
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8149 នាក់
ម្សិលមិញ 10187 នាក់
សរុប 20764363 នាក់
ភ្នំពេញ៖ថ្ងៃទី២៦តុលាជាថ្ងៃគម្រប់ខួប១ឆ្នាំនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួររវាងកម្ពុជានិងថៃ ឬហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ២៦ តុលា ២០២៥ - ២៦ តុលា ២០២៦ ។កាលនោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមប្រធានប្តូវេនអាស៊ាន ចុះហត្ថលេខាជាសាក្សី។
នាឱកាសនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានបញ្ជាក់ថា “សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយភាគីកម្ពុជានិងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងជួយធ្វើឱ្យការសន្យាអំពីសន្តិភាពដ៏យូរអង្វែងក្លាយជាការពិតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ”។
តាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានបញ្ជាក់ថា កាលពីមួយឆ្នាំមុននៅថ្ងៃនេះ ប្រធានាធិបតីដូណាល់ ត្រាំ បាននាំកម្ពុជានិងថៃមកជួបគ្នាដើម្បីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ» ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយកើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់លោកប្រធានាធិបតី។ លោកថា កិច្ចព្រមព្រៀងសន្តិភាពនេះបានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃកិច្ចការការទូតអាម៉េរិកក្នុងការដោះស្រាយជម្លោះនិងបានកសាងគ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជានិងថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារតាមបណ្តាញសង្គមបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែននិងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។
ក្នុងឱកាសគម្រប់ខួប១ឆ្នាំនេះ សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាតាមរយៈហ្វេប៊ុកក៏បានថ្លែងអំណរគុណសារជាថ្មីចំពោះលោកត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានចូលរួមយ៉ាងសកម្មនិងលើកទឹកចិត្តជំរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។
គួររម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពនេះបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយយោធាថៃបើកការបាញ់ប្រហារមុនមកលើទឹកដីកម្ពុជាពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បណ្តាលឱ្យយោធិននិងជនស៊ីវិលនៃប្រទេសទាំងពីរស្លាប់បាត់បង់ជីវិត។ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរក៏ដោយ ក៏ការប៉ះទង្គិចគ្នាជុំទី២បានផ្ទុះឡើងជាថ្មីម្តងទៀតមានរយៈពេល២០ថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារកម្លាំងប្រដាប់អាវុធថៃបានបើកការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា។ ក្នុងសង្រ្គាមនេះ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ផ្សែងពុល និងអាវុធធន់ធ្ងរជាច្រើនទៀតឈ្លានពានទឹកដីកម្ពុជា។