែលក៏មានផ្លូវតាមរបងដែលតម្រឹមជាមួយភាគីថៃផងដែរ។
នាពេលអនាគត កងទ័ពមានគម្រោងពង្រីកការសាងសង់ ទាំងក្នុងទម្រង់ជាជញ្ជាំងអចិន្ត្រៃយ៍ និងរបងអេឡិចត្រូនិចដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញា និងកាមេរ៉ាសុវត្ថិភាព CCTV ដើម្បីបង្កើនការឃ្លាំមើល 24 ម៉ោង។
ទោះយ៉ាងណា ប៉ុន្តែប្រសិនបើភាគីថៃធ្វើរបង ឬធ្វើសកម្មភាពផ្សេងទៀតនៅកំណាត់ខ្សែព្រំដែនណា ដែលភាគីទាំងពីរពុំទាន់បានឯកភាពគ្នា សកម្មភាពទាំងអស់នោះគឺជាការរំលោភលើច្បាប់អន្តរជាតិ រំលោភលើសន្ធិសញ្ញា អនុសញ្ញា ផែនទី MOU និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។