
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6695 នាក់
ម្សិលមិញ 8146 នាក់
សរុប 18735027 នាក់
ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យកូរ៉េខាងត្បូងចែករំលែក និងផ្តល់ព័ត៌មាន ដែលមានពាក់ព័ន្ធនឹងឧក្រិដ្ឋជននៃបទល្មើសបច្ចេកវិទ្យា ដែលបានសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់ នៅក្នុងប្រទេសកម្ពុជាប៉ុន្តែត្រូវបានចាប់ខ្លួននៅប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន បានលើកសំណើបែបនេះទៅកាន់លោក គឹម ចាងយ៉ុង( Kim Changyong) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ក្នុងជំនួបមួយនៅថ្ងៃទី២៩មករានេះនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ។
សំណើរបស់ សម្តេច ហ៊ុន សែន បង្កប់ដោយមន្ទិលថា តើហេតុអ្វីឧក្រិដ្ឋជនអាចបោកប្រាស់និស្សិតកូរ៉េខាងត្បូងមកសម្លាប់នៅក្នុងប្រទេសកម្ពុជាបាន តែបែរជាត្រូវបានចាប់ខ្លួននៅលើទឹកដីប្រទេសថៃទៅវិញ? ចំពោះលោក ហ៊ុន សែន កូរ៉េខាងត្បូងគួរចែករំលែកព័ត៌មាននេះមកឱ្យកម្ពុជា ដើម្បីធានាតម្លាភាព ខណៈកម្ពុជាក៏ត្រូវឈ្វេងយល់បន្ថែមអំពីរឿងនេះក្នុងការឈានទៅរកដំណោះស្រាយ និងប្រឆាំងបទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។ គួររម្លឹកថា ជនសង្ស័យសំខាន់ ដែលនៅពីក្រោយការធ្វើទារុណកម្ម និងសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជាកាលពីឆ្នាំ២០២៥ ត្រូវបានចាប់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃទី៧មករា ឆ្នាំ២០២៦។
គួររម្លឹកដែរថា ករណីធ្វើទារុណកម្ម និងសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជាកាលពីឆ្នាំ២០២៥នេះ បានកក្រើក និងធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ចេញចំណាត់ការក្ដៅ ធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីដោះស្រាយឧក្រិដ្ឋកម្ម ដែលកំពុងកើនឡើងលើជនជាតិកូរ៉េខាងត្បូង នៅប្រទេសអាស៊ីអាគ្នេយ៍។
បន្ទាប់ពីជំនួបលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងពីប្រសាសន៍ពីធីការថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅពេលនេះ ជាការបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងត្បូងបានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ។
សម្ដេចតេជោបានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង គឺសម្ដេចតេជោបានខិតខំប្រឹងប្រែងពូនជ្រុំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងនឹងសហការគ្នារៀបចំជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ និងបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនជាលំដាប់ និងបន្តដោយការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ទំនាក់ទំនងនេះត្រូវបានពូនជ្រុំបន្ថែមទៀត រហូតដល់ក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។